២ សាំ‌យូ‌អែល 17:1-23

២ សាំ‌យូ‌អែល 17:1-23 គកស១៦

មួយ​ទៀត អ័ហ៊ី‌ថូផែល លោក​ទូល​ទៅ​អាប់សា‌ឡុម​ថា៖ «សូម​ឲ្យ​ទូល‌បង្គំ​ទៅ​រើស​ទាហាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​នាំ​ចេញ​ទៅ ដេញ​តាម​ដាវីឌ​នៅ​យប់​នេះ​ឯង។ ទូល‌បង្គំ​នឹង​បាន​ទាន់ ក្នុង​កាល​ដែល​កំពុង​តែ​អស់​កម្លាំង ហើយ​មាន​ដៃ​ខ្សោយ រួច​នឹង​ធ្វើ​ឲ្យ​ភ័យ យ៉ាង​នោះ​បណ្ដា​ទ័ព​ទាំង​អស់​ដែល​នៅ​ជា‌មួយ​នឹង​រត់​ចេញ​ទៅ ទូល‌បង្គំ​នឹង​វាយ​តែ​ស្តេច​ប៉ុណ្ណោះ ហើយ​ទូល​បង្គំ​នឹង​នាំ​ប្រជាជន​ទាំង​អស់​មក​ថ្វាយ​ព្រះ​ករុណា​វិញ ទុក​ដូច​ជា​ប្រពន្ធ​វិល​មក​រក​ប្ដីរបស់​ខ្លួន​នៅ​ឯ​ផ្ទះ។ ព្រះ​ករុណាស្វែង​រកតែ​ជីវិត​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ឯ​មនុស្ស​ទាំង​អស់​នឹង​បាន​សេចក្ដី​សុខ»។ ពាក្យ​នោះ​ក៏​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​អាប់សា‌ឡុម និង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា។ ប៉ុន្តែ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​ហ៊ូសាយ​ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ»។ កាល​ហ៊ូសាយ​បាន​មក​ដល់​អាប់សា‌ឡុម​ហើយ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «អ័ហ៊ី‌ថូផែល​បាន​និយាយ​ដូច្នេះ តើ​គួរ​ឲ្យ​យើង​ធ្វើ​តាម​អី? បើ​មិន​គួរ​ទេ សូម​ឆ្លើយ​ប្រាប់​មក​ចុះ»។ ដូច្នេះ ហ៊ូសាយ​ក៏​ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ប្រឹក្សា​ដែល​អ័ហ៊ី‌ថូផែល​បាន​ទូល​ម្តង​នេះ មិន​ល្អ​ទេ ដ្បិត​ទ្រង់​ជ្រាប​ថា បិតា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ ហើយ​មាន​ចិត្ត​ក្តៅ​ក្រហាយ ដូច​ជា​ខ្លា​ឃ្មុំ​ញី​នៅ​វាល​ដែល​ត្រូវ​ព្រាត់​ពី​កូន មួយ​ទៀត បិតា​ទ្រង់​ជា​មនុស្ស​ថ្នឹក​ចម្បាំង​ផង ទ្រង់​មិន​ផ្ទំ​នៅ​ជា‌មួយ​ពួក​ពល​ទេ។ ពេល​ថ្មើរ​នេះ មុខ​ជា​ទ្រង់​ពួន​នៅ​ក្នុង​រណ្តៅ​ណា​មួយ ឬ​នៅ​កន្លែង​ណា​ទៀត​មិន​ខាន ដូច្នេះ កាល​ណា​ចាប់ផ្ដើម​ច្បាំង​គ្នា ហើយ​មាន​ពួក​យើង​ខ្លះ​ដួល​ស្លាប់ នោះ​អ្នក​ណា​ដែល​ឮ គេ​នឹង​ផ្សាយ​ប្រាប់​ថា មាន​ពួក​ខាង​អាប់សា‌ឡុម​ស្លាប់​សន្ធឹក​ហើយ យ៉ាង​នោះ ទោះ​ទាំង​មនុស្ស​ក្លាហាន ដែល​មាន​ចិត្ត​ដូច​ជា​សិង្ហ គេ​នឹង​គ្រាក​ចិត្ត​ដែរ ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ដឹង​ថា បិតា​ទ្រង់ និង​ពួក​ដែល​នៅ​ជា‌មួយ សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន​ណាស់ ឯ​ទូល‌បង្គំ សូម​ថ្វាយ​សេចក្ដី​ដូច្នេះ​ថា គួរ​ឲ្យ​ប្រមូល​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ទ្រង់ ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ទៅ​ដល់​បៀរ-សេបា ដូច​ជា​ខ្សាច់​នៅ​មាត់​សមុទ្រ រួច​យាង​ទៅ​ច្បាំង​ដោយ​អង្គ​ទ្រង់​វិញ។ យ៉ាង​នោះ យើង​ខ្ញុំ​រាល់​គ្នា​នឹង​ទៅ​ទាន់​បិតា​ទ្រង់ នៅ​កន្លែង​ណា​ដែល​រក​ឃើញ ហើយ​នឹង​ស្ទុះ​ទៅ​លើ ដូច​ជា​ទឹក​សន្សើម​ធ្លាក់​មក​លើ​ដី​តែ​ម្តង ឥត​ទុក​ឲ្យ​អ្នក​ណា​មួយ​នៅ​សល់​ឡើយ ទោះ​ទាំង​បិតា និង​ពួក​ដែល​នៅ​ជា‌មួយ​ផង។ ឬ​បើ​បាន​ចូល​ទៅ​ជ្រក​ក្នុង​ទី​ក្រុង​ណា នោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​នឹង​យក​ពួរ​ទៅ​ទាញ​អូស​ទី​ក្រុង​នោះ​ទម្លាក់​ចុះ​ក្នុង​ទន្លេ ដរាប​ដល់​រក​ថ្ម​មួយ​យ៉ាង​តូច នៅ​ទី​នោះ​មិន​ឃើញ​ផង»។ នោះ​អាប់សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​ក៏​ឆ្លើយ​ឡើង​ថា៖ «គំនិត​របស់​ហ៊ូសាយ​ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូផែល» (ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូផែល​ចេញ ដើម្បីនឹង​នាំ​ការ​អាក្រក់​មក​លើ​អាប់សា‌ឡុម​វិញ)។ គ្រា​នោះ ហ៊ូសាយ​រៀបរាប់​ប្រាប់​សង្ឃ​សាដុក និង​សង្ឃ​អ័បៀ‌ថើរ​ថា៖ «អ័ហ៊ី‌ថូផែល​បាន​ទូល​ប្រាប់​ដល់​អាប់សា‌ឡុម និង​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា គួរ​ធ្វើ​ដូច្នេះ​មួយៗ តែ​ខ្ញុំ​បាន​ទូល​យ៉ាង​នេះ​វិញ។ ដូច្នេះ សូម​ចាត់​គេ​ជា​ប្រញាប់ ឲ្យ​ទៅ​ទូល​ដល់​ព្រះ‌ករុណា​ថា "នៅ​យប់​នេះ សូម​ទ្រង់​កុំ​ផ្ទំ​នៅ​ទី​រហោ‌ស្ថាន​ឡើយ សូម​យាង​ឆ្លង​ទៅ​ខាង​មុខ​ទៀត​ទៅ ក្រែង​ព្រះ‌ករុណា និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ត្រូវ​វិនាស​បាត់"»។ រី​ឯ​យ៉ូណា‌ថាន និង​អ័ហ៊ីម៉ាស គេ​នៅ​ត្រង់​អេន-រ៉ូកេល ដ្បិត​គេ​មិន​ហ៊ាន​ចូល​ក្នុង​ទី​ក្រុង​ឲ្យ​អ្នក​ណា​ឃើញ​ទេ ហើយ​មាន​បាវ​ស្រី​ម្នាក់​ទៅ​ប្រាប់ រួច​គេ​ក៏​ទៅ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ។ ប៉ុន្តែ មាន​ក្មេង​ម្នាក់​បាន​ឃើញ ក៏​ទៅ​ក្រាប​ទូល​ដល់​អាប់សា‌ឡុម តែ​អ្នក​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ​ជា​ប្រញាប់ បាន​ទៅ​ដល់​ផ្ទះ​របស់​មនុស្ស​ម្នាក់ នៅ​ត្រង់​បាហ៊ូរីម​ដែល​មាន​អណ្តូង​នៅ​ទី​ធ្លា​ផ្ទះ អ្នក​ទាំង​ពីរ​ក៏​ចុះ​ទៅ​ពួន​ក្នុង​អណ្តូង​នោះ។ ឯ​ស្ត្រី​ជា​ម្ចាស់​ផ្ទះ ក៏​យក​សំពត់​គ្រប​មាត់​អណ្តូង ហើយ​រាយ​ហាល​អង្ករ​ពី​លើ ឥត​មាន​អ្នក​ណា​សង្ស័យ​ឡើយ។ ចំណែក​ពួក​អ្នក​ដែល​អាប់សា‌ឡុម​ចាត់​ប្រើ ក៏​មក​ដល់​ស្រី​នោះ នៅ​ក្នុង​ផ្ទះ​សួរ​ថា៖ «តើ​អ័ហ៊ីម៉ាស និង​យ៉ូណា‌ថាន​នៅ​ឯ​ណា?» តែ​ស្រី​នោះ​ឆ្លើយ​ថា៖ «គេ​បាន​ឆ្លង​ស្ទឹង​ទៅ​បាត់​ហើយ»។ កាល​គេ​ស្វែង​រក​មិន​ឃើញ​សោះ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ។ ពេល​គេ​ចេញ​ទៅ​បាត់​ហើយ នោះ​អ្នក​ទាំង​ពីរ​ក៏​នាំ​គ្នា​ឡើង​ចេញ​ពី​អណ្តូង​មក ទៅ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ ដោយ​ពាក្យ​ថា៖ «សូម​ទ្រង់​តើន​ឡើង​យាង​ឆ្លង​ទឹក​នេះ​ជា​ប្រញាប់​ទៅ ដ្បិត​អ័ហ៊ី‌ថូផែល​បាន​បញ្ចេញ​គំនិត​ទាស់​នឹង​ទ្រង់​យ៉ាង​នេះ​ហើយ»។ ដូច្នេះ ដាវីឌ និង​ពួក​អ្នក​ដែល​នៅ​ជា‌មួយ ក៏​ក្រោក​ឡើង​ឆ្លង​ទន្លេ​យ័រ‌ដាន់ លុះ​ថ្ងៃ​ភឺ្ល​ឡើង គ្រប់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់​ផុត​ឥត​សល់​ម្នាក់​ឡើយ។ ពេល​អ័ហ៊ី‌ថូផែល​ឃើញ​ថា គេ​មិន​បាន​តាម​គំនិត​ខ្លួន​ដូច្នោះ នោះ​លោក​ក៏​ចង​កែប​លា ជិះ​ត្រឡប់​ទៅ​ដល់​ផ្ទះ នៅ​ទី​ក្រុង​របស់​លោក​វិញ ចាត់‌ចែង​ការ​ក្នុង​ផ្ទះ​ស្រេច​ហើយ រួច​ចង​ក​ស្លាប់​ទៅ គេ​បញ្ចុះ​សព​លោក​នៅ​ក្នុង​ផ្នូរ​របស់​ឪពុក​លោក។