១ របា‌ក្សត្រ 13

13
ការ​ដង្ហែ​ហិប​សេចក្ដី​សញ្ញា​មក​ពី​ក្រុង​គារយ៉ាត់-យារីម
1ព្រះបាទ​ដាវីឌ​បាន​ពិគ្រោះ​ជា‌មួយ​ពួក​មេទ័ព​ធំ​តូច គឺ​ជា​អ្នក​នាំ​មុខ​ទាំង​អស់។ 2ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា យល់​ថា​នេះ​ជា​ការ​ប្រសើរ ហើយ​ក៏​ជា​បំណង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ដែរ ចូរ​យើង​ចាត់​គេ​ឲ្យ​ទៅ​ពេញ​ក្នុង​ស្រុក ដល់​ពួក​បង‌ប្អូន​យើង​ដែល​នៅ​សល់​ក្នុង​ពួក​អ៊ីស្រា‌អែល ដល់​ពួក​សង្ឃ ពួក​លេវី ដែល​នៅ​តាម​ទី​ក្រុង​នានា ដែល​មាន​វាល​ស្មៅ ដើម្បី​ឲ្យ​គេ​នាំ​គ្នា​មក​ជួប​ជុំ​ជា‌មួយ​យើង​ផង។ 3បន្ទាប់​មក ចូរ​យើង​នាំ​ហិប​របស់​ព្រះ​នៃ​យើង​មក​វិញ​ដែរ ដ្បិត​នៅ​ជំនាន់​ស្ដេច​សូល យើង​រាល់​គ្នា​មិន​បាន​នឹក​ដល់​ហិប​នោះ​សោះ»។ 4ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ក៏​យល់​ព្រម​ធ្វើ​ដូច្នោះ ដ្បិត​ប្រជាជន​ពេញ​ចិត្ត​នឹង​ការ​នោះ។
5ដូច្នេះ ព្រះបាទ​ដាវីឌ​បាន​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក ចាប់​ពី​ស្ទឹង​ស៊ីហោរ​របស់​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទ្វារ​ចូល​ស្រុក​ហាម៉ាត ដើម្បី​យក​ហិប​របស់​ព្រះ​ពី​ក្រុង​គារយ៉ាត់-យារីម។ 6ព្រះបាទ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ឡើង​ទៅ​ក្រុង​បាឡា គឺ​ជា​គារយ៉ាត់-យារីម​របស់​ពួក​យូដា ដើម្បី​យក​ហិប​របស់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​មក ដែល​ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​ចេរូ‌ប៊ីម​ទាំង​ពីរ ដែល​ហិប​នោះ​បាន​ហៅ​តាម​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ 7គេ​យក​ហិប​នៃ​ព្រះ​ដាក់​លើ​រទេះ​ថ្មី នាំ​ចេញ​ពី​ផ្ទះ​អ័ប៊ី‌ណាដាប់​មក មាន​អ៊ុសា និង​អ័ហ៊ីយ៉ូរ ជា​អ្នក​បរ។ 8ព្រះបាទ​ដាវីឌ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា បាន​ប្រគំ​ភ្លេង​នៅ​ចំពោះ​ព្រះ អស់​ពី​កម្លាំង ព្រម​ទាំង​ច្រៀង​ចម្រៀង ដោយ​ស៊ុង ពិណ ក្រាប់ ឈិង និង​ត្រែ។
9ពេល​ពួក​គេ​ទៅ​ដល់​លាន​ស្រូវ​របស់​គីដូន អ៊ុសា​លូក​ដៃ​ទៅ​ចាប់​ទប់​ហិប ព្រោះ​គោ​កញ្ជ្រោល​ឡើង។ 10ដូច្នេះ ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ​នឹង​អ៊ុសា ក៏​ប្រហារ​គាត់ ដោយ​ព្រោះ​គាត់​បាន​លូក​ដៃ​ទៅ​ពាល់​ហិប គាត់​ក៏​ស្លាប់​នៅ​ទី​នោះ​ចំពោះ​ព្រះ​ទៅ។ 11ព្រះបាទ​ដាវីឌ​មាន​ព្រះ‌ហឫ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "ពេរេស-អ៊ុសា " រហូត​ដល់​សព្វ​ថ្ងៃ។ 12នៅ​ថ្ងៃ​នោះ ព្រះបាទ​ដាវីឌ​មាន​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​យក​ហិប​របស់​ព្រះ​មក​ឯ​យើង​បាន?» 13ដូច្នេះ ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​មក​ក្នុង​ក្រុង​របស់​ទ្រង់​ទេ គឺ​បាន​យក​ទៅ​ដាក់​ក្នុង​ផ្ទះ​អូបិឌ-អេដុម នៅ​ក្រុង​កាថ​វិញ។ 14ហិប​របស់​ព្រះ​បាន​នៅ​ជា‌មួយ​គ្រួសារ​អូបិឌ-អេដុម គឺ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​អស់​រយៈ​ពេល​បី​ខែ ព្រះ‌យេហូវ៉ា​ក៏​ប្រទាន​ពរ​ដល់​គ្រួ​របស់​អូបិឌ-អេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន​ផង។

ទើបបានជ្រើសរើសហើយ៖

១ របា‌ក្សត្រ 13: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល