១ របាក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីររបាក្សត្រទី១ និងទី២ មានប្រភពពីមជ្ឈដ្ឋានតែមួយ គឺប្រហែលជាមកពីពួកសង្ឃនៃកូនចៅអ៊ីស្រាអែល។ កណ្ឌគម្ពីរនេះផ្សំគ្នាឡើង រៀបរាប់អំពីប្រវត្តិនៃប្រជាជនរបស់ព្រះ តាំងពីដើមកំណើតរហូតដល់គ្រាដែលត្រូវខ្មាំងកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។
ក្នុងកណ្ឌគម្ពីរនេះ ប្រវត្តិនៃប្រជារាស្ត្រអ៊ីស្រាអែលមិនមែនបរិយាយតាមរបៀបអ្នកតែងប្រវត្តិសាស្ត្រសុទ្ធសាធទេ តែបរិយាយតាមរបៀបទេវវិទូ។ ព្រឹត្តិការណ៍ជាច្រើនក្នុងកណ្ឌគម្ពីររបាក្សត្រទី១ និងទី២ មានឃ្លាប្រយោគប្រហាក់ប្រហែលគ្នានឹងកណ្ឌគម្ពីរសាំយូអែល ឬពង្សាវតារក្សត្រ តែមានគោលបំណងប្លែកពីកណ្ឌគម្ពីរទាំងនោះ។ របាក្សត្រទី១ និងទី២ សង្កត់ទៅលើគោលគំនិតមួយ គឺ ព្រះតែមួយអង្គគត់ ដែលគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ រីឯស្តេចគ្រាន់តែជាអ្នកបម្រើរបស់ព្រះអង្គប៉ុណ្ណោះ។ ស្តេចមានមុខងារជាតំណាងរបស់ព្រះ គ្រប់គ្រងលើប្រជាជនក្នុងគ្រប់វិស័យ។ ក្នុងទស្សនៈនេះ មានតែព្រះបាទដាវីឌមួយអង្គទេ ដែលជាស្តេចស្មោះត្រង់នឹងព្រះ។ ព្រះបាទដាវីឌវាយយកបានក្រុងយេរូសាឡិម ដែលក្រោយក្រុងនេះមានឈ្មោះថាជា «ក្រុងដ៏បរិសុទ្ធ» ព្រោះព្រះវិហាររបស់ព្រះត្រូវបានសង់ឡើងនៅក្រុងនេះ។ ព្រះបាទដាវីឌដឹកនាំប្រជាជន ទាំងផ្នែកនយោបាយ ទាំងផ្នែកជំនឿ។ ក្រោយពេលព្រះបាទដាវីឌសោយទិវង្គត កណ្ឌគម្ពីររបាក្សត្ររៀបរាប់អំពីរជ្ជកាលនានានៃរាជវង្សរបស់ស្តេច ដែលស្នងរាជ្យតៗគ្នា នៅក្នុងរាជាណាចក្រយូដា។
កណ្ឌគម្ពីររបាក្សត្រទី១ ចាប់ផ្តើមរៀបរាប់ប្រវត្តិនៃប្រជាជនរបស់ព្រះ ចាប់ពីលោកអ័ដាមរហូតដល់ព្រះបាទដាវីឌ ដោយមានបញ្ជីរាយនាមបុព្វបុរស (ជំពូក ១-៩)។ បន្ទាប់មក ជំពូក ១០ ដល់ ២៩ រៀបរាប់ពីរាជ្យរបស់ព្រះបាទដាវីឌ ប៉ុន្តែ ព្រឹត្តិការណ៍ផ្សេងៗដូចជាយុវភាព ដំណើរភៀសខ្លួនចេញពីស្តេចសូល ឬព្រឹត្តិការណ៍ផ្សេងៗដែលកើតឡើងក្នុងគ្រាដែលស្តេចគ្រងរាជ្យនៅហេប្រុន រឿងរ៉ាវជាមួយនាងបាតសេបា ឬ បញ្ហាជាមួយអាប់សាឡុមជាដើម ពុំមានរៀបរាប់ក្នុងកណ្ឌគម្ពីរនេះ ដូចនៅក្នុងកណ្ឌគម្ពីរសាំយូអែលទេ។ កណ្ឌគម្ពីររបាក្សត្រទី១ បរិយាយជាពិសេស អំពីព្រះបាទដាវីឌរៀបចំកសាងព្រះវិហារ ដោយនាំហិបនៃសម្ពន្ធមេត្រីចូលក្រុងយេរូសាឡិម ត្រៀមសម្ភារៈ រៀបចំពួកសង្ឃ ក្រុមលេវី ពួកចម្រៀង និងពួកយាមទ្វារជាដើម។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies