ហេប្រឺ 2
2
ការសង្គ្រោះដ៏ថ្លៃវិសេស
1ហេតុនេះហើយបានជាយើងត្រូវយកចិត្ដទុកដាក់នឹងសេចក្ដីប្រៀនប្រដៅ ដែលយើងបានស្ដាប់ឲ្យមែនទែន ក្រែងលោយើងត្រូវរសាត់បាត់ទៅ។ 2ប្រសិនបើបន្ទូលនៃអុលឡោះដែលពួកម៉ាឡាអ៊ីកាត់ថ្លែងប្រាប់យកជាការបាន ហើយបើអ្នកដែលប្រព្រឹត្ដល្មើស និងមិនស្ដាប់តាម បានទទួលទោសយ៉ាងហ្នឹងទៅហើយ 3ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម អ៊ីសាជាអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។ 4អុលឡោះផ្ដល់សក្ខីភាពរួមជាមួយពួកគេ ដោយសំដែងទីសំគាល់ អំណាច និងការអស្ចារ្យគ្រប់យ៉ាង ព្រមទាំងចែកអំណោយទានរបស់រសអុលឡោះដ៏វិសុទ្ធមក ស្របតាមបំណងទ្រង់ផង។
5អុលឡោះពុំបានប្រគល់ឲ្យពួកម៉ាឡាអ៊ីកាត់ត្រួតត្រាពិភពលោកខាងមុខ ដូចយើងធ្លាប់និយាយនោះទេ។ 6ផ្ទុយទៅវិញ មានម្នាក់បានផ្ដល់សក្ខីភាពនៅក្នុងវគ្គមួយដែលចែងថា៖
«តើមនុស្សមានឋានៈអ្វីបានជាទ្រង់នឹកគិតដល់គេដូច្នេះ
តើបុត្រាមនុស្សជាអ្វីដែរបានជាទ្រង់យក
ចិត្តទុកដាក់នឹងគាត់យ៉ាងនេះ»?
7 «ទ្រង់បានធ្វើឲ្យគាត់មានឋានៈទាបជាង
ម៉ាឡាអ៊ីកាត់តែមួយរយៈប៉ុណ្ណោះ
ទ្រង់ប្រទានសិរីរុងរឿង និងកិត្ដិយសដល់គាត់
ទុកជាមកុដរាជ្យ»
8 ទ្រង់បានបង្ក្រាបអ្វីៗទាំងអស់ឲ្យ
នៅក្រោមជើងរបស់គាត់»។
អុលឡោះបានបង្ក្រាបអ្វីៗទាំងអស់នៅក្រោមគាត់ ឥតទុកឲ្យមានអ្វីមួយនៅសល់ ដែលពុំបានចុះចូលនោះឡើយ។ ក៏ប៉ុន្ដែ នៅពេលនេះ យើងពុំឃើញថា អ្វីៗសព្វសារពើសុទ្ធតែបានចុះចូលនឹងអំណាចរបស់គាត់ហើយនោះទេ 9តែយើងឃើញថា អ៊ីសាដែលមានឋានៈទាបជាងពួកម៉ាឡាអ៊ីកាត់មួយរយៈ ព្រោះគាត់បានរងទុក្ខ និងស្លាប់នោះ ឥឡូវនេះ គាត់ទទួលសិរីរុងរឿង និងកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារក្តីមេត្តារបស់អុលឡោះ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សគ្រប់ៗគ្នា។ 10អ្វីៗទាំងអស់មានជីវិតដោយសារអុលឡោះ និងសម្រាប់ទ្រង់គាប់ចិត្តនឹងនាំបុត្រធីតាជាច្រើនឲ្យទទួលសិរីរុងរឿង ដូច្នេះ គួរគប្បីទ្រង់ ប្រោសប្រទានឲ្យម្ចាស់នៃការសង្គ្រោះបានគ្រប់លក្ខណៈដោយរងទុក្ខលំបាក។
11អ៊ីសាដែលប្រោសមនុស្សឲ្យបានបរិសុទ្ធ និងមនុស្សដែលគាត់ប្រោសឲ្យបាន បរិសុទ្ធនោះចេញមកពីប្រភពតែមួយ។ ហេតុនេះហើយបានជាអ៊ីសាមិនខ្មាសនឹងហៅគេថា ជាបងប្អូនរបស់គាត់ឡើយ 12គឺគាត់មានប្រសាសន៏ថា៖
«ខ្ញុំនឹងផ្សាយដំណឹងអំពីនាម
របស់ទ្រង់ឲ្យបងប្អូនខ្ញុំស្គាល់
ខ្ញុំនឹងច្រៀងលើកតម្កើងទ្រង់
នៅក្នុងអង្គប្រជុំ»។
13អ៊ីសាមានប្រសាសន៏ទៀតថា៖
«ខ្ញុំទុកចិត្ដលើទ្រង់»
ហើយថា«ខ្ញុំនៅឯនេះរួមជាមួយនឹងកូនចៅ
ដែលអុលឡោះប្រទានឲ្យខ្ញុំ»។
14ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា អ៊ីសាក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយគាត់ស្លាប់ ដើម្បីកំទេចអ៊ីព្លេសដែលមានអំណាចលើសេចក្ដីស្លាប់ 15និងដើម្បីរំដោះអស់អ្នកដែលជាប់ជាទាសករមួយជីវិត ព្រោះតែខ្លាចស្លាប់។ 16អ៊ីសាពិតជាពុំបានមកជួយពួកម៉ាឡាអ៊ីកាត់ទេ គឺគាត់មកជួយពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមវិញ។ 17ហេតុនេះហើយបានជាគាត់ត្រូវតែមានលក្ខណៈដូចបងប្អូនរបស់គាត់គ្រប់ជំពូកទាំងអស់ ដើម្បីធ្វើជាមូស្ទីដែលមានចិត្ដមេត្ដាករុណា មានចិត្ដស្មោះត្រង់ក្នុងការបម្រើអុលឡោះ និងដើម្បីរំដោះប្រជាជនឲ្យរួចផុតពីបាបផង។ 18ដោយអ៊ីសាផ្ទាល់បានរងទុក្ខលំបាក នៅពេលជួបការល្បងល គាត់ក៏អាចជួយ អស់អ្នកដែលជួបនឹងការល្បងលបានដែរ។
ទើបបានជ្រើសរើសហើយ៖
ហេប្រឺ 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.