វិវរណៈ 3

3
លិខិត​ផ្ញើ​ជូន​ក្រុម‌ជំអះ​នៅ​ក្រុង​សើដេស
1«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​សើដេស ដូច​ត​ទៅ​នេះ៖ អ៊ីសា​ដែល​មាន​រស​ទាំង​ប្រាំ​ពីរ​របស់​អុលឡោះ និង​មាន​ផ្កាយ​ទាំង​ប្រាំ​ពីរ គាត់​ប្រាប់​ថាៈ “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។ 2ចូរ​ភ្ញាក់​ស្មារតី! ចូរ​ពង្រឹង​អ្វីៗ​ដែល​នៅ​សល់ ហើយ​ហៀប​នឹង​ស្លាប់​នោះ​ឲ្យ​មាំ‌មួន​ឡើង ដ្បិត​យើង​ឃើញ​ថា អំពើ​ដែល​អ្នក​បាន​ប្រព្រឹត្ដ មិន​គ្រប់​លក្ខណៈ​នៅ​ចំពោះ​អុលឡោះ​ជា​ម្ចាស់​របស់​យើង​ទេ។ 3ដូច្នេះ ចូរ​នឹក​គិត​អំពី​របៀប​ដែល​អ្នក​បាន​ទទួល និង​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ហើយ​ប្រតិបត្ដិ​តាម រួច​កែ​ប្រែ​ចិត្ដ​គំនិត​ទៅ។ ប្រសិន​បើ​អ្នក​មិន​ភ្ញាក់​ស្មារតី​ទេ យើង​នឹង​មក​ដូច​ចោរ​ចូល​លួច គឺ​អ្នក​ពុំ​ដឹង​ថា យើង​នឹង​មក​ដល់​ថ្មើរ​ណា​ឡើយ។ 4ក៏​ប៉ុន្ដែ នៅ​ក្រុង​សើដេស​នេះ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក ពុំ​បាន​ធ្វើ​ឲ្យ​សម្លៀក‌បំពាក់​ខ្លួន​ប្រឡាក់​ទេ គឺ​គេ​នឹង​ដើរ​ជា​មួយ​យើង ដោយ​មាន​សម្លៀក‌បំពាក់​ពណ៌​ស ព្រោះ​គេ​សម​នឹង​ស្លៀក​ពាក់​បែប​នេះ។
5ហេតុ​នេះ អ្នក​ណា​មាន​ជ័យ‌ជំនះ អ្នក​នោះ​នឹង​មាន​សម្លៀក‌បំពាក់​ពណ៌​ស យើង​នឹង​មិន​លុប​ឈ្មោះ​គេ​ចេញ​ពី​ក្រាំង​ជីវិត​ឡើយ ហើយ​យើង​នឹង​ទទួល​ស្គាល់​ឈ្មោះ​អ្នក​នោះ នៅ​ចំពោះ​អុលឡោះ‌ជាបិតា​របស់​យើង និង​នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់។ 6ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!”»។
លិខិត​ផ្ញើ​ជូន​ក្រុម‌ជំអះ​នៅ​ក្រុង​ភីឡា‌ដិលភា
7«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ភីឡា‌ដិលភា ដូច​ត​ទៅ​នេះ៖
អ្នក​ដ៏​វិសុទ្ធ អ្នក​ដ៏​ពិត​ប្រាកដអ្នក​ដែល​កាន់​កូន​សោរ​របស់​ទត បើ​គាត់​បើក គ្មាន​នរណា​បិទ​បាន បើ​គាត់​បិទ គ្មាន​នរណា​បើក​បាន គាត់​ប្រាប់​ថាៈ 8“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ​នោះ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក​ហើយ គ្មាន​នរណា​អាច​បិទ​បាន​ទេ។ អ្នក​មាន​អំណាច​តិច​មែន តែ​អ្នក​បាន​ប្រតិបត្ដិ​តាម​ពាក្យ​យើង ហើយ​មិន​បាន​បដិសេធ​ថា មិន​ស្គាល់​នាម​យើង​ផង។ 9យើង​នឹង​ប្រគល់​អ្នក​ខ្លះ​ពី​សាលា​ប្រជុំ​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ឲ្យ​អ្នក។ ពួក​គេ​ថា​ខ្លួន​ជា​សាសន៍​យូដា តាម​ពិត​គេ​មិន​មែន​ជា​សាសន៍​យូដា​ទេ គឺ​គេ​និយាយ​កុហក។ យើង​នឹង​ឲ្យ​អ្នក​ទាំង​នោះ មក​ក្រាប​នៅ​ជើង​អ្នក ព្រម​ទាំង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​បាន​ស្រឡាញ់​អ្នក​មែន។ 10ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្ដិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។ 11យើង​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ អ្វីៗ​ដែល​អ្នក​មាន ចូរ​កាន់​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​នរណា​ដណ្ដើម​យក​មកុដ​របស់​អ្នក​បាន។
12អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​តាំង​អ្នក​នោះ​ឲ្យ​ធ្វើ​ជា​សសរ​មួយ នៅ​ក្នុង​ម៉ាស្ជិទ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង ហើយ​គេ​នឹង​មិន​ចាក​ចេញ​ពី​ម៉ាស្ជិទ​នេះ​ទៀត​ឡើយ។ យើង​នឹង​ចារឹក​នាម​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង និង​ឈ្មោះ​ក្រុង​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូសា‌ឡឹម​ថ្មី​ដែល​ចុះ​ពី​សូរ៉កា ចុះ​មក​ពី​អុលឡោះ​ជា​ម្ចាស់​របស់​យើង។ យើង​ក៏​នឹង​ចារឹក​នាម​ថ្មី​របស់​យើង លើ​អ្នក​នោះ​ដែរ។ 13ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ ឲ្យ​មែន​ទែន!”»។
លិខិត​ផ្ញើ​ជូន​ក្រុម‌ជំអះ​ក្រុង​ឡៅឌី‌សេ
14«ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​ឡៅឌី‌សេ ដូច​ត​ទៅ​នេះ៖ អ្នក​ដែល​ជា‌អាម៉ីន​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ និង​ពិត​ប្រាកដ ហើយ​ជា​ប្រភព​នៃ​អ្វីៗ​ទាំង​អស់ ដែល​អុលឡោះ​បាន​បង្កើត​មក គាត់​មាន​បន្ទូល​ថាៈ 15“យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ​នោះ​ហើយ គឺ​អ្នក​ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ។ ប្រសិន​បើ​អ្នក​ពិត​ជា​ត្រជាក់ ឬ​ពិត​ជា​ក្ដៅ​នោះ​ប្រសើរ​ជាង! 16ដោយ​អ្នក​នៅ​ឧណ្ហៗ ត្រជាក់​ក៏​មិន​ត្រជាក់ ក្ដៅ​ក៏​មិន​ក្ដៅ​ដូច្នេះ យើង​នឹង​ខ្ជាក់​អ្នក​ចោល​ជា​មិន​ខាន 17ព្រោះ​អ្នក​ពោល​ថា “ខ្ញុំ​ជា​អ្នក​មាន ខ្ញុំ​មាន​ស្ដុកស្ដម្ភ​ហើយ ខ្ញុំ​មិន​ត្រូវ​ការ​អ្វី​ទេ” អ្នក​ពុំ​ដឹង​ថា ខ្លួន​កំពុង​តែ​វេទនា​រហេម‌រហាម​ក្រ​តោក​យ៉ាក ខ្វាក់​ភ្នែក គ្មាន​សម្លៀក‌បំពាក់​បិទ‌បាំង​កាយ​នោះ​ឡើយ។ 18យើង​សុំ​ទូន្មាន​អ្នក​ឲ្យ​មក​រក​ទិញ​មាស​ពី​យើង ជា​មាស​ដែល​សម្រាំង​នៅ​ក្នុង​ភ្លើង ដើម្បី​ឲ្យ​បាន​ទៅ​ជា​អ្នក​មាន ហើយ​ទិញ​សម្លៀក‌បំពាក់​ពណ៌​ស មក​ស្លៀក​ពាក់​បិទ‌បាំង​កេរ្ដិ៍​ខ្មាស​របស់​អ្នក កុំ​ឲ្យ​នៅ​ខ្លួន​ទទេ​ដូច្នេះ។ ចូរ​មក​រក​ទិញ​ថ្នាំ​ដាក់​ភ្នែក​ពី​យើង​ផង​ដែរ ដើម្បី​ឲ្យ​អ្នក​មើល​ឃើញ​ច្បាស់។ 19យើង​ស្ដី​បន្ទោស និង​ប្រដែ‌ប្រដៅ​អស់​អ្នក​ដែល​យើង​ស្រឡាញ់។ ដូច្នេះ ចូរ​មាន​ចិត្ដ​ក្លាហាន​ហើយ​កែ​ប្រែ​ចិត្ដ​គំនិត​ឡើង!។ 20មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។
21អ្នក​ណា​មាន​ជ័យ‌ជំនះ យើង​នឹង​ឲ្យ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​យើង ដូច​យើង​មាន​ជ័យ‌ជំនះ ហើយ​អង្គុយ​នៅ​លើ​បល្ល័ង្ក​រួម​ជា​មួយ​អុលឡោះ‌ជាបិតា​របស់​យើង​ដែរ»។ 22«ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​រស‌អុលឡោះ​មាន​បន្ទូល​មក​កាន់​ក្រុម‌ជំអះ​ទាំង​នេះ​ឲ្យ​មែន​ទែន!»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល