វិវរណៈ 11

11
ក្រុង​បរិសុទ្ធ និង​បន្ទាល់​ពីរ​នាក់
1បន្ទាប់​មក ម៉ាឡា‌អ៊ីកាត់​បាន​ប្រគល់​ដើម​ត្រែង​មួយ​មក​ខ្ញុំ ស្រដៀង​នឹង​ដំបង​សម្រាប់​វាស់​ហើយ​ប្រាប់​ថា៖ «ចូរ​ក្រោក​ឡើង​ទៅ​វាស់​ម៉ាស្ជិទ​របស់​អុលឡោះ វាស់​អាសនៈ និង​រាប់​អស់​អ្នក​ដែល​ថ្វាយ‌បង្គំ​ទ្រង់​នៅ​ទី​នោះ​ផង។ 2ក៏​ប៉ុន្ដែ ត្រូវ​ទុក​ទី‌លាន​ដែល​នៅ​ខាង​ក្រៅ​ម៉ាស្ជិទ​ដោយ​ឡែក កុំ​វាស់​ឲ្យ​សោះ ដ្បិត​ទ្រង់​បាន​ប្រគល់​លាន​នោះ​ឲ្យ​ជាតិ​សាសន៍​នានា ហើយ​ពួក​គេ​នឹង​ជាន់​ឈ្លី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែ‌សិប​ពីរ​ខែ។
3យើង​នឹង​ឲ្យ​បន្ទាល់​របស់​យើង​ទាំង​ពីរ​នាក់​ស្លៀក​បាវ ទៅ​ថ្លែង​បន្ទូល ក្នុង​រយៈ​ពេល​មួយ​ពាន់​ពីរ​រយ​ហុក‌សិប​ថ្ងៃ​នោះ។ 4អ្នក​ទាំង​ពីរ​នេះ គឺ​ជា​ដើម​អូលីវ​ទាំង​ពីរ និង​ជា​ជើង​ចង្កៀង​ទាំង​ពីរ​ដែល​ស្ថិត​នៅ​ខាង​មុខ​អុលឡោះ‌ជាអម្ចាស់​នៃ​ផែនដី5ប្រសិន​បើ​មាន​នរណា​ម្នាក់ ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ​នោះ​នឹង​មាន​ភ្លើង​ចេញ​ពី​មាត់​គាត់ មក​ឆេះ​បំផ្លាញ​សត្រូវ​របស់​គាត់​ជា​មិន​ខាន។ ប្រាកដ​ណាស់ ប្រសិន​បើ​អ្នក​ណា​ចង់​ធ្វើ​ទុក្ខ​អ្នក​ទាំង​ពីរ អ្នក​នោះ​ពិត​ជា​ត្រូវ​ស្លាប់​បែប​នេះ​ឯង។ 6អ្នក​ទាំង​ពីរ​មាន​អំណាច​ធ្វើ​ឲ្យ​មេឃ​រាំង គ្មាន​ភ្លៀង​ធ្លាក់​ក្នុង​អំឡុង​ពេល​ដែល​គាត់​ថ្លែង​បន្ទូល​នៃ​អុលឡោះ ហើយ​ក៏​មាន​អំណាច​ធ្វើ​ឲ្យ​ទឹក​ក្លាយ​ទៅ​ជា​ឈាម ព្រម​ទាំង​ធ្វើ​ឲ្យ​គ្រោះ​កាច​គ្រប់​យ៉ាង​អាច​កើត​មាន​នៅ​លើ​ផែនដី​ពេល​ណា​ក៏​បាន តាម​តែ​គាត់​ចង់។
7ពេល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​សក្ខី‌ភាព​របស់​ខ្លួន​ចប់​សព្វ​គ្រប់​ហើយ មាន​សត្វ​តិរច្ឆាន​ឡើង​ពី​នរ៉កា​អវិចី​មក​ច្បាំង​នឹង​គេ វា​នឹង​ឈ្នះ ហើយ​ប្រហារ​ជីវិត​គេ​ទៀត​ផង។ 8សាក‌សព​របស់​អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទុក​ចោល​នៅ​តាម​ទី​ផ្សារ ក្នុង​ក្រុង​ដ៏​ធំ​នោះ ជា​ក្រុង​ដែល​មាន​ឈ្មោះ​ជា​និមិត្ដ‌រូប ថា “សូដុម” ឬ​“អេស៊ីប” គឺ​នៅ​ក្រុង​នោះ​ហើយ​ដែល​គេ​ឆ្កាង​អ៊ីសា‌ជាអម្ចាស់​របស់​អ្នក​ទាំង​ពីរ។ 9មនុស្ស‌ម្នា​ពី​ចំណោម​ប្រជា‌ជន​នានា ពី​ចំណោម​កុល‌សម្ព័ន្ធ ពី​ចំណោម​ភាសា និង​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ​នឹង​ឃើញ​សាក‌សព​របស់​អ្នក​ទាំង​ពីរ ក្នុង​រវាង​បី​ថ្ងៃ​កន្លះ ហើយ​ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​យក​សាក‌សព​អ្នក​ទាំង​ពីរ​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​ឡើយ។ 10មនុស្ស‌ម្នា​ដែល​រស់​នៅ​ផែនដី​នឹង​មាន​ចិត្ដ​ត្រេក​អរ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លាប់ គឺ​គេ​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ពួក​គេ​នឹង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ណាពី​ទាំង​ពីរ​នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ដែល​រស់​នៅ​លើ​ផែនដី​រង‌ទុក្ខ​លំបាក​ខ្លាំង​ណាស់។
11បី​ថ្ងៃ​កន្លះ​ក្រោយ​មក មាន​ដង្ហើម​ជីវិតមួយ​ចេញ​ពី​អុលឡោះ មក​ចូល​ក្នុង​សាក‌សព​អ្នក​ទាំង​ពីរ។ អ្នក​ទាំង​ពីរ​ក៏​ក្រោក​ឈរ​ឡើង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 12អ្នក​ទាំង​ពីរ​បាន​ឮ​សំឡេង​មួយ​ពី​លើ​មេឃ បន្លឺ​យ៉ាង​ខ្លាំង​មក​កាន់​គេ​ថា “សូម​ឡើង​មក​នេះ!”។ អ្នក​ទាំង​ពីរ​ក៏​ឡើង​ទៅ​លើ​មេឃ​ក្នុង​ពពក រីឯ​ពួក​សត្រូវ​ក៏​បាន​ឃើញ​ដែរ។ 13ខណៈ​នោះ​ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែនដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា»។
14ទុក្ខ​វេទនា​ទី​ពីរ​នេះ​បាន​កន្លង​ផុត​ទៅ ទុក្ខ​វេទនា​ទី​បី​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់ៗ។
សំឡេង​ត្រែ​ទី​ប្រាំ​ពីរ
15ម៉ាឡា‌អ៊ីកាត់​ទី​ប្រាំ​ពីរ​ផ្លុំ​ត្រែ​ឡើង ស្រាប់​តែ​មាន​សំឡេង​លាន់​ឮ​រំពង​នៅ​លើ​មេឃ​ថា៖ «នគរ​ក្នុង​លោក​នេះ ត្រូវ​ផ្ទេរ​ជូន​ទៅ​អុលឡោះ‌ជាអម្ចាស់​នៃ​យើង និង​ជូន​អាល់ម៉ា‌ហ្សៀស​របស់​ទ្រង់ ហើយ​ទ្រង់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!»។
16ពេល​នោះ អះលី‌ជំអះ​ទាំង​ម្ភៃ​បួន​នាក់​ដែល​អង្គុយ​លើ​បល្ល័ង្ក​នៅ​ខាង​មុខ​អុលឡោះ ក៏​នាំ​គ្នា​ក្រាប​អោន​មុខ​ដល់​ដី ហើយ​ថ្វាយ‌បង្គំ​អុលឡោះ 17ទាំង​ពោល​ថា៖
«ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់
ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​អើយ
ទ្រង់​នៅ​សព្វ​ថ្ងៃ​នេះ
ហើយ​ក៏​នៅ
តាំង​ពី​ដើម​រៀង​មក​ដែរ!
យើង​ខ្ញុំ​សូម​អរ​គុណ​ទ្រង់
ព្រោះ​ទ្រង់​បាន​យក​អំណាច​ដ៏​ខ្លាំង​ក្លា
របស់​ទ្រង់
មក​តាំង​រាជ្យ​របស់​ទ្រង់​ឡើង។
18ជាតិ​សាសន៍​នានា​បាន​នាំ​គ្នា​ខឹង
ហើយ​ពេល​ដែល​ទ្រង់​សំដែង​កំហឹង
ក៏​មក​ដល់​ដែរ
គឺ​ជា​ពេល​កំណត់​ដែល​ទ្រង់​វិនិច្ឆ័យ​ទោស
មនុស្ស​ស្លាប់។
នៅ​ពេល​នោះ ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់
ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់
ដល់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ
និង​ដល់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច
នាម​ទ្រង់ ទាំង​អ្នក​តូច ទាំង​អ្នក​ធំ
ហើយ​ក៏​ជា​ពេល​ដែល​ទ្រង់​ត្រូវ​បំផ្លាញ
អស់​អ្នក​ដែល​បាន​បំផ្លាញ​ផែនដី​ដែរ»។
19ពេល​នោះ ទ្វារ​ម៉ាស្ជិទ​របស់​អុលឡោះ​នៅ​សូរ៉កា​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ក៏​លេច​មក​នៅ​ក្នុង​ម៉ាស្ជិទ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 11: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល