វិវរណៈ 1

1
សេចក្ដី​ផ្ដើម
1នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់ 2លោក​យ៉ូហាន​បាន​ធ្វើ​ជា​បន្ទាល់ អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ឃើញ គឺ​ជា​បន្ទូល​របស់​អុលឡោះ និង​ជា​សក្ខី‌ភាព​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។
3អ្នក​ណា​អាន​គីតាប​នេះ អ្នក​នោះ​មាន​សុភមង្គល​ហើយ! អស់​អ្នក​ដែល​ស្ដាប់​ពាក្យ​គាត់​ថ្លែង​ក្នុង​នាម​អុលឡោះ ហើយ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​មក​នេះ ក៏​មាន​សុភមង្គល​ដែរ! ដ្បិត​ពេល​កំណត់​ជិត​មក​ដល់​ហើយ។
ពាក្យ​ជម្រាប​សួរ
4ខ្ញុំ យ៉ូហាន សូម​ជម្រាប​មក​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ស្រុក​អាស៊ី។ សូម​ទ្រង់​ដែល​នៅ​សព្វ​ថ្ងៃ នៅ​ពី​អតីត‌កាល ហើយ​កំពុង​តែ​មក ប្រទាន​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន។ សូម​រស‌អុលឡោះ​ទាំង​ប្រាំ​ពីរ ដែល​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​ទ្រង់ 5និង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ប្រណី‌សន្ដោស ព្រម​ទាំង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ​ដល់​បង​ប្អូន​ដែរ! អ៊ីសា​ជា​បន្ទាល់​ដ៏​ស្មោះ​ត្រង់ គាត់​រស់​ឡើង​វិញ​មុន​គេ​បង្អស់ ហើយ​គាត់​ជា​អធិបតី​លើ​ស្ដេច​ទាំង​អស់​នៅ​ផែនដី។
អ៊ីសា​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ឈាម​របស់​គាត់​ផ្ទាល់។ 6អ៊ីសា​បាន​ធ្វើ​ឲ្យ​យើង​ទៅ​ជា​រាជា‌ណាចក្រ និង​ជា​ក្រុម​អ៊ីមុាំ​បម្រើ​អុលឡោះ ជា​បិតា​របស់​គាត់។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង និង​ចេស្ដា​របស់​គាត់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!។ 7មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។ 8អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​នៅ​សព្វ​ថ្ងៃ​នៅ​ពី​ដើម​ហើយ​កំពុង​តែ​មក គឺ​ម្ចាស់​ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់​ទ្រង់​មាន​បន្ទូល​ថា៖ «យើង​ជា​អាល់ផា និង​ជា​អូមេកា»។
លោក​យ៉ូហាន​និមិត្ដ​ឃើញ​អ៊ីសា
9ខ្ញុំ យ៉ូហាន ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។ ខ្ញុំ​រង‌ទុក្ខ​លំបាក ទទួល​គនរ និង​ព្យាយាម​រួម​ជា​មួយ​បង​ប្អូន ក្នុង​អ៊ីសា​ដែរ។ គេ​បាន​និរទេស​ខ្ញុំ​ទៅ​កោះ​មួយ​ឈ្មោះ​ប៉ាត‌ម៉ូស ព្រោះ​តែ​បន្ទូល​របស់​អុលឡោះ និង​សក្ខី‌ភាព​របស់​អ៊ីសា។ 10នៅ​ថ្ងៃ​របស់​អ៊ីសា‌ជាអម្ចាស់ រស‌អុលឡោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី ហើយ​ខ្ញុំ​ក៏​ឮ​សំឡេង​មួយ​នៅ​ខាង​ក្រោយ​ខ្ញុំ លាន់​រំពង​ឡើង​យ៉ាង​ខ្លាំង​ដូច​សំឡេង​ត្រែ 11សំឡេង​នោះ​ប្រាប់​ថា «អ្វីៗ​ដែល​អ្នក​បាន​ឃើញ ត្រូវ​សរសេរ​ទុក​ក្នុង​គីតាប​មួយ រួច​ផ្ញើ​ទៅ​ជូន​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ នៅ​ក្រុង​អេភេ‌សូ ក្រុង​ស្មៀរ‌ណា ក្រុង​ពើកា‌ម៉ុស ក្រុង​ធាទេ‌រ៉ា ក្រុង​សើដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅឌី‌សេ»។
12ខ្ញុំ​ក៏​ងាក​ទៅ​រក​សំឡេង ដែល​ពោល​មក​កាន់​ខ្ញុំ​ពេល​នោះ ខ្ញុំ​ឃើញ​ជើង​ចង្កៀង​មាស​ប្រាំ​ពីរ។ 13នៅ​កណ្ដាល​ជើង​ចង្កៀង​ទាំង​នោះ មាន​ម្នាក់​រាង​ដូច​បុត្រា​មនុស្ស ពាក់​អាវ​បំពង់​យ៉ាង​វែង ហើយ​មាន​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។ 14សក់ ភ្នែក​គាត់​ភ្លឺ​ដូច​អណ្ដាត​ភ្លើង 15ជើង​គាត់​រលើប​ដូច​លង្ហិន​ដែល​គេ​ដុត​ក្នុង​ភ្លើង ហើយ​សំឡេង​គាត់​ឮ​សូរ​សន្ធឹក​ដូច​មហា​សាគរ។ 16គាត់​កាន់​ផ្កាយ​ប្រាំ​ពីរ​នៅ​ដៃ​ស្ដាំ មាន​ដាវ​ដ៏​ស្រួច​មុខ​ពីរ​ចេញ​ពី​មាត់​របស់​គាត់ ហើយ​មុខ​គាត់​ប្រៀប​បី​ដូច​ជា​ថ្ងៃ​ពេញ​កំដៅ។
17ពេល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​គាត់។ គាត់​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត 18យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​នៅ​ក្នុង​ផ្នូរ។ 19ដូច្នេះ ចូរ​កត់‌ត្រា​ទុក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​អ្នក​បាន​ឃើញ គឺ​ហេតុ‌ការណ៍​ដែល​កំពុង​តែ​កើត​មាន​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ។ 20ចំពោះ​អត្ថន័យ​លាក់​កំបាំង អំពី​ផ្កាយ​ទាំង​ប្រាំ​ពីរ​ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ​នេះ​មាន​ដូច​ត​ទៅៈ ផ្កាយ​ទាំង​ប្រាំ​ពីរ គឺ​ជា​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំ​ពីរ គឺ​ជា​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ​នោះ​ឯង»។

ទើបបានជ្រើសរើសហើយ៖

វិវរណៈ 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល