១ សាំ‌យូ‌អែល 17:1-30

១ សាំ‌យូ‌អែល 17:1-30 គកស១៦

ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​ទ័ព​មក​ដើម្បី​ច្បាំង គេ​ប្រមូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​ត្រង់​អេភេស-ដាំមីម ចន្លោះ​រវាង​សូគរ និង​អាសេកា។ ឯ​ស្ដេច​សូល និង​ពួក​ទ័ព​អ៊ីស្រា‌អែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​តម្រៀប​ពល​ដើម្បី​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន។ ពួក​ភីលី‌ស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​កណ្ដាល។ លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលី‌ស្ទីន​មក អ្នក​នោះ​មាន​កម្ពស់​ប្រាំមួយ​ហត្ថ​មួយ​ចំអាម ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទម្ងន់​ប្រាំ​ពាន់​សេកែល។ គាត់​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ដែក​ពួយ​លង្ហិន​ស្ពាយ​ជាប់​នឹង​ខ្នង។ ឯ​ដង​លំពែង​របស់​គាត់​មាន​រាង​ដូច​ផ្សំ​កី​តម្បាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទម្ងន់​ប្រាំមួយ​រយ​សេកែល មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​តម្រៀប​ទ័ព​ច្បាំង​ដូច្នេះ? តើ​យើង​នេះ​មិន​មែន​ជា​សាសន៍​ភីលី‌ស្ទីន ហើយ​អ្នក​រាល់​គ្នា​ជា​កញ្ជះ​របស់​សូល​ទេ​ឬ? ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​យើង​មើល បើ​វា​អាច​ត​ដៃ​សម្លាប់​យើង​បាន យើង​នឹង​ធ្វើ​ជា​អ្នក​បម្រើ​ឯង តែ​បើ​យើង​ឈ្នះ ហើយ​សម្លាប់​វា​បាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​យើង​វិញ»។ ពួក​ភីលី‌ស្ទីន​និយាយ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​បំបាក់​ទ័ព​អ៊ី‌ស្រាអែល ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​យើង​ល​មើល​ចុះ»។ ពេល​ស្ដេច​សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលី‌ស្ទីន​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។ រីឯ​ដាវីឌ ជា​កូន​របស់​អ៊ីសាយ​នៃ​អំបូរ​អេ‌ប្រា‌តា នៅ​បេ‌ថ្លេ‌ហិម-យូដា។ ឯ​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំបី​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ។ មាន​កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​បី​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​បី​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​កូន​បង​បង្អស់​ឈ្មោះ​អេលាប កូន​បន្ទាប់​ឈ្មោះ​អ័ប៊ី‌ណាដាប់ និង​ទី​បី​ឈ្មោះ​សាំម៉ា។ អ្នក​ទាំង​បី​នោះ​បាន​ទៅ​តាម​សូល ឯ​ដាវីឌ​ជា​កូន​ពៅ ក៏​តែង​ធ្វើ​ដំណើរ​ទៅ​មក ពី​ស្ដេច​សូល​ទៅ​បេថ្លេហិម ដើម្បី​ឃ្វាល​ចៀម​របស់​ឪពុក។ រីឯ​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច អស់​រយៈ​សែសិប​ថ្ងៃ។ នៅ​គ្រា​នោះ អ៊ីសាយ​ប្រាប់​ដាវីឌ​កូន​របស់​គាត់​ថា៖ «ចូរ​យក​លាជ​មួយ​ថាំង និង​នំបុ័ង​ដប់​ដុំ​នេះ​ទៅ​ឲ្យ​បងៗ​របស់​កូន នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់ ហើយ​យក​ទឹក​ដោះ​ខះ​ដប់​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​គេ​ទៅ រួច​មើល​ថា​បងៗ​របស់​ឯង​សុខ​សប្បាយ​ឬ​យ៉ាង​ណា ហើយ​យក​របស់​អ្វី​មួយ​ពី​គេ​មក​ទុក​ជា​សម្គាល់»។ ចំណែក​ស្ដេច​សូល និង​អ្នក​ទាំង​បី​នោះ ព្រម​ទាំង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលី‌ស្ទីន ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​ឲ្យ​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់។ ពេល​ដាវីឌ​បាន​ទៅ​ដល់​ទី​បោះ​ទ័ព នោះ​ជា​ពេល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ទី​ចម្បាំង ទាំង​ស្រែក​សម្រែក​សង្គ្រាម ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលី‌ស្ទីន គេ​តម្រៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​ឲ្យ​អ្នក​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជម្រាប​សួរ​ពួក​បងៗ។ គ្រា​ដែល​កំពុង​តែ​និយាយ​ជា‌មួយ​បងៗ ក៏​ឃើញ​ទាហាន​របស់​សាសន៍​ភីលី‌ស្ទីន​ម្នាក់​នោះ មក​ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ចេញ​ពី​ខាង​ទ័ព​ភីលី‌ស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ។ កាល​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ចេញ​ពី​វា​ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង។ ពួក​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «តើ​អ្នក​បាន​ឃើញ​មនុស្ស​នោះ​ឡើង​មក​ឬ​ទេ? វា​ឡើង​មក​ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​យើង​នេះ​ប្រាកដ​ហើយ បើ​អ្នក​ណា​សម្លាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស​ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី​ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ»។ ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា៖ «តើ​អ្នក​ដែល​នឹង​សម្លាប់​សាសន៍​ភីលី‌ស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំណៀល​ពី​អ៊ីស្រា‌អែល ទទួល​បាន​អ្វី​ខ្លះ? ដ្បិត​តើ​សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ?» គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា៖ «អ្នក​ណា​ដែល​សម្លាប់​វា​បាន នឹង​ទទួល​បាន​ដូច្នេះ​ឯង»។ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ​ដាវីឌ​កំពុង​និយាយ​ជា‌មួយ​គេ ហើយ​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា៖ «ឯង​ចុះ​មក​ធ្វើ​អី? តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​ឲ្យ​អ្នក​ណា​មើល? បង​ស្គាល់​សេចក្ដី​អំនួត និង​គំនិត​អាក្រក់​របស់​ឯង​ហើយ ដ្បិត​ឯង​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចម្បាំង​ទេ»។ តែ​ដាវីឌ​ឆ្លើយ​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​មួយ​ម៉ាត់​ទេ​តើ?» រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។