លេវីវិន័យ 12
12
ពិធីជម្រះកាយស្ត្រីក្រោយពេលឆ្លងទន្លេ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 2«ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅ: ប្រសិនបើស្ត្រីម្នាក់មានផ្ទៃពោះ ហើយសំរាលបានកូនប្រុស នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលប្រាំពីរថ្ងៃ ដូចពេលនាងមានរដូវដែរ។ 3នៅថ្ងៃទីប្រាំបី គេត្រូវធ្វើពិធីខតាន់ឲ្យកូនប្រុសនោះ។ 4បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសំរាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលបរិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ 5ប្រសិនបើនាងសំរាលបានកូនស្រី នោះនាងនឹងទៅជាមិនបរិសុទ្ធ ក្នុងរយៈពេលពីរសបា្តហ៍ ដូចពេលដែលនាងមានរដូវដែរ។ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាមក្នុងឱកាសសំរាលកូន។ 6លុះផុតពេលកំណត់ ដែលនាងធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ ព្រោះតែការសំរាលកូនប្រុស ឬកូនស្រីរបស់ខ្លួនហើយ នោះនាងត្រូវទៅជួបអ៊ីមុាំនៅត្រង់មាត់ទ្វារជំរំជួបអុលឡោះតាអាឡា ដោយនាំកូនចៀមអាយុមួយខួបសម្រាប់ធ្វើជាគូរបានដុត និងព្រាបជំទើរមួយ ឬលលកមួយសម្រាប់ធ្វើជាគូរបានរំដោះបាប។ 7អ៊ីមុាំជូនសត្វទាំងនេះចំពោះអុលឡោះតាអាឡា រួចធ្វើពិធីជម្រះកាយឲ្យនាងបានរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅហ្មងដោយសារការធ្លាក់ឈាម នៅពេលសំរាលកូន។ នេះជាក្រិត្យវិន័យសម្រាប់ស្ត្រីដែលសំរាលកូនប្រុស ឬកូនស្រី។
8ប្រសិនបើនាងគ្មានលទ្ធភាពធ្វើកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ធ្វើជាគូរបានដុត និងមួយទៀតសម្រាប់ធ្វើជាគូរបានរំដោះបាប។ ក្រោយអ៊ីមុាំធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។
ទើបបានជ្រើសរើសហើយ៖
លេវីវិន័យ 12: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.