ហេប្រឺ 5
5
1គេជ្រើសរើសមូស្ទីគ្រប់ៗគ្នាពីចំណោមមនុស្ស ហើយតែងតាំងសម្រាប់ឲ្យទាក់ទងជាមួយអុលឡោះ ដើម្បីជាប្រយោជន៍ដល់មនុស្សលោក ក្នុងការជូនជំនូន និងធ្វើគូរបានរំដោះបាបមនុស្ស។ 2មូស្ទីអាចមានអធ្យាស្រ័យដល់មនុស្សល្ងិតល្ងង់ និងមនុស្សវង្វេងបាន ព្រោះខ្លួនគាត់ផ្ទាល់ក៏ទន់ខ្សោយ 3ហើយដោយគាត់ទន់ខ្សោយ ដូច្នេះ គាត់ត្រូវធ្វើគូរបានសម្រាប់ឲ្យខ្លួនគាត់ផ្ទាល់ និងប្រជារាស្ដ្ររួចពីបាប។ 4គ្មាននរណាតាំងខ្លួនឯងឲ្យបំពេញមុខងារដ៏ប្រសើរនេះបានឡើយ គឺទាល់តែអុលឡោះត្រាស់ហៅដូចណាពីហារ៉ូន ទើបបំពេញបាន។
5រីឯអាល់ម៉ាហ្សៀសវិញក៏ដូច្នោះដែរ គាត់ពុំបានលើកតម្កើងខ្លួនផ្ទាល់ធ្វើជាមូស្ទីឡើយ គឺអុលឡោះទេតើ ដែលបានតែងតាំងគាត់ ដោយមានបន្ទូលមកកាន់គាត់ថា៖
«អ្នកជាបុត្រារបស់យើង
គឺយើងទៅជាបិតាអ្នកនៅថ្ងៃនេះ»។
6អុលឡោះក៏មានបន្ទូលនៅក្នុងវគ្គមួយទៀតថា៖
«អ្នកជាអ៊ីមុាំអស់កល្បតរៀងទៅ
តាមរបៀបស្តេចម៉ិលគីស្សាដែក»។
7កាលអាល់ម៉ាហ្សៀសរស់នៅក្នុងលោកនេះនៅឡើយ គាត់បានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូរអាសូមអុលឡោះ ដែលអាចសង្គ្រោះគាត់ឲ្យរួចពីស្លាប់។ ដោយអាល់ម៉ាហ្សៀសបានគោរពប្រណិប័តន៍អុលឡោះ នោះអុលឡោះក៏ប្រោសប្រទានតាមពាក្យសូមអង្វរ។ 8ថ្វីដ្បិតតែអ៊ីសាជាបុត្រាក៏ដោយ គាត់ក៏បានរៀនស្ដាប់បង្គាប់ដោយរងទុក្ខលំបាក។ 9បន្ទាប់ពីអ៊ីសាបានគ្រប់លក្ខណៈហើយ គាត់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អស់អ្នកដែលស្ដាប់បង្គាប់គាត់ 10ហើយអុលឡោះក៏ប្រកាសតែងតាំងអ៊ីសាជាមូស្ទី តាមរបៀបស្តេចម៉ិលគីស្សាដែកដែរ។
ពាក្យដាស់តឿនឲ្យតស៊ូស្មោះត្រង់នឹងជំនឿ
11ត្រង់ចំណុចនេះ យើងមានសេចក្ដីជាច្រើនដែលត្រូវនិយាយ ជាសេចក្ដីដែលពិបាកពន្យល់ ព្រោះបងប្អូនបែរជាក្រនឹងយល់។ 12តាមពិតបងប្អូនគួរតែបានធ្វើជាតួនបង្រៀនគេ តាំងពីយូរយារណាស់មកហើយ ក៏ប៉ុន្ដែ បងប្អូនត្រូវការឲ្យគេបង្រៀនអំពីសេចក្ដីខ្លះៗ ដែលនៅខាងដើមដំបូងនៃបន្ទូលរបស់អុលឡោះឡើងវិញ បងប្អូនបែរជាត្រូវការទឹកដោះ គឺមិនមែនត្រូវការអាហាររឹងទេ។ 13អ្នកដែលត្រូវការទឹកដោះ ពុំអាចយល់ការប្រៀនប្រដៅអំពីសេចក្ដីសុចរិតបានឡើយ ព្រោះគេនៅជាកូនខ្ចី។ 14មានតែមនុស្សពេញវ័យប៉ុណ្ណោះ ដែលអាចទទួលអាហាររឹងបាន ព្រោះគេធ្លាប់មានការពិសោធន៍ចេះវែកញែកស្គាល់ល្អ ស្គាល់អាក្រក់។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.