១ ពេត្រុស 3:1-7

១ ពេត្រុស 3:1-7 គកស១៦

រីឯ​ប្រពន្ធ​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​បើ​មាន​អ្នក​ខ្លះ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​អាច​នឹង​ទាក់​ទាញ​ចិត្ត​ប្តីរបស់​ខ្លួន ដោយ​សារ​កិរិយា​ល្អ ក្រៅ​ពី​ពាក្យ​សម្ដី នៅ​ពេល​គេ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច។ កុំ​តុប​តែង​ខ្លួន​តែ​ខាង​ក្រៅ ដូច​ជា​ក្រង​សក់ ពាក់​មាស ឬ​សម្លៀក​បំពាក់​ល្អ​ប្រណិតនោះ​ឡើយ តែ​ត្រូវ​តុប​តែង​ខាង​ក្នុង​ជម្រៅ​ចិត្ត ដោយ​គ្រឿង​លម្អ​ដែល​មិន​ចេះ​ពុក​រលួយ​នៃ​វិញ្ញាណ​សម្លូត និង​រម្យ‌ទម ដែល​មាន​តម្លៃ​វិសេស​បំផុត​នៅ​ចំពោះ​ព្រះ​វិញ។ ដ្បិត​ពី​ដើម ពួក​ស្រ្តី​បរិសុទ្ធ​ដែល​សង្ឃឹម​ដល់​ព្រះ ក៏​បាន​តុប​តែង​ខ្លួន​ដូច្នោះ​ដែរ ដោយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួ​ន ដូច​ជា​លោក​ស្រី​សារ៉ា ដែល​បាន​ស្តាប់​បង្គាប់​លោក​អ័ប្រា‌ហាំ ហើយ​ហៅ​លោក​ថា លោក​ម្ចាស់ផង។ អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​ពូជ‌ពង្ស​របស់​លោក ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ល្អ ហើយ​មិន​ត្រូវ​ភ័យ​ខ្លាច​អ្វី​មួយ​ដែល​បំភ័យ​អ្នក​ឡើយ។ រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។

អាន ១ ពេត្រុស 3