នៅរ៉ាម៉ាថែម-សូភិម ក្នុងស្រុកភ្នំអេប្រាអិម មានបុរសម្នាក់ឈ្មោះអែលកាណា ជាកូនយេរ៉ូហាំ យេរ៉ូហាំជាកូនអេលីហ៊ូវ អេលីហ៊ូវជាកូនថូហ៊ូវ ថូហ៊ូវជាកូនស៊ូភ ដែលជាពួកអេប្រាតា។ គាត់មានប្រពន្ធពីរ ម្នាក់ឈ្មោះហាណា ម្នាក់ទៀតឈ្មោះពេនីណា។ ពេនីណាមានកូន តែហាណាគ្មានកូនសោះ។ រាល់ឆ្នាំ អែលកាណាតែងចេញពីក្រុងរបស់ខ្លួន ឡើងទៅស៊ីឡូរ ដើម្បីថ្វាយបង្គំ និងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានៃពួកពលបរិវារ។ នៅទីនោះ មានហុបនី និងភីនេហាស ជាកូនទាំងពីរនាក់របស់លោកអេលី ធ្វើជាសង្ឃនៃព្រះយេហូវ៉ា។ លុះដល់ថ្ងៃដែលអែលកាណាថ្វាយយញ្ញបូជារបស់ខ្លួន គាត់ក៏ចែកដល់ពេនីណាជាប្រពន្ធ និងដល់កូនប្រុសកូនស្រីរបស់នាងទាំងអស់គ្នាមួយចំណែកម្នាក់។ តែបានចែកដល់ហាណាទ្វេរជាពីរវិញ ព្រោះគាត់ស្រឡាញ់ហាណាជាង ទោះបើព្រះយេហូវ៉ាបានបង្ខាំងផ្ទៃនាងមិនមានកូនក៏ដោយ។ គូវិវាទរបស់នាងក៏រុកកួននាងជាខ្លាំង ចង់ឲ្យនាងមានកំហឹង ដោយព្រោះព្រះយេហូវ៉ាបានបង្ខាំងផ្ទៃ ហើយដែលគាត់ឡើងទៅរាល់តែឆ្នាំដូច្នោះ នោះពេនីណាក៏តែងតែរុកកួននាងកំពុងដែលធ្វើដំណើរ ឡើងទៅដំណាក់នៃព្រះយេហូវ៉ា ធ្វើឲ្យហាណាយំ ហើយមិនបរិភោគអ្វីសោះ។ ពេលនោះ អែលកាណាជាប្តីសួរថា៖ «ហាណាអើយ ហេតុអ្វីបានជានាងយំ? ហេតុអ្វីបានជានាងមិនបរិភោគដូច្នេះ? ហេតុអ្វីបានជានាងព្រួយចិត្ត? តើខ្ញុំមិនវិសេសដល់នាង ជាជាងមានកូនប្រុសដប់នាក់ទេឬ?» ក្រោយដែលគេបានបរិភោគ និងផឹកនៅស៊ីឡូររួចហើយ នោះនាងហាណាក៏ក្រោកឡើង ហើយចូលទៅចំពោះព្រះយេហូវ៉ា ។ រីឯអេលីជាសង្ឃកំពុងអង្គុយនៅកន្លែងរបស់លោក ជិតសសរទ្វារព្រះវិហារព្រះយេហូវ៉ា។ ខណៈនោះ នាងឈឺចិត្តខ្លាំងណាស់ ក៏អធិស្ឋានដល់ព្រះយេហូវ៉ា ហើយយំដោយមានសេចក្ដីជូរល្វីង។
អាន ១ សាំយូអែល 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ សាំយូអែល 1:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ