យូដាស 1

1
សេចក្ដី​ផ្ដើម
1ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។
2សូម​អុលឡោះ​មេត្ដា‌ករុណា ប្រទាន​សេចក្ដី​សុខ‌សាន្ដ និង​សេចក្ដី​ស្រឡាញ់​ដល់​បង​ប្អូន​យ៉ាង​បរិបូណ៌។
អំពី​តួន​ក្លែង‌ក្លាយ
3បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មាន​បំណង​ចង់​សរសេរ​មក​បង​ប្អូន​អំពី​ការ​សង្គ្រោះ​ដែល​យើង​បាន​ទទួល​រួម​គ្នា​នោះ​ខ្លាំង​ណាស់ ហើយ​ក៏​មាន​មូល​ហេតុ​បង្ខំ​ខ្ញុំ​ឲ្យ​សរសេរ​លិខិត​នេះ​មក​ដាស់‌តឿន​បង​ប្អូន ឲ្យ​តយុទ្ធ​ការ‌ពារ​ជំនឿ ដែល​អុលឡោះ​បាន​ប្រទាន​ដល់​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ម្ដង​ជា​សូរេច 4ដ្បិត​មាន​អ្នក​ខ្លះ​បាន​បន្លំ​ខ្លួន​ចូល​មក​ក្នុង​ចំណោម​បង​ប្អូន ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ពួក​គេ​បាន​បង្ខូច​ក្តី​មេត្តា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង ឲ្យ​ក្លាយ​ទៅ​ជា​រឿង​អាស‌អាភាស ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ចៅហ្វាយ និង​ជា​អម្ចាស់​តែ​មួយ​គត់​របស់​យើង​ដែរ។ អ្នក​ទាំង​នោះ​នឹង​ទទួល​ទោស ដូច​មាន​ចែង​ទុក​ជា​មុន តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ។
5បង​ប្អូន​បាន​ជ្រាប​សេចក្ដី​ទាំង​នេះ​រួច​ស្រេច​ហើយ តែ​ខ្ញុំ​ចង់​រំលឹក​បង​ប្អូន​ថា ក្រោយ​ពេល​ដែល​អុលឡោះ‌ជាអម្ចាស់​បាន​សង្គ្រោះ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ឲ្យ​ចេញ​ផុត​ពី​ប្រទេស​អេស៊ីប​មក ទ្រង់​បាន​ធ្វើ​ឲ្យ​អ្នក​មិន​ព្រម​ជឿ​ត្រូវ​វិនាស​អន្ដរាយ។ 6រីឯ​ពួក​ម៉ាឡា‌អ៊ីកាត់ ដែល​ពុំ​បាន​រក្សា​ឋានៈ​របស់​ខ្លួន តែ​បែរ​ជា​បោះ​បង់​ចោល​លំ‌នៅ​របស់​ខ្លួន​ផ្ទាល់​ទៅ​វិញ​នោះ អុលឡោះ​បាន​ឃុំ​គេ​ទុក​ក្នុង​ទី​ងងឹត ហើយ​គេ​នៅ​ជាប់​ចំណង​អស់‌កល្ប​ជា‌និច្ច រង់‌ចាំ​ថ្ងៃ​ដ៏​អស្ចារ្យ​ដែល​អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស។ 7រីឯ​ក្រុង​សូដុម ក្រុង​កូម៉ូរ៉ា និង​ក្រុង​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង​ក៏​ដូច្នោះ​ដែរ ពួក​អ្នក​ក្រុង​បាន​នាំ​គ្នា​ប្រព្រឹត្ដ​អំពើ​ប្រាស‌ចាក​សីល‌ធម៌ ដូច​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ គឺ​កាត់​រក​រួម​បវេណី​ផ្ទុយ​ពី​ធម្ម‌ជាតិ។ ពួក​គេ​បាន​ទទួល​ទណ្ឌ‌កម្ម នៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជា‌និច្ច ទុក​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀតៗ។ 8ពួក​ទាំង​នេះ​ក៏​ប្រព្រឹត្ដ​ដូច្នោះ​ដែរ គំនិត​រវើ​រវាយ​របស់​គេ បាន​ធ្វើ​ឲ្យ​រូប​កាយ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង គេ​មើល‌ងាយ​អស់​ទាំង អំណាច​ត្រួត‌ត្រា និង​ជេរ​ប្រមាថ​ពួក​ម៉ាឡា‌អ៊ីកាត់​ដែល​ប្រកប​ដោយ​សិរី‌រុង‌រឿង។ 9នៅ​ពេល​មេ​ម៉ាឡា‌អ៊ីកាត់​មីកែល​ប្រកែក​ជា​មួយ​នឹង​អ៊ីព្លេស តវ៉ា​អំពី​សព​របស់​ណាពី​ម៉ូសា​នោះ លោក​ក៏​ពុំ​ហ៊ាន​ដាក់​ទោស​វា​ដោយ​ជេរ​ប្រមាថ​ឡើយ គឺ​គាត់​គ្រាន់​តែ​ពោល​ថា «សូម​អុលឡោះ‌ជាអម្ចាស់​ដាក់​ទោស​ឯង!»។ 10រីឯ​អ្នក​ទាំង​នោះ​វិញ គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​ខ្លួន​ពុំ​ស្គាល់ ហើយ​អ្វីៗ​ដែល​គេ​ស្គាល់​តាម​សភាវ‌គតិ​ដូច​សត្វ​តិរច្ឆាន បណ្ដាល​ឲ្យ​តែ​ខ្លួន​គេ​ត្រូវ​វិនាស​ប៉ុណ្ណោះ។ 11អ្នក​ទាំង​នោះ​ត្រូវ​វេទនា​ជា​ពុំ‌ខាន ដ្បិត​គេ​បាន​ដើរ​តាម​ផ្លូវ​របស់​លោក​កបេល។
12នៅ​ពេល​ដែល​បង​ប្អូន​បរិភោគ​អាហារ​រួម​គ្នា​ដោយ​ចិត្ដ​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់​កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ 13ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ​គួរ​ឲ្យ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​អុលឡោះ​បម្រុង​ទុក ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យ​សុង អស់‌កល្ប​ជា‌និច្ច!
14ណាពី​ហេណុក ដែល​ជា​បុព្វ‌បុរស​តំណ​ទី​ប្រាំ​ពីរ​ក្រោយ​អាដាម បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! អុលឡោះ‌ជាអម្ចាស់​មក​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​របស់​ទ្រង់ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ដ 15ដើម្បី​វិនិច្ឆ័យ​ទោស​មនុស្ស​ទួទៅ និង​បង្ហាញ​ឲ្យ​មនុស្ស​ទាំង​អស់ ដែល​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ដឹង​កំហុស​របស់​ខ្លួន ហើយ​ឲ្យ​អ្នក​បាប​ទាំង​នោះ​ដឹង​អំពី​ពាក្យ​សំដី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ពោល​ប្រឆាំង​នឹង​ទ្រង់»។ 16ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ដ​សោះ គេ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សំដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច​បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។
ពាក្យ​ដាស់‌តឿន​ផ្សេងៗ
17ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​នឹក​ចាំ​សេចក្ដី​ប្រៀន‌ប្រដៅ​ដែល​ក្រុម​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​បាន​ប្រាប់​បង​ប្អូន​កាល​ពី​មុន។ 18ក្រុម​សាវ័ក​ទាំង​នោះ​មាន​ប្រសាសន៍​ប្រាប់​បង​ប្អូន​ថា «នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ចំអក​មើល‌ងាយ ពួក​គេ​ជា​មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ ហើយ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន»។ 19អ្នក​ទាំង​នោះ​ជា​មេ​បង្ក​ឲ្យ​មាន​ការ​បាក់​បែក​គ្នា ជា​មនុស្ស​ដែល​មាន​គំនិត​លោកីយ៍ ហើយ​គ្មាន​រស‌អុលឡោះ​នៅ​ជា​មួយ​ទេ។
20រីឯ​បង​ប្អូន​វិញ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ ចូរ​កសាង​គ្នា​ទៅ​វិញ​ទៅ​មក លើ​ជំនឿ​បរិសុទ្ធ​បំផុត​របស់​បង​ប្អូន ចូរ​ទូរអា​តាម​រស‌អុលឡោះ​ដ៏​វិសុទ្ធ។ 21ចូរ​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ ទាំង​ទន្ទឹង​រង់‌ចាំ​ចិត្ត​មេត្ដា‌ករុណា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដើម្បី​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ផង។ 22ត្រូវ​មេត្ដា‌ករុណា​ដល់​បង​ប្អូន​ណា​ដែល​មាន​ចិត្ដ​ស្ទាក់​ស្ទើរ 23ត្រូវ​សង្គ្រោះ​គេ ដោយ​អូស​ទាញ​គេ​ឲ្យ​រួច​ផុត​ពី​ភ្លើង។ ចំពោះ​អ្នក​ឯ​ទៀតៗ​វិញ ត្រូវ​មេត្ដា‌ករុណា​ដល់​គេ​ដែរ តែ​ត្រូវ​ភ័យ​ខ្លាច គឺ​សូម្បី​តែ​អាវ​ដែល​ប៉ះ​នឹង​រូប​កាយ​គេ ក៏​សៅ‌ហ្មង​ដែរ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ។
24អុលឡោះ​អាច​ការ‌ពារ​បង​ប្អូន មិន​ឲ្យ​មាន​កំហុស ព្រម​ទាំង​ឲ្យ​ឈរ​នៅ​មុខ​សិរី‌រុង‌រឿង​របស់​ទ្រង់ ឥត​សៅ‌ហ្មង និង​មាន​អំណរ​សប្បាយ​ទៀត​ផង។ 25មាន​អុលឡោះ​តែ​មួយ​ទេ ដែល​ជា​ម្ចាស់‌សង្គ្រោះ​យើង ដោយ‌សារ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង បារមី​ឧត្ដុង្គ‌ឧត្ដម ចេស្ដា និង​អំណាច​ដែល​ទ្រង់​មាន​តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ហើយ​ទ្រង់​ក៏​មាន​នៅ​ពេល​នេះ និង​អស់‌កល្ប​ត​រៀង​ទៅ។ អាម៉ីន!។

ទើបបានជ្រើសរើសហើយ៖

យូដាស 1: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល