ពេត្រុស ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកបងប្អូន ដែលបែកខ្ញែកគ្នាទៅស្នាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា ជាអ្នកដែលព្រះ ជាព្រះវរបិតាបានជ្រើសរើស និងបានបម្រុងទុក ហើយព្រះវិញ្ញាណបានញែកជាបរិសុទ្ធ ដើម្បីឲ្យបានស្តាប់បង្គាប់ព្រះយេស៊ូវគ្រីស្ទ ព្រមទាំងបានព្រះលោហិតរបស់ព្រះអង្គប្រោះលើខ្លួន។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្ត កាន់តែច្រើនឡើង។ សូមសរសើរតម្កើងដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងរាល់គ្នា ដែលព្រះអង្គបានបង្កើតយើងឡើងជាថ្មី តាមព្រះហឫទ័យមេត្តាករុណាដ៏ធំរបស់ព្រះអង្គ ដើម្បីឲ្យយើងរាល់គ្នាមានសង្ឃឹមដ៏រស់ តាមរយៈការមានព្រះជន្មរស់ពីស្លាប់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ហើយឲ្យបានមត៌ក ដែលមិនចេះពុករលួយ ឥតសៅហ្មង ក៏មិនចេះស្រពោន ជាមត៌កដែលបម្រុងទុកឲ្យអ្នករាល់គ្នានៅស្ថានសួគ៌។ អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។ ដោយសារសេចក្តីនេះ អ្នករាល់គ្នាមានអំណរយ៉ាងខ្លាំង ទោះបើសព្វថៃ្ងនេះត្រូវរងទុក្ខលំបាកផ្សេងៗជាយូរបន្តិចក៏ដោយ ដើម្បីឲ្យជំនឿដ៏ពិតឥតក្លែងរបស់អ្នករាល់គ្នា កាន់តែមានតម្លៃវិសេសជាងមាសដែលតែងតែខូច ទោះបើបានសាកនឹងភ្លើងក៏ដោយ ហើយអាចទទួលបានការសរសើរ សិរីល្អ និងកេរ្តិ៍ឈ្មោះ នៅពេលព្រះយេស៊ូវគ្រីស្ទលេចមក។ ទោះបើអ្នករាល់គ្នាមិនបានឃើញព្រះអង្គ តែអ្នករាល់គ្នាស្រឡាញ់ព្រះអង្គ ហើយសូម្បីតែឥឡូវនេះ អ្នករាល់គ្នានៅតែមិនឃើញព្រះអង្គ ក៏អ្នករាល់គ្នាជឿដល់ព្រះអង្គ ហើយត្រេកអរដោយអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន ដ្បិតអ្នករាល់គ្នាកំពុងទទួលផលពីជំនឿរបស់អ្នករាល់គ្នា គឺការសង្គ្រោះដល់ព្រលឹង។ ពួកហោរាដែលបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា បានស្រាវជ្រាវយ៉ាងប្រុងប្រយ័ត្ន ហើយខំរកឲ្យដឹងពីការសង្គ្រោះនេះ ទាំងស្វែងរកឲ្យដឹងពីអ្នកណា ឬពេលវេលាណា ដោយព្រះវិញ្ញាណរបស់ព្រះគ្រីស្ទសណ្ឋិតក្នុងគេ ទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក និងពីសិរីល្អដែលត្រូវមកតាមក្រោយ។ ព្រះបានសម្តែងឲ្យគេដឹងថា ការទាំងនោះមិនមែនសម្រាប់គេទេ គឺសម្រាប់អ្នករាល់គ្នា ជាអ្វីដែលឥឡូវនេះ អស់អ្នកផ្សាយដំណឹងល្អបានប្រាប់មកអ្នករាល់គ្នា តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះអង្គបានចាត់ពីស្ថានសួគ៌មក ហើយពួកទេវតាក៏ចូលចិត្តចង់ពិនិត្យមើលការទាំងនោះដែរ។
អាន ១ ពេត្រុស 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពេត្រុស 1:1-12
14 ថ្ងៃ
សំបុត្រទីពីរពីពេត្រុសគឺទាំងអស់អំពីព្រះគុណរបស់ព្រះ - របៀបដែលវាបានសង្រ្គោះយើងពីរបៀបដែលវារក្សាយើងនិងរបៀបដែលយើងអាចរស់នៅក្នុងវា - ទោះបីជាមានគ្រូបង្រៀនក្លែងក្លាយនិយាយក៏ដោយ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ពេត្រុសទី 2 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
ប្រសិនបើអ្នករងទុក្ខជំនួសព្រះយេស៊ូវ នោះសំបុត្រទីមួយពីពេត្រុសលើកទឹកចិត្ដអ្នកថា អ្នកកំពុងដើរតាមគន្លងរបស់ព្រះយេស៊ូវ ដែលបានរងទុក្ខជំនួសយើងមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ ពេត្រុស ទី១ នៅពេលអ្នកស្តាប់ការសិក្សាអូឌីយ៉ូ ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ