ព្រះយេហូវ៉ាបានចាត់ណាថាន់ ឲ្យទៅគាល់ព្រះបាទដាវីឌ លោកក៏ទៅគាល់ទ្រង់ ទូលដូច្នេះថា៖ «នៅទីក្រុងមួយមានមនុស្សពីរនាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ អ្នកដែលមាននោះ មានចៀម និងគោយ៉ាងសន្ធឹក តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀមមួយ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចម្រើនធំឡើងនៅជាមួយគាត់ និងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន។ គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ»។ ដូច្នេះ ព្រះបាទដាវីឌខ្ញាល់នឹងអ្នកនោះជាខ្លាំង ក៏មានរាជឱង្ការទៅណាថាន់ថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះ គួរស្លាប់ហើយ ត្រូវឲ្យវាសងមួយជាបួនជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ»។ នោះណាថាន់ទូលតបថា៖ «ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា យើងបានចាក់ប្រេងតាំងឯងឡើងជាស្តេចនៃសាសន៍អ៊ីស្រាអែល ក៏បានជួយឯងឲ្យរួចពីកណ្ដាប់ដៃរបស់សូល ហើយបានប្រគល់ដំណាក់ និងប្រពន្ធទាំងប៉ុន្មានរបស់ចៅហ្វាយឯង មកឲ្យឯងឱបនៅនាទ្រូង ព្រមទាំងឲ្យពូជពង្សអ៊ីស្រាអែល និងយូដា មកក្នុងអំណាចឯងដែរ បើនៅមិនល្មមគ្រាន់ នោះយើងនឹងបន្ថែមយ៉ាងនេះមួយៗឲ្យថែមទៀត ហេតុអ្វីបានជាឯងមើលងាយ ឆ្ពោះព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្ររបស់ព្រះអង្គដូច្នេះ ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចាំមើល យើងនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែយើងនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ"»។ ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។ ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។ បន្ទាប់មក ណាថាន់ក៏វិលទៅផ្ទះលោកវិញ។ ព្រះយេហូវ៉ាបានប្រហារបុត្រដែលប្រពន្ធអ៊ូរីបានបង្កើតឲ្យដាវីឌ ឲ្យមានជំងឺឈឺជាខ្លាំង។ ព្រះបាទដាវីឌក៏សូមអង្វរដល់ព្រះពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញមួយយប់នោះ។ ពួកចាស់ទុំនៅដំណាក់ ក៏ក្រោកទៅរកទ្រង់ ចង់លើកឲ្យតើនពីដីឡើង តែទ្រង់មិនព្រមទេ ក៏មិនព្រមសោយជាមួយគេដែរ។ ដល់ថ្ងៃទីពីរ បុត្រនោះក៏សុគតទៅ ហើយពួកអ្នកបម្រើរបស់ដាវីឌខ្លាចមិនហ៊ានទូលទ្រង់ឲ្យជ្រាបថា បុត្រនោះសុគតទេ ដោយគិតគ្នាថា «កាលបុត្រមានព្រះជន្មរស់នៅឡើយ យើងបានទូលអង្វរដល់ទ្រង់ តែទ្រង់មិនព្រមស្តាប់តាមយើងទៅហើយ ចំណង់បើយើងទូលទ្រង់ឲ្យជ្រាបពីបុត្រសុគតទៀត តើនឹងធ្វើឲ្យទ្រង់កើតទុក្ខយ៉ាងណាទៅទៀត»។ ប៉ុន្តែ កាលដាវីឌឃើញថា ពួកអ្នកបម្រើកំពុងតែខ្សឹបគ្នាដូច្នោះ ទ្រង់យល់ឃើញថា ប្រាកដជាបុត្របានសុគតហើយ ក៏សួរពួកអ្នកបម្រើថា៖ «បុត្ររបស់យើងសុគតហើយឬ?» គេទូលឆ្លើយថា៖ «សុគតហើយ»។ ព្រះបាទដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សម្លៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា។ ក្រោយមក ពេលព្រះអង្គបានត្រឡប់ចូលមកក្នុងដំណាក់វិញ ទ្រង់បង្គាប់ដល់ពួកអ្នកបម្រើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ។ ដូច្នេះ ពួកមហាតលិកទូលសួរថា៖ «ម្តេចក៏ទ្រង់ធ្វើដូច្នេះ? កាលបុត្រនៅមានព្រះជន្មនៅឡើយ ទ្រង់បានតមព្រះស្ងោយ ហើយសោយសោកនឹងបុត្រ តែកាលបុត្រសុគតហើយ ទ្រង់បែរជាតើនឡើង សោយព្រះស្ងោយវិញ»។ ព្រះបាទដាវីឌមានរាជឱង្ការតបថា៖ «កាលបុត្រមានព្រះជន្មនៅឡើយ យើងបានតម ហើយយំ ដោយគិតថា ប្រហែលជាព្រះយេហូវ៉ានឹងប្រោសមេត្តាដល់យើង ឲ្យបុត្រមានព្រះជន្មរស់ តែឥឡូវនេះ បុត្រសុគតទៅហើយ តើយើងនៅតមអត់ធ្វើអ្វីទៀត តើយើងអាចនាំបុត្រឲ្យត្រឡប់មកវិញបានដែរឬ? យើងនឹងទៅឯវា តែវាមិនអាចត្រឡប់មកឯយើងវិញឡើយ»។ ដាវីឌក៏ជួយកម្សាន្តទុក្ខនាងបាតសេបា ជាភរិយាទ្រង់ដែរ រួចចូលទៅរួមបន្ទំជាមួយនាង ហើយនាងប្រសូតបានបុត្រាមួយអង្គទៀត ទ្រង់ប្រទានព្រះនាមថា សាឡូម៉ូន។ ព្រះយេហូវ៉ាមានព្រះហឫទ័យស្រឡាញ់បុត្រនោះ ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។ លោកយ៉ូអាប់កំពុងច្បាំងនឹងក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ក៏វាយចាប់យកក្រុងហ្លួងបាន រួចលោកចាត់គេឲ្យទៅទូលដាវីឌថា៖ «ទូលបង្គំបានចូលទៅវាយក្រុងរ៉ាបាត ហើយចាប់យកបានប៉ែកនៅខាងមាត់ទឹកហើយ។ ដូច្នេះ សូមទ្រង់ប្រមូលពួកពលទ័ពដែលនៅសល់ មកបោះទ័ព ចាប់យកទីក្រុងនោះចុះ ក្រែងទូលបង្គំវាយយកបាន ហើយគេតាំងឈ្មោះក្រុងនោះតាមឈ្មោះទូលបង្គំ»។ ព្រះបាទដាវីឌក៏ប្រមូលពួកពលព័ទទាំងអស់ ទៅវាយយកក្រុងរ៉ាបាតបាន។
អាន ២ សាំយូអែល 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 12:1-29
13 ថ្ងៃ។
រឿងនៃទំនាក់ទំនងរបស់អ៊ីស្រាអែលជាមួយព្រះបន្តជាមួយនឹងការណែនាំរបស់ព្យាការីក្នុងបញ្ជីនៃរបៀបដែលព្រះភ្ជាប់ជាមួយនឹងរាស្ដ្ររបស់ទ្រង់។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ 2 សាំយូអែល នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ