១ កូរិន‌ថូស 7:1-20

១ កូរិន‌ថូស 7:1-20 គកស១៦

ឯ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​ថា «ប្រសិន‌បើ​បុរស​មិន​ប៉ះ​ពាល់​ស្ត្រី នោះជា​ការ​ប្រសើរ»។ ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។ ប្តី​ត្រូវ​បំពេញ​ករណីយ​កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ។ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្តី ឯ​ប្តី​ក៏​ដូច្នោះ​ដែរ មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្រពន្ធ។ មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​នេះ​ដោយ​អធ្យា‌ស្រ័យ​ទេ មិន​មែន​ដោយ​បង្គាប់​ឡើយ។ ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង‌អស់​បាន​ដូច​ជា​ខ្ញុំ ក៏​ប៉ុន្តែ ម្នាក់ៗ​មាន​អំណោយ‌ទាន​មួយ​មក​ពី​ព្រះ​រៀងៗ​ខ្លួន ម្នាក់​មាន​យ៉ាង​នេះ ម្នាក់​ទៀត​មាន​យ៉ាង​នោះ។ ខ្ញុំ​សូម​និយាយ​ចំពោះ​អ្នក​នៅ​លីវ និង​ស្រ្ដី​មេ‌ម៉ាយ​ថា បើ​គេ​នៅ​ដូច​ជា​ខ្ញុំ​បាន នោះ​ជា​ការ​ប្រសើរ។ ប៉ុន្តែ បើ​គេ​អត់​ទ្រាំ​មិន​បាន ចូរ​រៀប‌ការ​ចុះ ដ្បិត​ដែល​រៀប‌ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។ ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ (តែ​បើ​នាង​ជ្រុល​ជា​បែក​ពី​ប្តី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្តី​ទៅ ពុំ​នោះ​ទេ​សូម​ទៅ​ជា​នា​នឹង​ប្តី​ខ្លួន​វិញ) ឯ​ប្តី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។ ចំពោះ​អ្នក​ឯទៀត (នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​ជា​ពាក្យ​ខ្ញុំ) ខ្ញុំ​សូម​ជម្រាប​ថា បើ​បង‌ប្អូន​ណា​មាន​ប្រពន្ធ​ជា​អ្នក​មិន​ជឿ ហើយ​នាង​ព្រម​រស់​នៅ​ជា​មួ​យ នោះ​មិន​ត្រូវ​លែង​នាង​ឡើយ ហើយ​បើ​ស្ត្រី​ណា​មាន​ប្តី​ជា​អ្នក​មិន​ជឿ​វិញ តែ​គាត់​ព្រម​រស់​នៅ​ជា​មួ​យ នោះ​ក៏​មិន​ត្រូវ​លែង​គាត់​ដែរ។ ដ្បិត​ប្តី​ដែល​មិន​ជឿ​នោះ​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ ក៏​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្តី​ដែរ ពុំ​នោះ​ទេ កូ​ន​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត​ឡើយ ប៉ុន្តែ ឥឡូវ​នេះ ពួកគេ​ស្អាត​ហើយ។ ប៉ុន្តែ បើ​ដៃ​គូ​ដែល​មិន​ជឿ​ចុះ​ចេញ ឲ្យ​គេ​ទៅ​ចុះ រឿង​បែប​នេះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​មិន​ជាប់​ចំណង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​រស់​ក្នុង​សេចក្តី​សុខ‌សាន្ត។ បង‌ប្អូន​ជា​ប្រពន្ធ​រាល់​គ្នា​អើយ តើ​នាង​ដឹង​ដូច​ម្ដេច​បាន​ថា នាង​អាច​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? បង‌ប្អូន​ជា​ប្តី​រាល់​គ្នា​អើយ តើ​អ្នក​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​អាច​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក? តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។ បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ពេល​កាត់​ស្បែក​រួច​ហើយ អ្នក​នោះ​មិន​ត្រូវ​លុប​បំបាត់​ស្នាមកា​ត់​ស្បែក​នោះ​ឡើយ ហើយ​បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក អ្នក​នោះ​ក៏​មិន​ត្រូវ​កាត់​ស្បែក​ដែរ។ ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។ បើ​ម្នាក់ៗ​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​ចុះ។