ម៉ាថាយ 3

3
ណាពី​យ៉ះយ៉ា​ប្រៀន‌ប្រដៅ​បណ្ដា‌ជន
1នៅ​គ្រា​នោះ​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​មក​ដល់ គាត់​ប្រកាស​នៅ​វាល​រហោ‌ស្ថាន​ស្រុក​យូដា​ថា៖ 2«ចូរ​កែ​ប្រែ​ចិត្ដ​គំនិត​ឡើង ដ្បិត​នគរ​នៃ​អុលឡោះ​មក​ជិត​បង្កើយ​ហើយ!»។ 3ណាពី​អេសាយ​បាន​ថ្លែង​ទុក​អំពី​យ៉ះយ៉ា​នេះ​ថា៖
«មាន​សំឡេង​បុរស​ម្នាក់​ស្រែក​ឡើង
នៅ​វាល​រហោ‌ស្ថាន​ថាៈ
“ចូរ​រៀប‌ចំ​ផ្លូវ​របស់​អម្ចាស់
ចូរ​តម្រង់​ផ្លូវ​ឲ្យ​គាត់!”»
4យ៉ះយ៉ា មាន​សម្លៀក‌បំពាក់​ធ្វើ​អំពី​រោម​អូដ្ឋ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​អំពី​ស្បែក។ គាត់​បរិភោគ​កណ្ដូប និង​ទឹក​ឃ្មុំ។ 5អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ស្រុក​យូដា និង​អ្នក​ស្រុក​នៅ​តំបន់ ទន្លេយ័រ‌ដាន់​ទាំង​មូល​នាំ​គ្នា​ចេញ​ទៅ​រក​គាត់។ 6គេ​ទទួល​សារ‌ភាព​អំពើ​បាប​របស់​ខ្លួន ហើយ​គាត់​ក៏​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ​ក្នុង​ទន្លេយ័រ‌ដាន់។
7កាល​យ៉ះយ៉ា​ឃើញ​ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់ គាត់​និយាយទៅ​គេ​ថា៖ «នែ៎ ពូជ​ពស់​វែក​អើយ! តើ​នរណា​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​រត់​គេច​ពី​កំហឹង​របស់​អុលឡោះ ដែល​ជិត​មក​ដល់​ដូច្នេះ?។ 8ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ ដើម្បី​បញ្ជាក់​ថា​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត​មែន។ 9កុំ​នឹក​ស្មាន​ថា​ខ្លួន​មាន​អ៊ីព្រហ៊ីម​ជា​បុព្វ‌បុរស​នោះ​ឡើយ ដ្បិត​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​អាច​ធ្វើ​ឲ្យ​ថ្ម​ទាំង​នេះ​ទៅ​ជា​កូន​ចៅ​អ៊ីព្រហ៊ីម​បាន​ដែរ។ 10ពូថៅ​នៅ​ជិត​គល់​ឈើ​ជា​ស្រេច ដើម​ណា​មិន​ផ្ដល់​ផ្លែ​ល្អ​ទេ នឹង​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។ 11ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​អ្នក​រាល់​គ្នា​ក្នុង​ទឹក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ចិត្ដ​គំនិត ប៉ុន្ដែ អ្នក​ដែល​មក​ក្រោយ​ខ្ញុំ គាត់​មាន​កម្លាំង​ខ្លាំង​ជាង​ខ្ញុំ។ ខ្ញុំ​មាន​ឋានៈ​ទាប​ណាស់​សូម្បី​តែ​ដោះ​ស្បែក​ជើង​ជូន​គាត់ ក៏​មិន​សម​នឹង​ឋានៈ​ដ៏​ខ្ពង់‌ខ្ពស់​របស់​គាត់​ផង។ គាត់​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ 12គាត់​កាន់​ចង្អេរ គាត់​សំអាត​លាន​បោក​ស្រូវ អុំ​ស្រូវ​យក​គ្រាប់​ល្អ​ប្រមូល​ដាក់​ជង្រុក រីឯ​គ្រាប់​ស្កកវិញ គាត់​នឹង​ដុត​ក្នុង​ភ្លើង ដែល​ឆេះ​ពុំ​ចេះ​រលត់​ឡើយ»។
ណាពី​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក
13ពេល​នោះ អ៊ីសា​ចេញ​ពី​ស្រុក​កាលី‌ឡេ មក​រក​យ៉ះយ៉ា នៅ​ត្រង់​ទន្លេយ័រ‌ដាន់ ដើម្បី​ឲ្យ​យ៉ះយ៉ា​ធ្វើ​ពិធី​ជ្រមុជ​ទឹក ឲ្យ​គាត់។ 14ប៉ុន្ដែ យ៉ះយ៉ា​ប្រកែក​ថា៖ «ខ្ញុំ​ទេ​តើ​ដែល​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក ម្ដេច​ក៏​លោក​មក​រក​ខ្ញុំ​វិញ!»។ 15អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ សុំ​ធ្វើ​សិន​ចុះ ធ្វើ​ដូច្នេះ ទើប​ស្រប​តាម​គ្រប់​សេចក្ដី​ដែល​អុលឡោះ​បាន​បង្គាប់​ទុក​មក»។ យ៉ះយ៉ា​ក៏​យល់​ព្រម។ 16ពេល​អ៊ីសា​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ងើប​ឡើង​ពី​ទឹក ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ អ៊ីសា​ឃើញ​រស‌អុលឡោះ​ចុះ​មក​ដូច​សត្វ​ព្រាប មក​សណ្ឋិត​លើ​គាត់។ 17ពេល​នោះ មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ដ​នឹង​គាត់​ណាស់!»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ