ហេប្រឺ 3

3
អ៊ីសា​មាន​ឋានៈ​ធំ​ជាង​ណាពី​ម៉ូសា
1បង​ប្អូន​បរិសុទ្ធ​អើយ អុលឡោះ​ក៏​បាន​ត្រាស់​ហៅ​បង​ប្អូន​ដែរ! ចូរ​គិត​ពិចារ​ណា​មើល អំពី​អ៊ីសា ជា​អ្នក​នាំ​សារ ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក និង​ជា​មូស្ទី​ដែល​នាំ​ឲ្យ​យើង​មាន​ជំនឿ​ដូច​យើង​ប្រកាសនោះ​ទៅ។ 2អ៊ីសា​ស្មោះ​ត្រង់​ចំពោះ​អុលឡោះ ដែល​បាន​តែង‌តាំង​គាត់ ដូច​ណាពី​ម៉ូសា​មាន​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ដែរ។ 3អ្នក​សង់​ផ្ទះ​មាន​កិត្ដិយស ប្រសើរ​លើស​ផ្ទះ​យ៉ាង​ណា អ៊ីសា​ក៏​គួរ​នឹង​ទទួល​សិរី‌រុង‌រឿង ប្រសើរ​លើស​ណាពី​ម៉ូសា​យ៉ាង​នោះ​ដែរ 4ដ្បិត​ផ្ទះ​ទាំង‌ឡាយ​សុទ្ធ​តែ​មាន​គេ​បាន​សង់​ឡើង រីឯ​អុលឡោះ​វិញ ទ្រង់​បាន​សង់​គ្រប់​អ្វីៗ​ទាំង​អស់។ 5ចំពោះ​ណាពី​ម៉ូសា​គាត់​មាន​ចិត្ដ​ស្មោះ​ត្រង់​នឹង​កិច្ចការ ក្នុង​ដំណាក់​នៃ​អុលឡោះ​ទាំង​មូល​ក្នុង​ឋានៈ​គាត់​ជា​អ្នក​បម្រើ ដើម្បី​ផ្ដល់​សក្ខី‌ភាព​ពី​បន្ទូល​ដែល​អុលឡោះ​នឹង​ថ្លែង។ 6រីឯ​អាល់ម៉ា‌ហ្សៀស​វិញ គាត់​ស្មោះ​ត្រង់ ក្នុង​ឋានៈ​ជា​បុត្រា ដែល​គ្រប់‌គ្រង​លើ​ដំណាក់​នៃ​អុលឡោះ គឺ​យើង​ទាំង​អស់​គ្នា​ហ្នឹង​ហើយ​ជា​ដំណាក់​របស់​អុលឡោះ ប្រសិន​បើ​យើង​នៅ​កាន់​ចិត្ដ​រឹង‌ប៉ឹង និង​ពឹង​ផ្អែកជាប់​ជានិច្ច​មែន​នោះ។
7ហេតុ​នេះ​ដូច​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា៖
«ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង
របស់​ទ្រង់
8 មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ដូច​នៅ​គ្រា​បះ‌បោរ
ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ទ្រង់
នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ
9 បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​ល្បង‌ល​យើង
ដើម្បី​សាក​មើល​យើង
ហើយ​គេ​ឃើញ​កិច្ចការ​ដែល​យើង​បាន​ធ្វើ
ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។
10 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាស់​ចិត្ដ​នឹង
មនុស្ស​នៅ​ជំនាន់​នោះ​ណាស់
ហើយ​យើង​បាន​ពោល​ថាៈ
ចិត្ដ​របស់​ពួក​គេ​ចេះ​តែ​វង្វេង​រហូត​ទៅ
គេ​ពុំ​ស្គាល់​មាគ៌ា​របស់​យើង​ឡើយ
11 យើង​ខឹង​នឹង​ពួក​គេ ហើយ​ប្ដេជ្ញាថា
មិន​ឲ្យ​ពួក​គេ​ចូល​មក​សម្រាក
ជា​មួយ​យើង​ជា​ដាច់​ខាត»
12ដូច្នេះ​បង​ប្អូន​អើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន បែរ​ជា​មាន​ចិត្ដ​អាក្រក់​លែង​ជឿ រហូត​ដល់​ទៅ​ងាក​ចេញ​ពី​អុលឡោះ​ដ៏​នៅ​អស់‌កល្ប។ 13ផ្ទុយ​ទៅ​វិញ ចូរ​ដាស់‌តឿន​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ គឺ​គ្រប់​ពេល​ដែល​មាន​ចែង​ក្នុង​គីតាប​ថា«ថ្ងៃ​នេះ!» នៅ​ឡើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រកាន់​ចិត្ដ​រឹង​រូស ដោយ​ចាញ់​បោក​បាប។ 14ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ហើយ 15ព្រោះ​ក្នុង​គីតាប​មាន​ចែង​ថា
«ថ្ងៃ​នេះ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ឮ​សំឡេង
របស់​ទ្រង់
មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ដូច​នៅ​គ្រា​បះ‌បោរ
នោះ​ឡើយ»។
16តើ​នរណា​ខ្លះ​បាន​ឮ​សំឡេង​របស់​អុលឡោះ ហើយ​បែរ​ជា​នាំ​គ្នា​បះ‌បោរ? អស់​អ្នក​ដែល​ណាពី​ម៉ូសា​បាន​នាំ​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ​ឬ? 17ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នោះ តើ​អុលឡោះ​ខឹង​នឹង​នរណា​ខ្លះ? ទ្រង់​ខឹង​នឹង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប ហើយ​ត្រូវ​ស្លាប់​ចោល​ឆ្អឹង​នៅ​វាល​រហោ‌ស្ថាន​នោះ​ឬ? 18តើ​អុលឡោះ​បាន​ប្ដេជ្ញា​ថា​មិន​ឲ្យ​នរណា​ខ្លះ ចូល​មក​សម្រាក​ជា​មួយ​ទ្រង់? គឺ​អស់​អ្នក​ដែល​មិន​ព្រម​ស្ដាប់​បង្គាប់​ទ្រង់​នោះ​ឬ? 19ដូច្នេះ យើង​ឃើញ​ថា​ពួក​គេ​ពុំ​បាន​ចូល​ទៅ​សម្រាក​មក​ពី​ពួក​គេ​គ្មាន​ជំនឿ។

ទើបបានជ្រើសរើសហើយ៖

ហេប្រឺ 3: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល