វិវរណៈ 19

19
ចំរៀង​ជោគ​ជ័យ និង​វិវាហ‌មង្គល‌ការ​របស់​កូន​ចៀម
1បន្ទាប់​ពី​ហេតុ‌ការណ៍​ទាំង​នោះ​មក ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​យ៉ាង​ខ្លាំង​របស់​មហា‌ជន​ច្រើន​កុះ‌ករ​នៅ​លើ​មេឃ​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! សូម​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ទ្រង់​សង្គ្រោះ​យើង ទ្រង់​ប្រកប​ដោយ​សិរី‌រុង‌រឿង និង​អំណាច 2ដ្បិត​ទ្រង់​វិនិច្ឆ័យ​ទោស​យ៉ាង​ត្រឹម​ត្រូវ តាម​យុត្ដិធម៌។ ទ្រង់​បាន​វិនិច្ឆ័យ​ទោស​ស្ដ្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​បាន​ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សៅ‌ហ្មង ដោយ​កាម​គុណ​របស់​នាង ទ្រង់​បាន​ដាក់​ទោស​ស្ដ្រី​ពេស្យា​នោះ ព្រោះ​នាង​បាន​បង្ហូរ​ឈាម​ពួក​អ្នក​បម្រើ​របស់​ទ្រង់»។ 3មហា‌ជន​ទាំង​នោះ​ពោល​ម្ដង​ទៀត​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ផ្សែង​នៃ​ក្រុង​នោះ​នឹង​ហុយ​ឡើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ»។
4ពួក​អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់ និង​សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​នាំ​គ្នា​ក្រាប​ចុះ ហើយ​ថ្វាយ‌បង្គំ​អុលឡោះ​ដែល​នៅ​លើ​បល្ល័ង្ក​ទាំង​ពោល​ថា៖ «អាម៉ីន! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!»។ 5មាន​សំឡេង​ចេញ​ពី​បល្ល័ង្ក​មក​ថា៖ «អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​អុលឡោះ អ្នក​រាល់​គ្នា​ជា​អ្នក​គោរព​កោត​ខ្លាច​ទ្រង់​ទាំង​តូច​ទាំង​ធំ​អើយ ចូរ​សរសើរ​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​យើង!»។ 6ពេល​នោះ​ខ្ញុំ​ឮ​ហាក់​ដូច​ជា​មាន​សំឡេង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ ដូច​ជា​មាន​ស្នូរ​សន្ធឹក​មហា​សាគរ និង​ដូច​ជា​មាន​ស្នូរ​ផ្គរ‌លាន់​យ៉ាង​ខ្លាំង​ថា៖ «ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់ ទ្រង់​បាន​តាំង​រាជ្យ​របស់​ទ្រង់​ហើយ 7យើង​នាំ​គ្នា​អរ​សប្បាយ​ឡើង ត្រូវ​មាន​អំណរ​រីក‌រាយ​ឲ្យ​ខ្លាំង ហើយ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​ទ្រង់ ដ្បិត​ដល់​ពេល​រៀប​វិវាហ‌មង្គល‌ការ​កូន​ចៀម​ហើយ ភរិយាថ្មោង​ថ្មី​របស់​កូន​ចៀម​ក៏​បាន​រៀប‌ចំ​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ។ 8ទ្រង់​ប្រទាន​ឲ្យ​នាង​ស្លៀក​ពាក់​រុង‌រឿង ភ្លឺ​ចិញ្ចែង‌ចិញ្ចាច និង​បរិសុទ្ធ។ សម្លៀក‌បំពាក់​ដ៏​រុង‌រឿង​នោះ គឺ​ជា​អំពើ​សុចរិត​ផ្សេងៗ​ដែល​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​បាន​ប្រព្រឹត្ដ»។
9ម៉ាឡា‌អ៊ីកាត់​ពោល​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​កត់‌ត្រា​ទុក អ្នក​ណា​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ​ឲ្យ​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​មង្គល‌ការ​កូន​ចៀម អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល​ហើយ!»។ បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​ប្រាប់​ខ្ញុំ​ថា៖ «សេចក្ដី​ទាំង​នេះ​ពិត​ជា​បន្ទូល​របស់​អុលឡោះ​មែន»។ 10ខ្ញុំ​ក៏​ក្រាប​ចុះ​ដល់​ជើង​ម៉ាឡា‌អ៊ីកាត់​នោះ​បម្រុង​នឹង​ថ្វាយ‌បង្គំ​គាត់ ប៉ុន្ដែ គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​បង​ប្អូន​អ្នក​ដែល​ជឿ​លើ​សក្ខី‌ភាព​របស់​អ៊ីសា​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ! ដ្បិត​សក្ខី‌ភាព​របស់​អ៊ីសា គឺ​វិញ្ញាណ​ដែល​ថ្លែង​បន្ទូល​ក្នុង​នាម​អុលឡោះ»។
ជ័យ‌ជំនះ​របស់​អាល់ម៉ា‌ហ្សៀស​លើ​សត្វ​តិរច្ឆាន និង​លើ​ណាពី​ក្លែង‌ក្លាយ
11បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។ 12គាត់​មាន​ភ្នែក​ដូច​អណ្ដាត​ភ្លើង ហើយ​មាន​មកុដ​ជា​ច្រើន នៅ​លើ​ក្បាល​ផង។ នៅ​លើ​រូប‌កាយ​គាត់​មាន​សរសេរ​ឈ្មោះ​មួយ ក្រៅ​ពី​គាត់ គ្មាន​នរណា​ស្គាល់​ឈ្មោះ​នោះ​ឡើយ 13គាត់​មាន​សម្លៀក‌បំពាក់​ទទឹក​ឈាម​ជោក។ គាត់​មាន​ឈ្មោះ​ថា «បន្ទូល​របស់​អុលឡោះ»។ 14កង‌ទ័ព​នៅ​សូរ៉កា​នាំ​គ្នា​ជិះ​សេះ ស មក​តាម​គាត់ ទាំង​ស្លៀក​ពាក់​សំពត់​ទេស‌ឯក​ពណ៌​ស និង​បរិសុទ្ធ។ 15មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​មាត់​របស់​គាត់ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយគាត់​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​គាត់​ជាន់​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ធុង​ឲ្យ​ចេញ​ជា​ស្រា​នៃ​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​អុលឡោះ ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់។ 16នៅ​លើ​អាវ និង​លើ​ភ្លៅ​របស់​គាត់ មាន​សរសេរ​ឈ្មោះ​ថា «ស្តេច​លើ​ស្តេច​នានា និង​អម្ចាស់​លើ​អម្ចាស់​នានា»។ 17ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ឈរ​នៅ​ក្នុង​ព្រះ‌អាទិត្យ។ ម៉ាឡា‌អ៊ីកាត់​នោះ​បន្លឺ​សំឡេង​ខ្លាំងៗ​ទៅ​កាន់​សត្វ​ស្លាប​ទាំង​អស់ ដែល​ហើរ​នៅ​កណ្ដាល​អាកាស​វេហាស៍​ថា៖ «ចូរ​នាំ​គ្នា​មក! ចូរ​ប្រមូល​គ្នា​មក​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដ៏​មហោ‌ឡារឹក​របស់​អុលឡោះ 18ដើម្បី​ស៊ី​សាច់​ពួក​ស្ដេច សាច់​ពួក​មេ‌ទ័ព សាច់​ពួក​អ្នក​ខ្លាំង​ពូកែ សាច់​សេះ និង​សាច់​ពួក​អ្នក​ជិះ​សេះ ព្រម​ទាំង​សាច់​មនុស្ស​ទាំង​អស់ គឺ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ»។
19ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន និង​ពួក​ស្ដេច​នានា​នៅ​លើ​ផែនដី ព្រម​ទាំង​កង‌ទ័ព​របស់​គេ​ប្រមូល​គ្នា​មក​ច្បាំង​នឹង​គាត់ ដែល​នៅ​លើ​សេះ និង​កង‌ទ័ព​របស់​គាត់។ 20សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។ 21រីឯ​អ្នក​ឯ​ទៀតៗ​ក៏​បាន​ស្លាប់​ដោយ​ដាវ​ចេញ​មក​ពី​មាត់​របស់​គាត់​ដែល​នៅ​លើ​សេះ ហើយ​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ក៏​បាន​ស៊ី​សាច់​ពួក​គេ​ឆ្អែត​រៀងៗ​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 19: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល