ជំរឿន​ប្រជាជន 6

6
ហ៊ូកុំ​ស្តី​អំពី​ពួក​ណាសា‌រីត
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 2«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​បុរស ឬ​ស្ត្រី​ណា​ម្នាក់​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ជូនអុលឡោះ‌តាអាឡា 3អ្នក​នោះ​ត្រូវ​តម​សុរា និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក​ខ្មេះ​ធ្វើ​អំពី​ស្រា​ទំពាំង​បាយ​ជូរ ឬ​ទឹក​ខ្មេះ​ធ្វើ​ពី​គ្រឿង​ស្រវឹង​ផ្សេង​ទៀត ហើយ​ក៏​មិន​ត្រូវ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ បរិភោគ​ផ្លែ​ទំពាំង​បាយ​ជូរ​ស្រស់ ឬ​ក្រៀម​ដែរ។ 4ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត គេ​មិន​ត្រូវ​បរិភោគ​អ្វី​ដែល​ជា​ផល​របស់​ដើម​ទំពាំង​បាយ​ជូរ​ឡើយ គឺ​សូម្បី​តែ​គ្រាប់ ឬ​សំបក​របស់​ផ្លែ​ទំពាំង​បាយ​ជូរ​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ជា​ដាច់​ខាត។ 5ក្នុង​ពេល​គេ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត មិន​ត្រូវ​កាត់​សក់​ឡើយ។ ក្នុង​អំឡុង​ពេល​ដែល​គេ​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា គេ​ជា​មនុស្ស​ដ៏​វិសុទ្ធ គេ ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង​រហូត​ទាល់​តែ​ផុត​ចំនួន​ថ្ងៃ​ដែល​គេ​បាន​កំណត់​ទុក។ 6ក្នុង​ពេល​គេ​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព​ឡើយ 7សូម្បី​តែ​សព​ឪពុក‌ម្តាយ និង​បង​ប្អូន​ប្រុស​ស្រី​របស់​ខ្លួន​ក៏​មិន​ត្រូវ​ចូល​ទៅ​ជិត នាំ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ ដ្បិត​គេ​បាន​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា ដូច​មាន​សក់​របស់​គេ​ជា​សញ្ញា​សំគាល់​ស្រាប់។ 8ក្នុង​អំឡុង​ពេល​ដែល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​នោះ គេ​ញែក​ខ្លួន​ជា​បរិសុទ្ធ ជូនអុលឡោះ‌តាអាឡា
9ប្រសិន​បើ​មាន​នរណា​ម្នាក់​ស្លាប់​ភ្លាមៗ នៅ​ក្បែរ​គាត់ ទោះ​បី​គាត់​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា​ក្តី ក៏​គាត់​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ។ ដូច្នេះ គាត់​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ គឺ​កោរ​សក់​នៅ​ថ្ងៃទី​ប្រាំ‌ពីរ។ 10នៅ​ថ្ងៃ​ទី​ប្រាំបី គាត់​ត្រូវ​យក​លលក​ពីរ និង​ព្រាប​ជំទើរ​ពីរ មក​ជូន​អ៊ីមុាំ​នៅ​មាត់ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 11អ៊ីមុាំ​យក​សត្វ​មួយ​ធ្វើ​គូរបាន​រំដោះ​បាប និង​មួយ​ទៀត​ជា​គូរបាន​ដុត។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​អ្នក​នោះ​ឲ្យ​រួច​ពី​បាប ព្រោះ​តែ​បាន​ប៉ះ​ពាល់​សាក‌សព។ ធ្វើ​ដូច្នេះ នៅ​ថ្ងៃ​នោះ​អ្នក​ណាសា‌រីត​ញែក​ខ្លួន​ជា​សក្ការៈ​សា​ជា​ថ្មី។ 12គាត់​ត្រូវ​ចាប់​ផ្តើម​ញែក​ខ្លួន​ជូនអុលឡោះ‌តាអាឡា ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ជូន​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​ជំនូន​សុំ​លើក​លែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសា​បង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​កាល​ពី​មុន​នោះ។
13រីឯ​ហ៊ូកុំ​ស្តី​អំពី​អ្នក​ណាសា‌រីត មាន​ដូច​ត​ទៅ​នេះ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 14គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ អាយុ​មួយ​ខួប មក​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព។ 15គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំបុ័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​ជំនូន​ម្សៅ និង​ស្រា​ទំពាំង​បាយ​ជូរ​សម្រាប់​ច្រួច​លើ​គូរបាន​មក​ជា​មួយ​ផង។ 16អ៊ីមុាំ​យក​ជំនូន​ទាំង​នោះ​ទៅ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ធ្វើ​គូរបាន​រំដោះ​បាប និង​គូរបាន​ដុត។ 17គាត់​ជូន​ចៀម​ឈ្មោល​ទៅអុលឡោះ‌តាអាឡា ជា​គូរបាន​មេត្រី​ភាព ថែម​ពី​លើ​ល្អី​នំ​បុ័ង​ឥត​មេ។ អ៊ីមុាំ​ក៏​ត្រូវ​ជូន​ជំនូន​ម្សៅ និង​ធ្វើ​ពិធី​ច្រួច​ស្រា​ទំពាំង​បាយ​ជូរ​ដែរ។ 18ពេល​នោះ អ្នក​ណាសា‌រីត​ត្រូវ​កោរ​សក់​សក្ការៈ​របស់​ខ្លួន នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា រួច​យក​សក់​សក្ការៈ​របស់​ខ្លួន​ទៅ​ដុត ក្នុង​ភ្លើង​អាសនៈ​ដែល​ធ្វើ​គូរបាន​មេត្រី​ភាព។ 19អ៊ីមុាំ​យក​សាច់​ចំឡក​របស់​ចៀម​ឈ្មោល​ដែល​ដុត​ចំអិន​រួច​ហើយ ព្រម​ទាំង​យក​នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ និង​នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​ពី​ក្នុង​ល្អី​នោះ មក​ដាក់​ក្នុង​ដៃ​អ្នក​ណាសា‌រីត​ដែល​ទើប​នឹង​កោរ​សក់​សក្ការៈ។ 20អ៊ីមុាំ​ត្រូវ​ធ្វើ​ពិធី​លើក​ជំនូន​នៅ​ចំពោះអុលឡោះ‌តាអាឡា។ ជំនូន​ទាំង​នោះ​ត្រូវ​រាប់​ជា​សក្ការៈ ហើយ​ញែក​ជូន​អ៊ីមុាំ​ថែម​ពី​លើ​សាច់​ទ្រូង និង​សាច់​ភ្លៅ។ បន្ទាប់​មក អ្នក​ណាសា‌រីត​អាច​បរិភោគ​ស្រា​ទំពាំង​បាយ​ជូរ​បាន។
21នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​អ្នក​ដែល​សម្រេច​ចិត្ត​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ស្តី​អំពី​ជំនូន​ដែល​គេ​ត្រូវ​ជូនអុលឡោះ‌តាអាឡា​ក្នុង​ពេល​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត ប្រសិន​បើ​គេ​មាន​លទ្ធ​ភាព​នោះ គេ​អាច​ជូន​ជំនូន​ផ្សេង​ទៀត។ គេ​ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​ខ្លួន​បាន​បន់ ស្រប​តាម​ហ៊ូកុំ​សម្រាប់​ពួក​ណាសា‌រីត»។
គំរូ​ពាក្យ​ជូន​ពរ
22 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ 23«ចូរ​ប្រាប់​ហារូន និង​កូន​ចៅ​របស់​គាត់ ឲ្យ​ជូន​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ:
24“សូមអុលឡោះ‌តាអាឡា​ប្រទាន​ពរ និង​ថែ​រក្សា​អ្នក។
25សូមអុលឡោះ‌តាអាឡា​មើល​មក​អ្នក
ដោយ​ចិត្ត​មេត្តា‌ករុណា
សូម​ទ្រង់​ប្រណី​សន្តោស​អ្នក។
26សូមអុលឡោះ‌តាអាឡា​សំដែង​ចិត្ត​សប្បុរស ចំពោះ​អ្នក
និង​ប្រទាន​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត”។
27ពេល​ពួក​អ៊ីមុាំ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ក្នុង​នាម​យើង​ដូច្នេះ យើង​នឹង​ឲ្យ​ពរ​ពួក​គេ»។

ទើបបានជ្រើសរើសហើយ៖

ជំរឿន​ប្រជាជន 6: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល