បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងត្រូវយាងមក ហើយយើងត្រូវជួបជុំនៅចំពោះព្រះអង្គ នោះយើងសូមអង្វរអ្នករាល់គ្នាថា កុំប្រញាប់នឹងជ្រួលច្របល់ ឬស្លន់ស្លោដោយសារវិញ្ញាណណា ពាក្យសម្ដីណា ឬសំបុត្រណា ដែលទំនងជាមកពីយើងក្តី ដែលថាថ្ងៃរបស់ព្រះអម្ចាស់បានមកដល់ហើយនោះឡើយ។ កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាតាមវិធីណាឡើយ ដ្បិតថ្ងៃនោះនឹងមិនមកទេ រហូតទាល់តែមានការបះបោរមកជាមុន ហើយមនុស្សទទឹងច្បាប់លេចមក គឺជាកូននៃសេចក្ដីវិនាស ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។ កាលខ្ញុំនៅជាមួយអ្នករាល់គ្នា ខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្ដីទាំងនេះ តើអ្នករាល់គ្នាមិននឹកចាំឬទេ? ឥឡូវនេះ អ្នករាល់គ្នាដឹងថាអ្វីដែលឃាត់ឃាំងវាហើយ ដើម្បីឲ្យវាបានលេចមកតាមពេលកំណត់របស់វា។ ដ្បិតអាថ៌កំបាំងនៃអំពើទទឹងច្បាប់ កំពុងតែមានសកម្មភាពហើយ ប៉ុន្តែ អ្នកដែលឃាត់ឃាំងវានៅពេលនេះ នឹងបន្តឃាត់ឃាំងរហូតត្រឹមតែពេលដែលត្រូវថយចេញទៅប៉ុណ្ណោះ។ ពេលនោះ អាទទឹងច្បាប់នឹងលេចមក ដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញវា ដោយខ្យល់ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយឲ្យវាវិនាសដោយរស្មីដ៏រុងរឿងនៅពេលព្រះអង្គយាងមក។ អាទទឹងច្បាប់នោះនឹងមកដោយអំណាចរបស់អារក្សសាតាំង ដោយប្រើគ្រប់ទាំងអំណាច ទីសម្គាល់ ការអស្ចារ្យក្លែងក្លាយ និងដោយគ្រប់ទាំងការបោកបញ្ឆោតដ៏អាក្រក់គ្រប់បែបយ៉ាង ដល់អស់អ្នកដែលកំពុងតែវិនាស ព្រោះគេមិនព្រមស្រឡាញ់សេចក្ដីពិត ដើម្បីឲ្យខ្លួនបានសង្គ្រោះទេ។ ហេតុនេះហើយបានជាព្រះចាត់សេចក្ដីភាន់ភាំងដ៏មានអំណាចមកលើគេ បណ្ដាលឲ្យគេជឿតាមសេចក្ដីភូតភរ ដើម្បីឲ្យអស់អ្នកណាដែលមិនជឿតាមសេចក្ដីពិត គឺពេញចិត្តតែនឹងអំពីទុច្ចរិត ត្រូវទទួលទោស។
អាន ២ ថែស្សាឡូនីច 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ថែស្សាឡូនីច 2:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ