លេវីវិន័យ 15

15
ហ៊ូកុំ​ស្តី​អំពី​ភាព​មិន​បរិសុទ្ធ​ផ្នែក​ភេទ​របស់​បុរស
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ 2«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: កាល​ណា​បុរស​ម្នាក់​មាន​ជំងឺ​កាម​រោគ ហើយ​មាន​ខ្ទុះ​ហូរ​ចេញ​មក បណ្តាល​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ។ 3ខ្ទុះ​ដែល​ហូរ​ចេញ​មក ឬ​ក៏​ស្ទះ​មិន​ព្រម​ហូរ​ចេញ​មក​ក្តី សុទ្ធ​តែ​មិន​បរិសុទ្ធ ហើយ​បណ្តាល​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​ដែរ។ 4ដូច្នេះ គ្រែ​ដែល​បុរស​នោះ​ដេក ឬ​កន្លែង​ដែល​បុរស​នោះ​អង្គុយ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។ 5អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 6អ្នក​ដែល​អង្គុយ​លើ​កៅ​អី​ដែល​អ្នក​ជំងឺ​បាន​អង្គុយ​ត្រូវ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុងភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ 7អ្នក​ដែល​ប៉ះ​អ្នក​ជំងឺ ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។ 8ប្រសិន​បើ​អ្នក​ជំងឺ​ស្តោះ​ទឹក​មាត់​ទៅ​លើ​មនុស្ស​បរិសុទ្ធ អ្នក​ដែល​បរិសុទ្ធ​នោះ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 9រីឯ​កែប​សេះ ឬ​កែប​លា​ដែល​អ្នក​ជំងឺ​ជិះ ក៏​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ 10អ្នក​ណា​ប៉ះ​ពាល់​វត្ថុ​ដែល​គេ​ដាក់​នៅ​ក្រោម​អ្នក​ជំងឺ អ្នក​នោះ​នឹង​ទៅជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ អ្នក​ដែល​កាន់​វត្ថុ​នេះ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 11បើ​អ្នក​ជំងឺ​ពុំ​បាន​លាងដៃ ហើយ​ទៅ​ពាល់​នរណា​ម្នាក់ អ្នក​នោះ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 12ផើង​ធ្វើ​អំពី​ដី​ដែល​អ្នក​ជំងឺ​ប៉ះ​ពាល់ ត្រូវ​តែ​បំបែក​ចោល​ទាំង​អស់ តែ​បើ​ជា​ផើង​ធ្វើ​ពី​ឈើ​វិញ នោះ​ត្រូវ​តែ​យក​ទឹក​មក​លាង​សំអាត។
13កាល​ណា​ខ្ទុះ​របស់​អ្នក​ដែល​កើត​ជំងឺ​កាម​រោគ​នោះ​ឈ​ប់ហូរ គាត់​ត្រូវ​រង់ចាំ​ប្រាំ‌ពីរ​ថ្ងៃ ទើប​គាត់​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ គាត់​ត្រូវ​បោក​សម្លៀក​បំពាក់ ហើយ​ដង​ទឹក​ពី​ជ្រោះ​យក​មក​លាង​សំអាត​ខ្លួន​ប្រាណ រួច​ហើយ​ទើប​គាត់​បាន​បរិសុទ្ធ។ 14នៅ​ថ្ងៃ​ទី​ប្រាំ‌បី គាត់​ត្រូវ​យក​លលក​ពីរ​ឬ​ព្រាប​ជំទើរ​ពីរ ទៅ​ជូន​នៅ​ចំពោះអុលឡោះ‌តាអាឡា។ គាត់​ត្រូវ​ជូន​សត្វ​នោះទៅ​អ៊ីមុាំ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 15អ៊ីមុាំ​យក​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ធ្វើ​ជា​គូរបាន​ដុត។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​បុរស​ដែល​មាន​កាម​រោគ​នោះ នៅ​ចំពោះ​‌មុខអុលឡោះ‌តាអាឡា
16ប្រសិន​បើ​បុរស​ម្នាក់​ហូរ​ទឹក​កាម គេ​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ​ទាំង​មូល ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 17សម្លៀក​បំពាក់ ឬ​កំរាល​ដែល​ប្រឡាក់​ទឹក​កាម​នោះ ត្រូវ​តែ​បោក​សំអាត ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។
18កាល​ណា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​រួម‌រ័ក​ជា​មួយ​គ្នា នោះ​គេ​ទាំង​ពីរ​នាក់​ត្រូវ​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច»។
ហ៊ូកុំ​ស្តី​អំពី​ភាព​មិន​បរិសុទ្ធ​ផ្នែក​ភេទ​របស់​ស្ត្រី
19«កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម ដោយ​មាន​រដូវ​នាង​ត្រូវ​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។ អ្នក​ដែល​ប៉ះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 20ពេល​មាន​រដូវ​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ​ដែរ។ 21អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ ត្រូវ​តែ​បោក​សម្លៀក​បំពាក់​ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 22អ្នក​ដែល​ប៉ះ​នឹង​កៅ​អី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុងភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 23ប្រសិន​បើ​មាន​នរណា​ម្នាក់​ប៉ះ​នឹង​វត្ថុ​អ្វី​មួយ​នៅ​លើ​គ្រែ ឬ​កៅ‌អី​ដែល​នាង​អង្គុយ​អ្នក​នោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ 24ប្រសិន​បើ​មាន​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​នាង ក្នុង​អំឡុង​ពេល​ដែល​នាង​មាន​រដូវ បុរស​នោះ​ក៏​ទៅ​ជា​មិន​បរិសុទ្ធ​អស់​រយៈ​ប្រាំ‌ពីរ​ថ្ងៃ ហើយ​គ្រែ​ដែល​គេ​ដេក​នោះ ក៏​មិន​បរិសុទ្ធ​ដែរ។
25កាល​ណា​ស្ត្រី​ម្នាក់​ធ្លាក់​ឈាម​ខុស​ពី​ធម្មតា ឬ​ធ្លាក់​ឈាម​ច្រើន​ថ្ងៃ​ជាង​ពេល​មាន​រដូវ នាង​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​ធ្លាក់​ឈាម​នោះ ដូច​គ្រា​នាង​មាន​រដូវ​ដែរ។ 26ពេល​នោះ គ្រែ​ដែល​នាង​ដេក ឬ​កៅ‌អី​ដែល​នាង​អង្គុយ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ដូច​ពេល​នាង​មាន​រដូវ​ដែរ។ 27អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។
28កាល​ណា​នាង​ឈប់​ធ្លាក់​ឈាម​ហើយ នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត ទើប​នាង​អាច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ 29នៅ​ថ្ងៃ​ទី​ប្រាំ‌បី នាង​ត្រូវ​យក​លលក​ពីរ ឬ​ព្រាប​ជំទើរ​ពីរ​ទៅ​ជូន​អ៊ីមុាំ​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ 30អ៊ីមុាំ​យក​សត្វ​មួយ​ធ្វើ​ជា​គូរបាន​រំដោះ​បាប និង​សត្វ​មួយ​ទៀត​ធ្វើ​ជា​គូរបាន​ដុត។ បន្ទាប់​មក អ៊ីមុាំ​ធ្វើ​ពិធី​ជម្រះ​បាប​ឲ្យ​ស្ត្រីធ្លាក់​ឈាម​ដែល​បណ្តាល​ឲ្យ​នាង​ទៅ​ជា​មិន​បរិសុទ្ធ​នោះ នៅ​ចំពោះអុលឡោះ‌តាអាឡា
31ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​នៅ​ដាច់​ឆ្ងាយ​ពី​យើង ក្នុង​ពេល​ដែល​ពួក​គេ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ។ ធ្វើ​ដូច្នេះ ពួក​គេ​នឹង​រួច​ផុត​ពី​ស្លាប់ ព្រោះ​តែ​ភាព​មិន​បរិសុទ្ធ គឺ​ពួក​គេ​មិន​ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ ទៅ​ជា​សៅ‌ហ្មង​ឡើយ។
32នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​បុរស ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ 33និង​ស្តី​អំពី​ស្ត្រី​ដែល​ធ្លាក់​ឈាម​ក្នុង​ពេល​មាន​រដូវ ព្រម​ទាំង​បុរស និង​ស្ត្រី​ដែល​រួម​ដំណេក​ជា​មួយ​គ្នា​នៅ​ពេល​ស្ត្រី​ស្ថិត​ក្នុង​ភាព​មិន​បរិសុទ្ធ»។

ទើបបានជ្រើសរើសហើយ៖

លេវីវិន័យ 15: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល