១ សាំ‌យូ‌អែល 13:1-14

១ សាំ‌យូ‌អែល 13:1-14 គកស១៦

ស្តេច​សូលមាន​ព្រះជន្ម… ព្រះវស្សា​នៅ​ពេល​ទ្រង់​ឡើង​សោយ‌រាជ្យ ហើយស្ដេច​សោយរាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​បាន…​ពីរ ឆ្នាំ។ ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ គ្រា​នោះ យ៉ូណា‌ថាន​ក៏​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ដែល​នៅ​ត្រង់​កេបា ហើយ​សាសន៍​ភីលី‌ស្ទីន​ក៏​បាន​ឮ​ដំណឹង នោះ​សូល​ផ្លុំ​ត្រែ​ឡើង​ពេញ​ក្នុង​ស្រុក​ដោយ​ថា៖ «ចូរ​ឲ្យ​ពួក​សាសន៍​ហេព្រើរ​ស្តាប់​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា ស្ដេច​សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលី‌ស្ទីន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល​ដែរ នោះ​ប្រជាជន​ក៏​ប្រមូល​គ្នា​ទៅ​រក​សូល នៅ​ត្រង់​គីល‌កាល។ ពួក​ភីលី‌ស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​ដែរ មាន​ទាំង​រទេះ​ចម្បាំង​បី​ម៉ឺន ពល​សេះ​ប្រាំមួយ​ពាន់ និង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន។ ពេល​ពួក​ទ័ព​ខាង​អ៊ីស្រា‌អែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ព្រោះ​បណ្ដា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម និង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន។ រី​ឯ​ពួក​ហេព្រើរ​ខ្លះ គេ​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ស្រុក​កាដ និង​ស្រុក​កាឡាត​ទៅ តែ​សូល​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្ដា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។ ស្ដេច​ក៏​រង់​ចាំ​នៅ​ប្រាំពីរ​ថ្ងៃ តាម​កំណត់​ដែល​លោកសាំយូ‌អែល​បាន​សន្យា តែ​លោក​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​ប្រជាជន​ក៏​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ស្ដេច​អស់​ទៅ។ ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​នោះ​មក​ឲ្យ​ខ្ញុំ ព្រម​ទាំង​តង្វាយ​មេត្រី​ផង» រួច​ទ្រង់​ក៏​ថ្វាយ​តង្វាយ​ដុត​នោះ​ទៅ តែ​កាល​ដុត​ថ្វាយ​រួច លោកសាំយូ‌អែល​ក៏​មក​ដល់ ហើយ​ស្ដេច​សូល​ក៏​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក។ ប៉ុន្តែ លោកសាំយូ‌អែល​ទូល​សួរ​ថា៖ «តើ​បាន​ធ្វើ​អ្វី​ហ្នឹង?» ស្ដេច​សូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្ដា​ទ័ព​បាន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក​នៅ​វេលា​កំណត់ ហើយ​ពួក​ភីលី‌ស្ទីន​បាន​ប្រមូល​គ្នា​មក​នៅ​មីក‌ម៉ាស​ផង នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលី‌ស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះ ខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​តង្វាយ​នេះ​ទៅ»។ លោកសាំយូ‌អែល​ឆ្លើយ​ថា៖ «ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្តិ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល ជា​រៀង​រហូត​ទៅ តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​វិញ ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ»។