ក្នុងរវាងបីឆ្នាំនោះ សាសន៍ស៊ីរី និងសាសន៍អ៊ីស្រាអែល ឥតមានចម្បាំងនឹងគ្នាឡើយ តែដល់ឆ្នាំទីបីនោះយេហូសាផាត ជាស្តេចយូដា ទ្រង់យាងចុះមកគាល់ស្តេចអ៊ីស្រាអែល ហើយស្តេចអ៊ីស្រាអែលទ្រង់មានព្រះបន្ទូលនឹងពួកជំនិតទ្រង់ថា៖ «អ្នករាល់គ្នាដឹងហើយថា ក្រុងរ៉ាម៉ូត-កាឡាតជារបស់យើង ចុះហេតុអ្វីបានជាយើងនៅតែស្ងៀម ឥតទៅចាប់យកពីកណ្ដាប់ដៃស្តេចស៊ីរីមកវិញដូច្នេះ» រួចទ្រង់ទូលសួរយេហូសាផាតថា៖ «តើទ្រង់នឹងទៅច្បាំងនឹងក្រុងរ៉ាម៉ូត-កាឡាតជាមួយទូលបង្គំឬទេ?»។ យេហូសាផាតទូលឆ្លើយថា៖ «ទូលបង្គំក៏ដូចជាទ្រង់ រាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជារាស្ត្ររបស់ទ្រង់ ហើយសេះរបស់ទូលបង្គំទាំងប៉ុន្មាន ក៏ដូចជាសេះរបស់ទ្រង់ដែរ»។ ប៉ុន្តែ យេហូសាផាតទូលដល់ស្តេចអ៊ីស្រាអែលថា៖ «សូមទ្រង់ទូលសួរព្រះបន្ទូលនៃព្រះយេហូវ៉ាជាមុនសិន»។ ដូច្នេះ ស្តេចអ៊ីស្រាអែលក៏ប្រមូលពួកហោរាប្រហែលជាបួនរយនាក់មកសួរថា៖ «តើយើងត្រូវចេញទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬឈប់ខាន?» គេទូលឆ្លើយថា៖ «សូមយាងឡើងទៅចុះ ដ្បិតព្រះអម្ចាស់នឹងប្រគល់គេ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ» តែយេហូសាផាតសួរថា៖ «នៅទីនេះ តើគ្មានហោរាណាម្នាក់របស់ព្រះយេហូវ៉ា ល្មមឲ្យយើងសួរគាត់ដែរទេឬ?» ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ប៉ុណ្ណោះ»។ យេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះ»។ ពេលនោះ ស្តេចអ៊ីស្រាអែលបានហៅមហាតលិកម្នាក់មក ហើយបង្គាប់ថា៖ «ចូរទៅនាំមីកាយ៉ា ជាកូនយីមឡា មកនេះជាឆាប់ៗ»។ ឯស្តេចអ៊ីស្រាអែល និងយេហូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងខ្លួន ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយនៅចំពោះទ្រង់។ សេដេគាជាកូនក្នាណា គាត់បានធ្វើស្នែងដែក ហើយក៏ទូលថា៖ «ព្រះយេហូវ៉ាបានមានព្រះបន្ទូលដូច្នេះ "ព្រះករុណានឹងជល់ពួកស៊ីរីដោយស្នែងនេះ ដរាបដល់វិនាសសូន្យទៅ"»។ ហើយពួកហោរាទាំងអស់ក៏ថ្លែងទំនាយដូច្នោះដែរថា៖ «សូមយាងឡើងទៅរ៉ាម៉ូត-កាឡាត ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ានឹងប្រគល់ក្រុងនោះ មកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ»។ រីឯអ្នកដែលទៅហៅមីកាយ៉ាមក ក៏ប្រាប់គាត់ថា៖ «មើល៍! ពួកហោរាទាំងអស់ សុទ្ធតែថ្លែងទំនាយល្អដល់ស្តេចព្រមគ្នា ដូច្នេះ សូមឲ្យពាក្យលោកបានដូចជាពាក្យរបស់ហោរាទាំងនោះដែរ ដោយពោលតែសេចក្ដីល្អចុះ»។ ប៉ុន្តែ មីកាយ៉ាឆ្លើយថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់ថា សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ នោះខ្ញុំនឹងបញ្ចេញតាមសេចក្ដីនោះ»។ ពេលគាត់បានចូលទៅគាល់ស្តេចហើយ ស្ដេចមានរាជឱង្ការសួរថា៖ «មីកាយ៉ាអើយ តើយើងត្រូវទៅច្បាំងនឹងរ៉ាម៉ូត-កាឡាត ឬមិនត្រូវទៅ?» គាត់ទូលឆ្លើយថា៖ «សូមយាងទៅ ហើយមានជ័យជម្នះចុះ ដ្បិតព្រះយេហូវ៉ានឹងប្រគល់គេមកក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះករុណាហើយ»។ ប៉ុន្តែ ស្តេចមានរាជឱង្ការថា៖ «តើប៉ុន្មានដងហើយ ដែលយើងឲ្យអ្នកស្បថថា អ្នកត្រូវតែនិយាយការពិតប្រាប់យើង ក្នុងព្រះនាមព្រះយេហូវ៉ា?» មីកាយ៉ា ទូលឆ្លើយថា៖ «ទូលបង្គំបានឃើញពួកអ៊ីស្រាអែលត្រូវខ្ចាត់ខ្ចាយនៅលើភ្នំ ប្រៀបដូចជាហ្វូងចៀមដែលគ្មានគង្វាល ហើយព្រះយេហូវ៉ាបានមានព្រះបន្ទូលថា "ពួកទាំងនេះគ្មានចៅហ្វាយទេ ចូរឲ្យគេត្រឡប់ទៅផ្ទះរៀងខ្លួនវិញ ដោយសេចក្ដីសុខចុះ"»។ ស្តេចអ៊ីស្រាអែលបានទូលទៅយេហូសាផាតថា៖ «តើទូលបង្គំមិនបានទូលទ្រង់ទេឬ ថាគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំទេ គឺថ្លែងទំនាយតែអាក្រក់ប៉ុណ្ណោះ»។ នោះមីកាយ៉ា ទូលថា៖ «ដូច្នេះ សូមស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាសិន ទូលបង្គំបានឃើញព្រះយេហូវ៉ា ទ្រង់គង់លើបល្ល័ង្ក មានទាំងពួកពលបរិវារនៃស្ថានសួគ៌ទាំងអស់ ឈរអមអង្គ ទាំងខាងស្តាំ និងខាងឆ្វេង ហើយព្រះយេហូវ៉ាមានព្រះបន្ទូលថា តើអ្នកណានឹងទៅបបួលអ័ហាប់ ឲ្យឡើងទៅច្បាំង ហើយដួលស្លាប់នៅត្រង់រ៉ាម៉ូត-កាឡាត ម្នាក់ក៏ថាយ៉ាងនេះ ម្នាក់ក៏ថាយ៉ាងនោះ រួចមានវិញ្ញាណមួយចេញមកឈរនៅចំពោះព្រះយេហូវ៉ាទូលថា ទូលបង្គំចង់ទៅ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលសួរថា នឹងធ្វើយ៉ាងណាទៅ វិញ្ញាណនោះទូលថា ទូលបង្គំនឹងចេញទៅធ្វើជាវិញ្ញាណភូតកុហក នៅក្នុងមាត់នៃពួកហោរាទាំងប៉ុន្មានរបស់ស្តេច ព្រះយេហូវ៉ាមានព្រះបន្ទូលថា "ចូរចេញទៅធ្វើដូច្នោះចុះ ឯងនឹងបបួលវាឲ្យសម្រេចបាន"។ ដូច្នេះ មើល៍! ឥឡូវនេះ ព្រះយេហូវ៉ាដាក់វិញ្ញាណភូតកុហកនៅក្នុងមាត់នៃពួកហោរារបស់ព្រះករុណាទាំងនេះ ព្រះយេហូវ៉ាបានមានព្រះបន្ទូលពីមហន្តរាយ ដែលនឹងកើតដល់ព្រះករុណាហើយ»។ ពេលនោះ សេដេគាជាកូនក្នាណា ក៏ចូលទៅទះកំផ្លៀងមីកាយ៉ាសួរថា៖ «ព្រះវិញ្ញាណនៃព្រះយេហូវ៉ាបានចេញពីខ្ញុំ ទៅមានព្រះបន្ទូលនឹងឯងតាមណា?» មីកាយ៉ាឆ្លើយថា៖ «ចាំមើល នៅថ្ងៃនោះឯងនឹងបានឃើញ ក្នុងកាលដែលឯងរត់ទៅពួននៅក្នុងបន្ទប់ខាងក្នុង»។ ស្តេចអ៊ីស្រាអែលទ្រង់បង្គាប់ថា៖ «ចូរនាំយកមីកាយ៉ាត្រឡប់ទៅឯអាំម៉ូន ជាចៅហ្វាយទីក្រុង និងយ៉ូអាស ជាព្រះរាជបុត្រទៅ ហើយបង្គាប់ថា ស្ដេចមានព្រះបន្ទូលដូច្នេះ គឺឲ្យដាក់មនុស្សនេះក្នុងគុក ចិញ្ចឹមដោយនំបុ័ងនឹងទឹកដ៏វេទនា ដរាបដល់យើងមកវិញដោយសុខសាន្ត»។ នោះមីកាយ៉ាទូលថា៖ «ប្រសិនបើទ្រង់ដែលយាងមកវិញ ដោយសុខសាន្ត នោះគឺព្រះយេហូវ៉ាមិនបានមានព្រះបន្ទូល ដោយសារទូលបង្គំទេ» រួចគាត់ថែមពាក្យនេះថា៖ «ឱជនទាំងឡាយអើយ ចូរស្តាប់ចុះ»។ ដូច្នេះ ស្តេចអ៊ីស្រាអែល និងយេហូសាផាត ជាស្តេចយូដា ក៏ឡើងទៅក្រុងរ៉ាម៉ូត-កាឡាត។ ស្តេចអ៊ីស្រាអែលទូលទៅយេហូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែសូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទូលបង្គំចុះ!»។ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទាំងសាមសិបពីរនាក់ថា៖ «កុំតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែលមួយប៉ុណ្ណោះ»។ ពេលពួកមេទ័ពទាំងនោះបានឃើញយេហូសាផាត គេនិយាយថា៖ «នេះប្រាកដជាស្តេចអ៊ីស្រាអែលហើយ» ដូច្នេះ ពួកគេបានបែរទៅបម្រុងនឹងវាយប្រហារទ្រង់ តែយេហូសាផាតស្រែកឡើង កាលពួកមេទ័ពឃើញថា មិនមែនជាស្តេចអ៊ីស្រាអែលទេ ក៏លែងតាមទៅ។ ប៉ុន្តែ មានមនុស្សម្នាក់យឹតធ្នូរ បាញ់ព្រាវទៅ ត្រូវស្តេចអ៊ីស្រាអែល ត្រង់ប្រឡោះអាវក្រោះ ដូច្នេះ ស្ដេចមានរាជឱង្ការបង្គាប់អ្នកបរព្រះរាជរថថា៖ «ចូរបកត្រឡប់ក្រោយ នាំយើងចេញពីពលទ័ពទៅ យើងមានរបួសហើយ»។ នៅថ្ងៃនោះ ចម្បាំងក៏កាន់តែខ្លាំងឡើង គេគ្រាហ៍ស្តេចនៅក្នុងព្រះរាជរថ ដើម្បីតស៊ូនឹងពួកស៊ីរី លុះដល់ពេលល្ងាច ទ្រង់សុគតទៅ ហើយឈាមក៏ហូរពីរបួសទៅក្នុងបាតព្រះរាជរថ។ ដល់ពេលថ្ងៃលិច មានឮសម្រែកនៅពេញក្នុងពួកទ័ពថា៖ «ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង និងស្រុករបស់ខ្លួនវិញទៅ»។ ដូច្នេះ ស្ដេចសុគត ហើយគេក៏នាំសពទ្រង់មកវិញ បញ្ចុះនៅក្នុងក្រុងសាម៉ារី។ គេលាងព្រះរាជរថនៅស្រះទឹកនៃក្រុងសាម៉ារី ហើយមានឆ្កែលិឍឈាម រីឯពួកស្រីពេស្យាតែងងូតទឹកនៅទីនោះ តាមសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលទុក។ ឯកិច្ចការឯទៀតពីព្រះបាទអ័ហាប់ និងរាជកិច្ចទាំងប៉ុន្មានដែលទ្រង់ធ្វើ ព្រមទាំងដំណាក់ភ្លុកដែលទ្រង់បានធ្វើ និងអស់ទាំងទីក្រុងដែលទ្រង់បានសង់ តើគេមិនបានកត់ទុកក្នុងសៀវភៅពង្សាវតាររបស់ពួកស្តេចអ៊ីស្រាអែលទេឬ? ដូច្នេះ ព្រះបាទអ័ហាប់បានផ្ទំលក់ទៅ ជាមួយបុព្វបុរសរបស់ទ្រង់ រួចអ័ហាស៊ីយ៉ា ជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
អាន ១ ពង្សាវតារក្សត្រ 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ១ ពង្សាវតារក្សត្រ 22:1-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ