ភីលីព 1
1
សេចក្ដីផ្ដើម
1យើងខ្ញុំ ប៉ូល និងធីម៉ូថេជាអ្នកបម្រើរបស់អាល់ម៉ាហ្សៀសអ៊ីសា សូមជម្រាបមកប្រជាជនដ៏បរិសុទ្ធទាំងអស់ ដែលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសានៅក្រុងភីលីព ព្រមទាំងអស់លោកអភិបាល និងអ្នកជំនួយសូមជ្រាប។ 2សូមអុលឡោះ ជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ ប្រណីសន្តោស និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន។
ពាក្យអរគុណ និងពាក្យសូមអង្វរ
3ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំជានិច្ច 4គឺគ្រប់ពេល ខ្ញុំទូរអាអង្វរអុលឡោះសម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូរអាអង្វរដោយចិត្ដរីករាយជាដរាប 5ព្រោះបងប្អូនរួមចំណែកក្នុងការផ្សាយដំណឹងល្អ តាំងពីថ្ងៃដំបូង រហូតមកទល់សព្វថ្ងៃ។ 6ខ្ញុំជឿជាក់ថា អុលឡោះដែលបានចាប់ផ្ដើមធ្វើការល្អនៅក្នុងបងប្អូន ទ្រង់ក៏នឹងបង្ហើយការនេះរហូតដល់ថ្ងៃ អាល់ម៉ាហ្សៀសអ៊ីសាចុះមក។ 7ខ្ញុំមានចិត្ដគំនិតបែបនេះចំពោះបងប្អូនទាំងអស់គ្នា ពិតជាត្រឹមត្រូវមែន ព្រោះចិត្ដខ្ញុំនៅជាប់ជំពាក់នឹងបងប្អូនជានិច្ច ហើយទោះបីខ្ញុំនៅជាប់ឃុំឃាំងក្ដី ឬពេលខ្ញុំនិយាយ និងពង្រឹងដំណឹងល្អក្ដី បងប្អូនទាំងអស់គ្នា ក៏បានរួមចំណែកជាមួយខ្ញុំក្នុងកិច្ចការដែលអុលឡោះប្រណីសន្ដោស ឲ្យខ្ញុំបំពេញនេះដែរ។ 8អុលឡោះជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្ដអាណិតមេត្ដាមកពីអាល់ម៉ាហ្សៀសអ៊ីសា។
9ខ្ញុំសូមអង្វរអុលឡោះដូចតទៅនេះ គឺសូមឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដ៏លើសលប់ កាន់តែខ្លាំងឡើងៗ ធ្វើឲ្យបងប្អូនចេះដឹងច្បាស់ និងយល់សព្វគ្រប់ទាំងអស់ 10ដើម្បីឲ្យបងប្អូនចេះពិចារណាមើលថា ការអ្វីប្រសើរជាងគេ។ ដូច្នេះ នៅថ្ងៃអាល់ម៉ាហ្សៀសមក បងប្អូននឹងបានបរិសុទ្ធឥតមានកំហុសអ្វីឡើយ 11ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីអ៊ីសាអាល់ម៉ាហ្សៀស សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរអុលឡោះ។
លោកប៉ូលជាប់ឃុំឃាំង
12បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា ហេតុការណ៍ដែលកើតមានដល់ខ្ញុំនោះ បែរជាជួយដំណឹងល្អវិញទេ 13គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗមនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀស។ 14ដោយឃើញខ្ញុំជាប់ឃុំឃាំងដូច្នេះ បងប្អូនភាគច្រើនទុកចិត្ដលើអ៊ីសាជាអម្ចាស់ ហើយរឹតតែមានចិត្ដក្លាហានប្រកាសបន្ទូលនៃអុលឡោះឥតភ័យខ្លាចអ្វីឡើយ។ 15មានបងប្អូនខ្លះប្រកាសដំណឹងល្អអំពីអាល់ម៉ាហ្សៀស ដោយចិត្ដច្រណែនឈ្នានីសចង់ប្រណាំងប្រជែង តែបងប្អូនខ្លះទៀតប្រកាសដោយមានឆន្ទៈល្អ 16បងប្អូនទាំងនេះប្រកាសដោយចិត្ដស្រឡាញ់ ព្រោះដឹងថាអ៊ីសាជាអម្ចាស់បានតែងតាំងខ្ញុំឲ្យការពារដំណឹងល្អ។ 17រីឯអ្នកដែលផ្សាយដំណឹងអំពីអាល់ម៉ាហ្សៀស ដោយគំនិតប្រកួតចង់ឈ្នះនោះវិញ គេមានគោលបំណងមិនបរិសុទ្ធទេ គឺគេស្មានថា នឹងធ្វើឲ្យខ្ញុំរឹងរឹតតែវេទនាក្នុងទីឃុំឃាំងថែមទៀត។ 18មិនថ្វីទេ! ទោះជាយ៉ាងណាក៏ដោយ បើគេមានគំនិតវៀចវេរក្ដី ស្មោះសរក្ដី ក៏គេផ្សាយដំណឹងអំពីអាល់ម៉ាហ្សៀសដែរ ខ្ញុំសប្បាយចិត្ដនឹងការនេះ ហើយខ្ញុំនឹងសប្បាយចិត្ដតទៅមុខទៀត 19ដ្បិតខ្ញុំដឹងថា ការនេះនឹងធ្វើឲ្យខ្ញុំទទួលការសង្គ្រោះទៅវិញទេ ដោយបងប្អូនអង្វរអុលឡោះឲ្យខ្ញុំ ហើយដោយរសរបស់អ៊ីសាអាល់ម៉ាហ្សៀសជួយខ្ញុំដែរ។ 20ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និងសង្ឃឹមលើទ្រង់ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងអាល់ម៉ាហ្សៀសក្នុងរូបកាយខ្ញុំ។ 21ចំពោះខ្ញុំ បើរស់ ខ្ញុំរស់រួមជាមួយអាល់ម៉ាហ្សៀស ហើយបើស្លាប់ ខ្ញុំក៏បានចំណេញដែរ។ 22ប៉ុន្ដែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។ 23ចិត្ដខ្ញុំរារែកទាំងសងខាង គឺម្យ៉ាងខ្ញុំប៉ងប្រាថ្នាចង់លាចាកលោកនេះ ទៅនៅជាមួយអាល់ម៉ាហ្សៀសនោះប្រសើរជាងឆ្ងាយណាស់ 24ម្យ៉ាងទៀត បើខ្ញុំនៅរស់ក្នុងលោកនេះតទៅមុខ នោះមានប្រយោជន៍ជាងសម្រាប់បងប្អូន។ 25ខ្ញុំជឿជាក់ និងដឹងថាខ្ញុំនឹងនៅរស់ ហើយស្នាក់នៅជាមួយបងប្អូនទាំងអស់គ្នា ដើម្បីឲ្យបងប្អូនបានចំរើនឡើង ទាំងមានអំណរមកពីជំនឿ 26និងដើម្បីឲ្យបងប្អូនរឹងរឹតតែខ្ពស់មុខថែមទៀតដោយបានរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ព្រោះតែខ្ញុំ នៅពេលដែលខ្ញុំវិលមកជួបបងប្អូនវិញ។
ការតស៊ូស្វិតស្វាញក្នុងជំនឿ
27សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង 28គឺបងប្អូនមិនញញើតនឹងពួកអ្នកប្រឆាំង ត្រង់ប្រការណាមួយឡើយ ជាភស្ដុតាងសឲ្យឃើញថា ពួកគេនឹងត្រូវវិនាសអន្ដរាយ រីឯបងប្អូនវិញ បងប្អូននឹងទទួលការសង្គ្រោះ។ ការនេះកើតមកពីអុលឡោះ 29ដ្បិតអុលឡោះប្រណីសន្ដោសបងប្អូនឲ្យបម្រើអាល់ម៉ាហ្សៀស ដោយមិនគ្រាន់តែជឿលើគាត់ប៉ុណ្ណោះទេ គឺថែមទាំងរងទុក្ខលំបាកដើម្បីគាត់ទៀតផង។ 30បងប្អូនបានតយុទ្ធរួមជាមួយខ្ញុំ ដូចបងប្អូនធ្លាប់បានឃើញខ្ញុំតយុទ្ធស្រាប់ហើយ ហើយដូចបងប្អូនឮថា ខ្ញុំកំពុងតែតយុទ្ធនៅឡើយ។
ទើបបានជ្រើសរើសហើយ៖
ភីលីព 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.