កំណើតពិភពលោក 49
49
ណាពីយ៉ាកកូបឲ្យពរកូនៗទាំងដប់ពីរនាក់
1យ៉ាកកូបហៅកូនៗឲ្យមកជុំគ្នា ហើយនិយាយថា៖ «ចូរមកជួបជុំគ្នា ពុកនឹងប្រាប់ឲ្យកូនៗដឹងអំពីហេតុការណ៍ ដែលត្រូវកើតមានដល់កូនៗក្នុងពេលអនាគត។
2កូនចៅរបស់យ៉ាកកូបអើយ
ចូរមកជួបជុំគ្នា ហើយស្តាប់! ចូរស្តាប់អ៊ីស្រអែលជាឪពុក
3រូបេនជាកូនច្បងរបស់ពុក
កូនជាផលនៃកម្លាំងរបស់ពុក
ហើយពុកបានបង្កើតកូនមកមុនគេ
ក្នុងកាលដែលពុកនៅពេញកម្លាំងនៅឡើយ។
កូនមានកិត្តិយស និងអំណាចច្រើនជាងគេ។
4កូនប្រៀបបីដូចជាទឹកហូរយ៉ាងខ្លាំង
តែកូនមិនអាចធ្វើជាមេគេបានទេ
ព្រោះកូនបានបង្អាប់កិត្តិយសពុក
ដោយលួចរួមដំណេកជាមួយប្រពន្ធរបស់ពុក។
5ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា
គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ
6ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។
ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ
ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស
ហើយពេលចង់សប្បាយ
គេកាត់ជើងគោលេង។
7ពុកដាក់បណ្តាសាកំហឹងរបស់គេ
ព្រោះកំហឹងនេះកាចសាហាវណាស់
ហើយពេលគេក្តៅក្រហាយ
គេគ្មានចិត្តត្រាប្រណីទាល់តែសោះ!
ពុកនឹងបំបែកអ្នកទាំងពីរក្នុងពូជពង្សយ៉ាកកូប
ពុកនឹងកំចាត់កំចាយគេក្នុងស្រុកអ៊ីស្រអែល។
8យូដាអើយ បងប្អូនកូននឹងលើកតម្កើងកូនឡើង
កូននឹងមានអំណាចបង្ក្រាបខ្មាំងសត្រូវរបស់កូន
បងប្អូនបង្កើតរបស់កូននឹងក្រាបគោរពកូន។
9យូដាកូនអើយ កូនប្រៀបបាននឹងសត្វ
សិង្ហស្ទាវ ដែលវិលមកពីចាប់សត្វស៊ី
ពេលសិង្ហស្ទាវនេះក្រាបក្តី ដេកក្តី
វាមានប្ញទ្ធិ ដូចសិង្ហឈ្មោល និងសិង្ហញី
គ្មាននរណាហ៊ានដាស់ទេ។
10អំណាចនឹងមិនចាកចេញពីយូដាឡើយ
ពូជពង្សយូដានឹងគ្រងរាជ្យជានិច្ច រហូតទាល់តែស្តេច
ដែលជាម្ចាស់នៃអំណាចនេះមកដល់
ហើយប្រជារាស្ត្រនានាត្រូវតែចុះចូលនឹងគាត់។
11ស្តេចចងលារបស់ស្តេចជាប់នឹង
ដើមទំពំាងបាយជូរ
ហើយចងកូនលាជាប់នឹងមែកវា។
ស្តេចលាងដៃរបស់ស្តេច ក្នុងទឹកទំពំាងបាយជូរ
ហើយសំលៀកបំពាក់គាត់ ក្នុងទឹកទំពំាងបាយជូរ។
12ភ្នែករបស់ស្តេចក្រហម ជាងទឹកទំពំាងបាយជូរ ហើយធ្មេញរបស់គាត់
សជាងទឹកដោះគោទៅទៀត។
13សាប់យូឡូននឹងរស់នៅតាមឆ្នេរសមុទ្រ
ព្រមទាំងនាវាចតនៅតាមកំពង់ផែ
ព្រំប្រទល់របស់សាប់យូឡូន
លាតសន្ធឹងរហូតទៅដល់ក្រុងស៊ីដូន។
14អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ
ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។
15អ៊ីសាខារយល់ឃើញថា
កន្លែងដែលខ្លួនសម្រាកនោះជាកន្លែងល្អ
ហើយស្រុកនោះក៏ស្រួលរស់នៅផង
ដូច្នេះ អ៊ីសាខារក៏អោនខ្លួនឲ្យគេដាក់កែប ផ្ទុករបស់របរពីលើ និងឲ្យគេប្រើដូចទាសករផង។
16ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ពន្ធអ៊ីស្រអែល
17ដាន់ប្រៀបបាននឹងពស់ដែលលូននៅតាមផ្លូវ ដូចពស់វែកនៅតាមផ្លូវលំ
ដែលចាំតែចឹកកែងជើងសេះ បណ្តាលឲ្យ
អ្នកជិះដាច់ផ្ងារធ្លាក់ចុះមកក្រោម។
18ឱអុលឡោះតាអាឡាជាម្ចាស់អើយ
ខ្ញុំសង្ឃឹមថាទ្រង់នឹងសង្គ្រោះខ្ញុំ!
19កាដត្រូវកងទ័ពមួយមកវាយសំរុក
តែកាដនឹងវាយកងទ័ពនោះពីក្រោយខ្នងវិញ។
20អេស៊ើរចេះធ្វើម្ហូបអាហារយ៉ាងឆ្ងាញ់វិសេស
កូននឹងធ្វើម្ហូបអាហារជូនស្តេច។
21ណែបថាលីប្រៀបបាននឹងសត្វក្តាន់ញី
ដែលរត់ដោយសេរី និងបង្កើតកូនយ៉ាងស្អាតៗ។
22យូសុះប្រៀបបាននឹងពន្លក
លូតចេញពីដើមឈើដ៏ល្អ ដែលដុះនៅមាត់ទឹក
មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។
23ខ្មាំងសត្រូវនាំគ្នារករឿងយូសុះ
គេបាញ់ព្រួញមកលើយូសុះ
24ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង
យូសុះនៅតែខ្លាំងពូកែជានិច្ច។
សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប
ដែលគ្មាននរណាអាចយកជ័យជំនះបាន
សូមទ្រង់ដែលជាអ្នកគង្វាល
និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
25សូមអុលឡោះជាម្ចាស់របស់ពុកជួយទំនុកបំរុងកូន
សូមទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត
ប្រទានពរកូន
គឺឲ្យមានភ្លៀងបង្អុរចុះមកពីលើមេឃ
ឲ្យប្រភពទឹកផុសចេញមកពីទីជម្រៅ
ឲ្យមានកូនច្រើន និងហ្វូងសត្វក៏ច្រើនដែរ។
26សូមឲ្យពរដែលពុកផ្តល់ដល់កូននេះ
បានប្រសើរលើសពរដូនតារបស់ពុក
និងខ្ពស់លើសកំពូលភ្នំដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចទៅទៀត។
សូមឲ្យពរទាំងនេះធ្លាក់មកលើយូសុះ គឺធ្លាក់មកលើសក់របស់យូសុះដែលអុលឡោះ
បានញែកចេញពីចំណោមបងប្អូនរបស់ខ្លួន
ដើម្បីឲ្យបម្រើគាត់។
27ពុនយ៉ាមីនប្រៀបបាននឹងចចកដ៏សាហាវ
ដែលសម្លាប់សត្វហែកស៊ីនៅពេលព្រឹក
និងយករំពាមកចែកគ្នានៅពេលល្ងាច»។
28អ្នកទាំងនោះ ជាកុលសម្ពន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែល។ យ៉ាកកូបបានផ្តែផ្តាំដូច្នេះ នៅពេលគាត់ឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
ណាពីយ៉ាកកូបស្លាប់
29បន្ទាប់មក យ៉ាកកូបផ្តែផ្តាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងរូងភ្នំ ដែលនៅក្នុងចម្ការរបស់អេប្រូនជាជនជាតិហេត 30គឺនៅក្នុងចម្ការម៉ាកពេឡា ជិតម៉ាមរ៉េ ក្នុងស្រុកកាណាន ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជនជាតិហេត ទុកសម្រាប់ធ្វើជាកន្លែងបញ្ចុះសព។ 31នៅទីនោះ គេបានបញ្ចុះសពតាអ៊ីព្រហ៊ីម និងយាយសារ៉ា ជាភរិយា តាអ៊ីសាហាក់ និងយាយរ៉ហ្វ៊ីកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។ 32តាអ៊ីព្រហ៊ីមបានទិញចម្ការ ព្រមទាំងរូងភ្នំដែលស្ថិតនៅក្នុងចម្ការនោះពីជនជាតិហេត»។ 33យ៉ាកកូបបានផ្តែផ្តាំកូនៗចប់សព្វគ្រប់ហើយ គាត់លើកជើងដាក់លើគ្រែវិញ ហើយក៏ផុតដង្ហើម ទៅជួបជុំជាមួយដូនតារបស់គាត់។
ទើបបានជ្រើសរើសហើយ៖
កំណើតពិភពលោក 49: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.