១ សាំយូអែល 17:45-58
១ សាំយូអែល 17:45-58 គកស១៦
ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត ហើយឲ្យជំនុំមនុស្សទាំងនេះបានដឹងថា ព្រះយេហូវ៉ាមិនសង្គ្រោះដោយសារដាវ ឬលំពែងទេ ដ្បិតចម្បាំងនេះស្រេចនៅព្រះយេហូវ៉ា គឺព្រះអង្គនឹងប្រគល់អ្នករាល់គ្នាមកក្នុងកណ្ដាប់ដៃរបស់យើង»។ កាលសាសន៍ភីលីស្ទីនម្នាក់នោះបានចូលមកជិត ដើម្បីជួបនឹងដាវីឌ នោះដាវីឌក៏ប្រញាប់ប្រញាល់រត់ចូលទៅខាងគេ ដើម្បីតទល់គ្នា។ ដាវីឌលូកដៃទៅក្នុងថង់យាម ចាប់យកក្រួសមួយគ្រាប់បាញ់ទៅ ត្រូវចំត្រង់ថ្ងាសសាសន៍ភីលីស្ទីននោះ ទ្រុឌចូលទៅក្នុងថ្ងាស ហើយវាក៏ដួលផ្កាប់មុខនៅដីទៅ។ ដូច្នេះ ដាវីឌបានឈ្នះសាសន៍ភីលីស្ទីនម្នាក់នោះ ដោយសារតែខ្សែដង្ហក់ និងក្រួសមួយគ្រាប់ប៉ុណ្ណោះ គឺបានប្រហារសាសន៍ភីលីស្ទីនឲ្យស្លាប់ ដោយឥតមានកាន់ដាវនៅដៃឡើយ រួចក៏រត់ទៅឈរនៅលើវា ចាប់ហូតយកដាវរបស់វាចេញពីស្រោមមកសម្លាប់វាទៅ និងកាត់ក្បាលផង កាលពួកទ័ពភីលីស្ទីនបានឃើញថា ទាហានតំណាងរបស់គេបានស្លាប់ហើយ នោះគេក៏រត់អស់រលីង។ ឯពួកអ៊ីស្រាអែល និងពួកយូដាក៏ក្រោកឡើងស្រែកហ៊ោទាំងអស់គ្នា ដេញតាមពួកភីលីស្ទីនទៅក្នុងវាលច្រកភ្នំ រហូតដល់ទ្វារក្រុងអេក្រុន ហើយពួកភីលីស្ទីនដែលត្រូវរបួស គេក៏ដួលតាមផ្លូវដែលទៅស្អារ៉ែម រហូតដល់ក្រុងកាថ និងក្រុងអេក្រុន នោះពួកកូនចៅអ៊ីស្រាអែល គេវិលត្រឡប់ពីដេញតាមពួកភីលីស្ទីនមកវិញ ចូលចាប់យកទីបោះទ័ពរបស់គេ ចំណែកដាវីឌក៏យកក្បាលសាសន៍ភីលីស្ទីននោះទៅដល់ក្រុងយេរូសាឡិម ឯគ្រឿងប្រដាប់របស់វាទាំងប៉ុន្មានយកទៅទុកនៅក្នុងជំរំរបស់ខ្លួន។ ពេលស្ដេចសូលឃើញដាវីឌចេញទៅទាស់នឹងសាសន៍ភីលីស្ទីន នោះក៏សួរអ័ប៊ីនើរជាមេទ័ពទ្រង់ថា៖ «អ័ប៊ីនើរអើយ តើក្មេងនោះជាកូនអ្នកណា?» អ័ប៊ីនើរទូលឆ្លើយថា៖ «ឱព្រះករុណាអើយ ទូលបង្គំស្បថដោយនូវព្រះជន្មទ្រង់ដ៏រស់នៅថា ទូលបង្គំមិនដឹងសោះឡើយ»។ ស្តេចក៏បង្គាប់ថា៖ «ចូរស៊ើបសួរមើល តើក្មេងជំទង់នេះជាកូនរបស់អ្នកណា?» ដូច្នេះ កាលដាវីឌបានត្រឡប់មកពីសម្លាប់សាសន៍ភីលីស្ទីនវិញ នោះអ័ប៊ីនើរក៏នាំចូលទៅចំពោះសូល មានទាំងក្បាលសាសន៍ភីលីស្ទីននោះកាន់នៅដៃផង។ ស្ដេចសូលមានរាជឱង្ការសួរថា៖ «អ្នកកំលោះអើយ តើឯងជាកូនអ្នកណា?» ដាវីឌទូលឆ្លើយថា៖ «ទូលបង្គំជាកូនរបស់លោកអ៊ីសាយជាអ្នកបម្រើរបស់ទ្រង់ ដែលនៅភូមិបេថ្លេហិម»។


