ស្តេចបានចាត់គេឲ្យទៅប្រមូលពួកចាស់ទុំទាំងប៉ុន្មាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមមកប្រជុំគ្នា។ រួចស្តេចយាងឡើងទៅឯព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងពួកស្រុកយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិមទាំងប៉ុន្មាន ពួកសង្ឃ ពួកហោរា និងប្រជាជនទាំងអស់ ទាំងតូច ទាំងធំផង ទ្រង់ក៏អានមើលអស់ទាំងព្រះបន្ទូលនៅក្នុងគម្ពីរ ជាសេចក្ដីសញ្ញាដែលបានឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ឲ្យគេស្តាប់។ ស្ដេចឈរនៅលើវេទិកា ចុះសញ្ញានឹងព្រះយេហូវ៉ា ឲ្យបានដើរតាមព្រះយេហូវ៉ា ហើយកាន់តាមបទក្រឹត្យក្រម បទបញ្ជា និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន អស់អំពីចិត្ត ហើយអស់អំពីព្រលឹងទ្រង់ ដើម្បីសម្រេចតាមអស់ទាំងពាក្យនៃសញ្ញាដែលកត់ទុកនៅក្នុងគម្ពីរនេះ ហើយបណ្ដាជនទាំងឡាយក៏យល់ព្រមតាមដែរ។ ស្ដេចបង្គាប់ដល់ហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងពួកសង្ឃជាបន្ទាប់ ព្រមទាំងពួកអ្នកឆ្មាំទ្វារ ឲ្យយកប្រដាប់ប្រដាទាំងអស់ ដែលបានធ្វើសម្រាប់ព្រះបាល សម្រាប់រូបព្រះ និងសម្រាប់ពួកពលនៅលើមេឃ ចេញពីព្រះវិហាររបស់ព្រះយេហូវ៉ា រួចទ្រង់ដុតចោលទាំងអស់នៅខាងក្រៅក្រុងយេរូសាឡិម ត្រង់វាលក្បែរជ្រោះកេដ្រុន ហើយក៏យកផេះទៅក្រុងបេត-អែល។ ទ្រង់បំបាត់ពួកសង្ឃរបស់រូបព្រះ ដែលពួកស្តេចយូដាបានតាំងឲ្យដុតកំញាននៅលើទីខ្ពស់ទាំងប៉ុន្មាន នៅទីក្រុងនៃស្រុកយូដា ហើយនៅទីជុំវិញក្រុងយេរូសាឡិមទាំងអស់ ព្រមទាំងពួកសង្ឃដែលដុតកំញានថ្វាយដល់ព្រះបាល ព្រះអាទិត្យ ព្រះចន្ទ ចក្ររាសី និងពួកពលបរិវារនៅលើមេឃទាំងប៉ុន្មាន។ ទ្រង់ក៏យករូបព្រះចេញពីព្រះវិហាររបស់ព្រះយេហូវ៉ាទៅដល់ជ្រោះកេដ្រុន ខាងក្រៅក្រុងយេរូសាឡិម ដុតនៅទីនោះ រួចវាយកម្ទេចជាធូលី ហើយបាចទៅលើផ្នូររបស់ពួកអ្នកស្រុក ។ ទ្រង់បានបំផ្លាញកន្លែងរបស់ពួករួមសង្វាស់ភេទដូចគ្នា ដែលនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ជាកន្លែងដែលពួកស្រីៗត្បាញពិតាន សម្រាប់រូបព្រះអាសេរ៉ាដែរ។ ទ្រង់នាំពួកសង្ឃចេញពីទីក្រុងស្រុកយូដាទាំងអស់ ទៅធ្វើបង្អាប់ដល់អស់ទាំងទីខ្ពស់ ដែលពួកសង្ឃបានដុតកំញាន ចាប់ពីក្រុងកេបារហូតដល់បៀរ-សេបា។ ទ្រង់ក៏បំផ្លាញទីខ្ពស់នៃទ្វារក្រុង ដែលនៅខាងឆ្វេងដៃនៃខ្លោងទ្វាររបស់យ៉ូស្វេ ជាចៅហ្វាយក្រុង។ ឯពួកសង្ឃនៃទីខ្ពស់ទាំងនោះ គេមិនបានឡើងទៅដល់អាសនាព្រះយេហូវ៉ានៅក្រុងយេរូសាឡិមទេ តែគេបរិភោគនំបុ័ងឥតដំបែនៅជាមួយពួកបងប្អូនគេដែរ។ ទ្រង់ក៏ធ្វើបង្អាប់ដល់តំបន់តូផែត ដែលនៅក្នុងច្រកភ្នំរបស់ពួកកូនចៅហ៊ីនណម ដើម្បីមិនឲ្យមានអ្នកណាធ្វើឲ្យកូនប្រុស ឬកូនស្រីឆ្លងកាត់ភ្លើងថ្វាយព្រះម៉ូឡុកទៀតឡើយ។ ទ្រង់បំបាត់សេះទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានថ្វាយដល់ព្រះអាទិត្យដែលនៅមាត់ទ្វារព្រះវិហាររបស់ព្រះយេហូវ៉ា ក្បែរបន្ទប់របស់នេថាន-មេលេក ជាមេដែលនៅតំបន់ក្រៅ ហើយក៏ដុតរថនៃព្រះអាទិត្យចោល។ ឯអាសនាដែលពួកស្តេចយូដាបានធ្វើនៅលើដំបូលបន្ទប់ខាងលើរបស់អ័ហាស និងអាសនាដែលម៉ាណាសេបានធ្វើនៅក្នុងទីលានទាំងពីររបស់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះស្តេចក៏បំបែកបំបាក់ចេញពីនោះ បោះកម្ទេចចោលទៅក្នុងជ្រោះកេដ្រុនទៅ។ ស្ដេចបានបំផ្លាញទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោចិ៍ ដែលព្រះបាទសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយតង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្ដេចក៏ធ្វើបង្អាប់ទាំងអស់ដែរ។ ទ្រង់ក៏វាយបំបាក់ស្តូបទាំងអស់ ដែលសម្រាប់គោរព ហើយរំលំបង្គោលសក្ការៈ រួចយកឆ្អឹងមនុស្សមករាយពេញកន្លែងនោះ។ អាសនាដែលនៅត្រង់ក្រុងបេត-អែល និងទីខ្ពស់ ដែលយេរ៉ូបោមកូននេបាត ជាអ្នកដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាប បានធ្វើ ទ្រង់ក៏បំបែកបំបាក់អាសនា និងទីខ្ពស់ ព្រមទាំងដុតទីខ្ពស់នោះ វាយកម្ទេចចោលជាធូលី ហើយដុតបង្គោលសក្ការៈ ដែរ។ ព្រះបាទយ៉ូសៀសបែរទតទៅឃើញផ្នូរខ្មោចនៅភ្នំ រួចទ្រង់ចាត់គេឲ្យទៅយកឆ្អឹងពីផ្នូរទាំងនោះ មកដុតលើអាសនា ធ្វើបង្អាប់ដល់អាសនានោះ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលអ្នកសំណព្វរបស់ព្រះបានប្រកាសទុក គឺជាអ្នកដែលបានថ្លែងទំនាយប្រាប់ពីការទាំងនោះ។ បន្ទាប់មក ទ្រង់មានរាជឱង្ការសួរថា៖ «តើផ្នូរអ្វីដែលយើងឃើញនោះ?» ពួកអ្នកក្រុងនោះទូលឆ្លើយថា៖ «គឺជាផ្នូរអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដា ហើយបានថ្លែងទំនាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសម្រេចដល់អាសនាបេត-អែលនេះ»។ ទ្រង់មានរាជឱង្ការថា៖ «ទុកចុះ កុំឲ្យអ្នកណាទៅរើឆ្អឹងគាត់ឡើយ» ដូច្នេះ គេក៏ទុកឆ្អឹងគាត់ ព្រមទាំងឆ្អឹងរបស់ហោរាដែលមកពីសាម៉ារីនោះដែរ។ ម្យ៉ាងទៀត ព្រះបាទយ៉ូសៀសបានលុបបំបាត់អស់ទាំងទីសក្ការៈតាមទីខ្ពស់ៗ ក្នុងទីក្រុងនៃស្រុកសាម៉ារីទាំងប៉ុន្មាន ដែលពួកស្តេចអ៊ីស្រាអែលបានធ្វើ ដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ ទ្រង់បានធ្វើដល់ទីទាំងនោះ ដូចដែលទ្រង់បានធ្វើនៅត្រង់បេត-អែលដែរ។ ទ្រង់សម្លាប់ពួកសង្ឃទាំងអស់នៃទីខ្ពស់ដែលនៅក្នុងស្រុកនោះ នៅលើអាសនា ព្រមទាំងដុតឆ្អឹងខ្មោចនៅលើអាសនានោះផង រួចទ្រង់វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ស្ដេចបង្គាប់ដល់បណ្ដាជនទាំងឡាយថា៖ «ចូរធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដូចបានចែងទុកមកក្នុងគម្ពីរនៃសេចក្ដីសញ្ញានេះ»។ ដ្បិតគេមិនដែលបានប្រារព្ធពិធីបុណ្យរំលងបែបនេះ តាំងពីគ្រាពួកចៅហ្វាយដែលគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចអ៊ីស្រាអែល ឬគ្រារបស់ពួកស្តេចយូដាទាំងប៉ុន្មានរហូតមក គឺនៅឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទយ៉ូសៀស ដែលគេធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម។ មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ កាលពីមុន មិនដែលមានស្តេចណាដូចទ្រង់ ដែលបានត្រឡប់មករកព្រះយេហូវ៉ាអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកម្លាំង តាមគ្រប់ទាំងក្រឹត្យវិន័យរបស់លោកម៉ូសេឡើយ ហើយក្រោយមកទៀត ក៏មិនដែលមានដែរ។ ប៉ុន្តែ ព្រះយេហូវ៉ានៅតែមិនបានដកសេចក្ដីក្រោធយ៉ាងខ្លាំងរបស់ព្រះអង្គ ដែលឆួលឡើងទាស់នឹងពួកយូដា ដោយព្រោះអស់ទាំងសេចក្ដីចាក់រុក ដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងព្រះអង្គនោះឡើយ។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងដកពួកយូដាពីមុខយើងចេញ ដូចជាយើងបានដកពួកអ៊ីស្រាអែលចេញដែរ ហើយយើងនឹងបោះបង់ក្រុងយេរូសាឡិមនេះ ដែលយើងបានរើស និងព្រះវិហារដែលយើងបានថា ឈ្មោះយើងនឹងនៅទីនេះ»។ រាជកិច្ចផ្សេងៗរបស់ព្រះបាទយ៉ូសៀស និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើ នោះបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចយូដា។ នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។ ពួកអ្នកបម្រើរបស់ទ្រង់ បានដឹកសពទ្រង់លើរទេះពីមេគីដោ ទៅដល់ក្រុងយេរូសាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ផ្ទាល់។ រួចពួកអ្នកស្រុកបានលើកយ៉ូអាហាស ជាបុត្រារបស់ព្រះបាទយ៉ូសៀស ចាក់ប្រេងតាំងឡើងជាស្តេចជំនួសបិតា។
អាន ២ ពង្សាវតារក្សត្រ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ ពង្សាវតារក្សត្រ 23:1-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ