ជំរឿន​ប្រជាជន 2

2
ការ​ចាត់​ចែង​របៀប​បោះ​ជំរំ
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ 2«ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សំគាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង​ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ​វិញ​ជំរំ​ជួប​អុលឡោះ‌តាអាឡា តែ​នៅ​ឆ្ងាយ​បន្តិច។
3នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។ 4កង​ពល​របស់​យូដា មាន​ចំនួន ៧៤ ៦០០ នាក់។ 5កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។ 6កង​ពល​របស់​អ៊ីសា‌ខារ​មាន​ចំនួន ៥៤ ៤០០ នាក់។ 7បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​អេលាប​ជា​កូន​របស់​ហេឡូន។ 8កង​ពល​របស់​សាប់យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។ 9កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នោះ ចេញ​ទៅ មុន​គេ​បង្អស់។
10នៅ​ខាង​ត្បូង ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ។ 11កង​ពល​របស់​រូបេន មាន​ចំនួន ៤៦ ៥០០ នាក់។ 12កុល‌សម្ព័ន្ធ​ស៊ីម្មាន​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​ស្លូមាល ជា​កូន​របស់​ស៊ូរីសា‌ដាយ។ 13កង​ពល​របស់​ស៊ីម្មាន​មាន​ចំនួន ៥៩ ៣០០ នាក់។ 14បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺ​អេលី‌សាប​ជា​កូន​របស់​ដេហ៊ូ‌អែល។ 15កង​ពល​របស់​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។ 16កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង​ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង​ពល​ធំ​យូដា។
17បន្ទាប់​មក ជំរំ​ជួប​អុលឡោះ‌តាអាឡា​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្តាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់​លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។
18នៅ​ខាង​លិច​ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។ 19កង​ពល​របស់​អេប្រា‌អ៊ីម​មាន​ចំនួន ៤០ ៥០០ នាក់។ 20កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ គឺ​កាម៉ា‌លាល ជា​កូន​របស់​ផ្តាស៊ើរ។ 21កង​ពល​របស់​ម៉ាណា‌សេ​មាន​ចំនួន ៣២ ២០០ នាក់។ 22បន្ទាប់​មក កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន គឺ​អប៊ីដាន ជា​កូន​របស់​គីដា‌ហូនី។ 23កង​ពល​របស់​ពុន‌យ៉ាមីន​មាន​ចំនួន ៣៥ ៤០០ នាក់។ 24កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រា‌អ៊ីម សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង​ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។
25នៅ​ខាង​ជើង ជា​កង​ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ីយេ‌ស៊ើរ ជា​កូន​របស់​អាំមីសា‌ដាយ។ 26កង​ពល​របស់​ដាន់​មាន​ចំនួន ៦២ ៧០០ នាក់។ 27កុល‌សម្ព័ន្ធ​អេស៊ើរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។ 28កង​ពល​របស់​អេស៊ើរ​មាន​ចំនួន ៤១ ៥០០ នាក់។ 29បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺអហ៊ីរ៉ា ជា​កូន​របស់​អេណាន់។ 30កង​ពល​របស់​ណែប‌ថាលី មាន​ចំនួន ៥៣ ៤០០ នាក់។ 31កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់ សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។
32ចំនួន​កូន​ចៅ​អ៊ីស្រ‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង​ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។ 33ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ពាក្យ​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។
34ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

ទើបបានជ្រើសរើសហើយ៖

ជំរឿន​ប្រជាជន 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល