ទីតុស 1
1
សេចក្ដីផ្ដើម
1ខ្ញុំ ប៉ូល ជាអ្នកបម្រើរបស់អុលឡោះ និងជាសាវ័ករបស់អ៊ីសាអាល់ម៉ាហ្សៀស។ អុលឡោះចាត់ខ្ញុំឲ្យនាំអស់អ្នកដែលទ្រង់បានជ្រើសរើសឲ្យមានជំនឿ និងស្គាល់ច្បាស់នូវសេចក្ដីពិត ដែលជាគ្រឹះនៃការគោរពប្រណិប័តន៍ទ្រង់។ 2អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលអុលឡោះបានសន្យា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់មិនកុហកទេ។ 3នៅពេលកំណត់ ទ្រង់បានសំដែងបន្ទូលរបស់ទ្រង់ ហើយប្រគល់បន្ទូលនេះមកឲ្យខ្ញុំប្រកាស តាមបញ្ជារបស់អុលឡោះជាម្ចាស់សង្រ្គោះរបស់យើង។
4មកដល់ទីតុស ជាកូនដ៏ពិតប្រាកដ ខាងជំនឿដែលយើងមានរួមគ្នា។
សូមអុលឡោះជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសាជាអ្នកសង្គ្រោះនៃយើង ប្រទានឲ្យអ្នកបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដ។
កិច្ចការដែលលោកទីតុសត្រូវបំពេញនៅកោះក្រែត
5ខ្ញុំបានទុកអ្នកឲ្យនៅកោះក្រែត ដើម្បីចាត់ចែងកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតែងតាំងអះលីជំអះ នៅតាមក្រុងនីមួយៗដូចខ្ញុំបានផ្ដាំរួចហើយ 6គឺត្រូវយកអ្នកណាដែលឥតមានកំហុស មានភរិយាតែមួយ មានកូនចៅជាអ្នកជឿ ហើយគ្មាននរណាចោទប្រកាន់ថា ជាកូនខិលខូចមិនចេះស្ដាប់បង្គាប់។ 7ក្នុងឋានៈជាអ្នកមើលខុសត្រូវលើកិច្ចការរបស់អុលឡោះ អ្នកអភិបាល ត្រូវតែឥតកំហុស មិនក្រអឺតក្រទម មិនឆាប់ខឹង មិនស្រវឹងស្រា មិនចេះឈ្លោះប្រកែក ឬរកប្រាក់តាមរបៀបថោកទាបនោះឡើយ។ 8ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្ដធ្ងន់ សុចរិត ចិត្ដបរិសុទ្ធ ចេះទប់ចិត្ដ 9ជាប់ចិត្ដនឹងបន្ទូលរបស់អុលឡោះជាគ្រឹះនៃជំនឿ ស្របតាមសេចក្ដីដែលគេបានរៀន ដើម្បីឲ្យមានសមត្ថភាពដាស់តឿនអ្នកដទៃតាមសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ព្រមទាំងចេះរកខុសត្រូវតបតនឹងពួកអ្នកប្រឆាំងផង។
10មានមនុស្សជាច្រើន ជាពិសេស ក្នុងចំណោមសាសន៍យូដា ដែលជាអ្នកជឿមានចិត្ដរឹងរូស ព្រោកប្រាជ្ញឥតបានការ និងបោកប្រាស់គេទៀតផង។ 11ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតពួកគេបានធ្វើឲ្យកើតវឹកវរ ក្នុងក្រុមគ្រួសារជាច្រើនដោយបង្រៀនអំពីសេចក្ដីដែលមិនត្រូវបង្រៀន ដើម្បីបោកយកប្រាក់យ៉ាងថោកទាប។ 12មានម្នាក់ក្នុងចំណោមពួកគេដែលជាណាពីរបស់គេផ្ទាល់ពោលថាៈ «អ្នកស្រុកក្រែតសុទ្ធតែជាមេកុហក ជាសត្វតិរច្ឆានដ៏សាហាវ និងជាមេកំជិល ដែលគិតតែពីស៊ីផឹក!»។ 13ពាក្យនេះពិតណាស់! ដូច្នេះ ត្រូវស្ដីបន្ទោសគេយ៉ាងតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ 14កុំឲ្យជាប់ចិត្ដនឹងរឿងព្រេងរបស់សាសន៍យូដា និងជាប់ចិត្ដទៅលើបទបញ្ជាផ្សេងៗរបស់ពួកអ្នកដែលបានងាកចេញពីសេចក្ដីពិតបានតែងនោះឡើយ។ 15ចំពោះអ្នកដែលមានចិត្ដបរិសុទ្ធ អ្វីៗទាំងអស់សុទ្ធតែបរិសុទ្ធ រីឯអ្នកដែលមានចិត្ដសៅហ្មង និងមិនជឿអ្វីៗទាំងអស់សុទ្ធតែមិនបរិសុទ្ធ ព្រោះប្រាជ្ញា និងមនសិការរបស់គេសុទ្ធតែសៅហ្មង។ 16គេប្រកាសថា ខ្លួនស្គាល់អុលឡោះហើយ ប៉ុន្ដែ តាមអំពើដែលគេប្រព្រឹត្ដ គេបែរជាបដិសេធមិនទទួលស្គាល់ទ្រង់ទៅវិញ។ អ្នកទាំងនោះសុទ្ធតែជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សរឹងទទឹង ហើយពុំអាចប្រព្រឹត្ដអំពើល្អបានឡើយ។
ទើបបានជ្រើសរើសហើយ៖
ទីតុស 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.