២ របា‌ក្សត្រ 24

24
ព្រះបាទ​យ៉ូអាស​ជួស‌ជុល​ព្រះ‌វិហារ
1កាល​ព្រះបាទ​យ៉ូអាស​ឡើង​សោយ‌រាជ្យ នោះ​មាន​ព្រះ‌ជន្ម​ប្រាំពីរ​ព្រះវស្សា ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សែសិប​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ថា​ស៊ីបយ៉ា ជា​អ្នក​ក្រុង​បៀរ-សេបា។ 2ព្រះបាទ​យ៉ូអាស​បាន​ប្រព្រឹត្ត​សេចក្ដី​ដ៏​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា អស់​មួយ​ជីវិត​របស់​សង្ឃ​យេហូ‌យ៉ា‌ដា។ 3យេហូ‌យ៉ា‌ដា​ក៏​រក​បាន​នាង​ពីរ​នាក់​ថ្វាយ​ទ្រង់​ជា​ភរិយា ហើយ​ទ្រង់​បង្កើត​បាន​បុត្រា​បុត្រី​ជា​ច្រើន។
4ក្រោយ​មក ព្រះបាទ​យ៉ូអាស​មាន​ព្រះ‌ហឫ‌ទ័យ​ចង់​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ាឲ្យ​ដូច​ដើម​វិញ។ 5ទ្រង់​ក៏​ប្រមូល​ពួក​សង្ឃ និង​ពួក​លេវី​មក​បង្គាប់​ថា៖ «ចូរ​ចេញ​ទៅ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា រៃ​ប្រាក់​ពី​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​រាល់​តែ​ឆ្នាំ ដើម្បី​នឹង​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ប្រឹង‌ប្រែង​ផង»។ ប៉ុន្តែ ពួក​លេវី​មិន​បាន​ប្រឹង‌ប្រែង​ឡើយ។ 6ដូច្នេះ ស្ដេច​ហៅ​សម្ដេច​សង្ឃ​យេហូ‌យ៉ា‌ដា​មក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​បង្ខំ​ឲ្យ​ពួក​លេវី​ទៅ​ហូត​ពន្ធ​ពី​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម​ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា និង​ក្រុម​ជំនុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​បង្គាប់ ទុក​សម្រាប់​ត្រសាល​នៃ​សេចក្ដី​សញ្ញា​ដូច្នេះ? 7ដ្បិត​ពួក​បុត្រ​របស់​នាង​អ័ថា‌លា ជា​ស្រី​ដ៏​អាក្រក់​នោះ បាន​បំបាក់​បំបែក​ព្រះ‌ដំណាក់​របស់​ព្រះ​ហើយ ព្រម​ទាំង​យក​គ្រឿង​ប្រដាប់​បរិសុទ្ធ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា ទៅ​ថ្វាយ​ដល់​ព្រះ‌បាល»។
8ដូច្នេះ ស្ដេច​ចេញ​បង្គាប់ ហើយ​គេ​ក៏​ធ្វើ​ហិប​មួយ​ដាក់​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។ 9រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន​ដែរ។ 10នោះ​ពួក​អ្នក​ដែល​ជា​ប្រធាន និង​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ ហើយ​យក​ប្រាក់​មក​ដាក់​ក្នុង​ហិប ដរាប​ដល់​បាន​គ្រប់។ 11វេលា​ណា​ដែល​ពួក​លេវី​ឃើញ​មាន​ប្រាក់​ច្រើន​ហើយ នោះ​ក៏​នាំ​យក​ហិប​ចូល​ទៅ​ឯ​ពួក​ភ្នាក់​ងារ​របស់​ស្តេច ហើយ​ស្មៀន​ហ្លួង និង​អ្នក​ដំណាង​សម្ដេច​សង្ឃ ក៏​ចូល​មក​ចាក់​ចេញ​យក​ប្រាក់​ទៅ​ទុក រួច​គេ​យក​ហិប​ទៅ​ដាក់​នៅ​កន្លែង​ដើម​វិញ គេ​ធ្វើ​ដូច្នោះ​រាល់​ថ្ងៃ ហើយ​បាន​ប្រាក់​ជា​បរិបូរ។ 12ស្តេច និង​យេហូ‌យ៉ា‌ដា ក៏​ប្រគល់​ប្រាក់​នោះ​ឲ្យ​ដល់​ពួក​អ្នក​ដែល​ត្រួត​មើល​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា អ្នក​ទាំង​នោះ​ក៏​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ឲ្យ​រៀបចំ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ថ្មី ព្រម​ទាំង​ពួក​ជាង​ដែក ជាង​លង្ហិន ឲ្យ​ជួស‌ជុល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ដែរ។ 13ដូច្នេះ ពួក​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ការ ហើយ​ការ​ជួស‌ជុល​ក៏​ចម្រើន​ឡើង ដោយ‌សារ​ដៃ​គេ គេ​បាន​រៀបចំ​ព្រះ‌ដំណាក់​នៃ​ព្រះ​តាម​សណ្ឋាន​ដើម​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​មាំ‌មួន​ជាង​ទៅ​ទៀត។ 14គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ ក៏​យក​ប្រាក់​ដែល​នៅ​សល់​ទៅ​ថ្វាយ​ស្តេច និង​យេហូ‌យ៉ា‌ដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សម្រាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​តង្វាយ ព្រម​ទាំង​កូន​ចាន និង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាស និង​ប្រាក់ រួច​ការ​ថ្វាយ​តង្វាយ​ដុត​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជា‌និច្ច គ្រប់​មួយ​ជីវិត​របស់​យេហូ‌យ៉ា‌ដា។
ការ​បោះបង់របស់​ព្រះបាទ​យ៉ូអាស
15ប៉ុន្តែ យេហូ‌យ៉ា‌ដា លោក​កាន់​តែ​ចាស់​ទៅ លោក​បាន​ស្កប់​ចិត្ត​នឹង​អាយុ​លោក ហើយ​ក៏​ស្លាប់​ទៅ កាល​លោក​ស្លាប់ នោះ​មាន​អាយុ​មួយ​រយ​សាម​សិប​ឆ្នាំ។ 16គេ​បញ្ចុះ​សព​លោក​នៅ​ជា‌មួយ​ពួក​ស្តេច នៅ​ក្នុង​ក្រុង​ដាវីឌ ព្រោះ​លោក​បាន​ធ្វើ​ល្អ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ហើយ​ចំពោះ​ព្រះ និង​ព្រះ‌វិហារ​ព្រះ‌អង្គ​ផង។ 17កាល​យេហូ‌យ៉ា‌ដា​បាន​ស្លាប់​ទៅ​ហើយ ពួក​ដែល​ជា​ប្រធាន​ក្នុង​ស្រុក​យូដា គេ​ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ដល់​ស្តេច ហើយ​ទ្រង់​ក៏​ស្តាប់​តាម​គេ។ 18ដូច្នេះ គេ​បោះ‌បង់​ចោល​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ ទៅ​គោរព​ប្រតិ‌បត្តិ​បង្គោល​សក្ការៈ និង​អ្នក​តា​វិញ ហើយ​មាន​សេចក្ដី​ក្រោធ​មក​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​ការ​កំហុស​ដែល​គេ​ប្រព្រឹត្ត​នោះ។ 19ប៉ុន្តែ ទ្រង់​ក៏​ចាត់​ពួក​ហោរា​ទៅ​ឯ​គេ​ដែរ ដើម្បី​នឹង​ទាញ​នាំ​គេ​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ឯ​ពួក​ហោរា​នោះ លោក​ក៏​ចាប់​ទោស​គេ តែ​គេ​មិន​ព្រម​ទទួល​ស្តាប់​ឡើយ។
20ពេល​នោះ ព្រះ‌វិញ្ញាណរបស់​ព្រះយាង​មក​សណ្ឋិត​លើ​សាការី ជា​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា លោក​ឈរ​នៅ​មុខ​បណ្ដា‌ជន​ពោល​ថា៖ «ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រំលង​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ? ធ្វើ​យ៉ាង​នេះ អ្នក​រាល់​គ្នា​មិន​អាច​ចម្រុង​ចម្រើន​បាន​ទេ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ»។ 21ប៉ុន្តែ គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​គប់​ដុំ​ថ្មសម្លាប់​លោក នៅ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច។ 22ការ​នេះ ដែល​ព្រះបាទ​យ៉ូអាស​បាន​រមឹល​គុណ​របស់​យេហូ‌យ៉ា‌ដា ជា​ឪពុក​សាការី ដែល​លោក​បាន​ផ្តល់​ចំពោះ​ទ្រង់ គឺ​ទ្រង់​បាន​សម្លាប់​កូន​លោក​វិញ កាល​សាការី​ហៀប​នឹង​ស្លាប់​ទៅ លោក​ពោល​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ទត​មើល ហើយ​សម្រេច​តាម​យុត្តិ‌ធម៌​ចុះ»។
ព្រះបាទ​យ៉ូអាសសោយ​ទិវង្គត
23នៅ​ចុង​ឆ្នាំ​នោះ កង‌ទ័ព​សាសន៍​ស៊ីរី​ឡើង​មក​ច្បាំង​នឹង​ទ្រង់ គេ​ចូល​មក​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម បំផ្លាញ​ពួក​ដែល​ជា​ប្រធាន​ក្នុង​បណ្ដា‌ជន​ទាំង​អស់ ហើយ​រឹប​យក​របស់​ទាំង​ប៉ុន្មាន​នោះ ផ្ញើ​ទៅ​ថ្វាយ​ដល់​ស្តេច​ក្រុង​ដាម៉ាស។ 24ពួក​ពល‌ទ័ព​ស៊ីរី​បាន​មក​មាន​គ្នា​តែ​បន្តិច​ទេ តែ​ព្រះ‌យេហូវ៉ា​ប្រគល់​ពល‌ទ័ព​យ៉ាង​សន្ធឹក ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដោយ​ព្រោះ​ពួក​ខាង​ព្រះបាទ​យ៉ូអាស​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​ខ្លួន​ហើយ គឺ​យ៉ាង​នោះ​ដែល​បាន​សម្រេច​ទោស​ដល់​ព្រះបាទ​យ៉ូអាស។
25ពេល​ពួក​ស៊ីរី​បាន​ថយ​ចេញ​ពី​ទ្រង់​ទៅ ទុក​ទ្រង់​ឲ្យ​នៅ​ទាំង​ឈឺ​ខ្លាំង នោះ​ពួក​មហា‌តលិក​ទ្រង់​មាន​គំនិត​គិត​ក្បត់​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឈាម​នៃ​កូន​របស់​សង្ឃ​យេហូ‌យ៉ា‌ដា ក៏​ធ្វើ​គុត​ទ្រង់​នៅ​ក្នុង​ក្រឡា​បន្ទំ រួច​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ តែ​មិន​មែន​ក្នុង​ផ្នូរ​របស់​ពួក​ស្តេច​ទេ។ 26ឯ​ពួក​អ្នក​ដែល​គិត​ក្បត់​ចំពោះ​ទ្រង់​នោះ គឺ​សាបាឌ ជា​កូន​នាង​ស៊ីមាត សាសន៍​អាំម៉ូន​មួយ និង​យ៉ូសា‌បាឌ ជា​កូន​នាង​ស៊ីមរីត សាសន៍​ម៉ូអាប់​មួយ។ 27រីឯ​កិច្ច‌ការ​របស់​ពួក​‌បុត្រា​ទ្រង់ និង​បន្ទុក​យ៉ាង​ធ្ងន់​ដែល​បាន​ពោល​ពី​ទ្រង់ ព្រម​ទាំង​ការ​តាំង​ព្រះ‌ដំណាក់​របស់​ព្រះ​ឡើង​ជា​ថ្មី នោះ​បាន​កត់​ទុក​ក្នុង​សៀវភៅ​បរិយាយ​ពី​ពួក​ស្តេច​ហើយ។ រួច​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​‌បិតា។

ទើបបានជ្រើសរើសហើយ៖

២ របា‌ក្សត្រ 24: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល