កំណើត​ពិភព​លោក 32

32
ណាពី​យ៉ាកកូប​រៀប​ចំ​ខ្លួន​ជួប​អេសាវ
1យ៉ាកកូប​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ហើយ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​មក​ជួប​គាត់។ 2ពេល​ឃើញ​ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ យ៉ាកកូប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ជំរំ​របស់​អុលឡោះ​!»។ គាត់​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម»។ 3យ៉ាកកូប​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​មុន​គាត់ ដើម្បី​ជួប​នឹង​អេសាវ​ជា​បង នៅ​ស្រុក​សៀរ ក្នុង​តំបន់​អេដុម។ 4គាត់​បាន​ផ្តែ​ផ្តាំ​អ្នក​នាំ​សារ​ទាំង​នោះ​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​ជម្រាប​អេសាវ ជា​ចៅ‌ហ្វាយ​ខ្ញុំ​ដូច​តទៅ: យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក សូម​ជម្រាប​ថា “ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​លោក​អ៊ំ​ឡាបាន់​រហូត​មក​ទល់​ពេល​នេះ។ 5ខ្ញុំ​មាន គោ លា ចៀម និង​មាន​អ្នក​បម្រើ​ប្រុស​ស្រី ជា​ច្រើន។ ខ្ញុំ​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ជា​ដំណឹង ដើម្បី​សូម​សេចក្តី​សន្តោស​មេត្តា​ពី​លោក​ម្ចាស់”»។
6អ្នក​នាំ​សារ​បាន​វិល​មក​ជួប​យ៉ាកកូប​វិញ ជម្រាប​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ជួប​អេសាវ ជា​បង​របស់​ចៅ‌ហ្វាយ​ហើយ។ អេសាវ​ក៏​កំពុង​តែ​ធ្វើ​ដំណើរ​មក​ជួប​ចៅ‌ហ្វាយ​ដែរ ដោយ​មាន​គ្នា​បួន​រយ​នាក់​មក​ជា​មួយ​ផង»។ 7យ៉ាកកូប​ភ័យ​ខ្លាច និង​តប់​ប្រមល់​យ៉ាង​ខ្លាំង គាត់​ក៏​ចែក​ពួក​គាត់​ជា​ពីរ​ជំរំ ហើយ​ចែក​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ ជា​ពីរ​ហ្វូង​ដែរ 8ព្រោះ​គាត់​គិត​ថា ប្រសិន​បើ​អេសាវ​មក​វាយ​ប្រហារ​ជំរំ​មួយ ជំរំ​មួយ​ទៀត​អាច​រត់​រួច​បាន។
9បន្ទាប់​មក យ៉ាកកូប​ទូរអា​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ៊ីព្រហ៊ីម​ដែល​ជា​ជីតា​របស់​ខ្ញុំ ជា​ម្ចាស់​នៃ​អ៊ីសា‌ហាក់ ដែល​ជា​ឪពុក​របស់​ខ្ញុំ​អើយ ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា “ចូរ​វិល​ទៅ​ស្រុក​អ្នក វិល​ទៅ​រក​ញាតិ​សន្តាន​របស់​អ្នក​វិញ​ទៅ យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា!” 10ខ្ញុំ​ជា​មនុស្ស​ទន់​ទាប​ណាស់ មិន​សម​ឲ្យ​អុលឡោះ​សំដែង​ចិត្ត​សប្បុរស និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ខ្ញុំ ដល់​កំរិត​នេះ​ឡើយ។ កាល​ខ្ញុំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ ខ្ញុំ​មាន​តែ​ដំបង​មួយ​ទេ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ។ 11សូម​អុលឡោះ​មេត្តា​ប្រោស​ខ្ញុំ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​អេសាវ ជា​បង​ប្រុស​របស់​ខ្ញុំ​ផង! ដ្បិត​ខ្ញុំ​ខ្លាច​គាត់​មក​ដល់ សម្លាប់​រង្គាល​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ទាំង​ស្រី ទាំង​ក្មេង។ 12អុលឡោះ​មាន​បន្ទូល​មក​ខ្ញុំ​ថា “យើង​នឹង​ឲ្យ​អ្នក​បាន​សុខ​ដុម​រមនា ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​បាន​កើន​ចំនួន​ច្រើន​ឡើង​ឥត​គណនា ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ”»។
13យប់​នោះ យ៉ាកកូប​ក៏​ស្នាក់​នៅ​កន្លែង​នោះ។ គាត់​បាន​យក​សត្វ​មួយ​ចំនួន ដែល​គាត់​មាន មក​ធ្វើ​ជា​ជំនូន ដល់​អេសាវ​ជា​បង 14គឺ​ពពែ​ញី​ពីរ​រយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល 15អូដ្ឋ​ញី​សាម‌សិប​ក្បាល ព្រម​ទាំង​កូន​វា​ដែល​នៅ​បៅ​ដោះ គោ​ញី​សែ‌សិប​ក្បាល គោ​បា​ដប់​ក្បាល លា​ញី​ម្ភៃ​ក្បាល និង​លា​ឈ្មោល​ដប់​ក្បាល។ 16គាត់​បាន​ប្រគល់​សត្វ​ទាំង​នោះ​ឲ្យ​ពួក​អ្នក​បម្រើ តាម​ហ្វូង​របស់​វា ទី‌ទៃៗ​ពី​គ្នា រួច​គាត់​ប្រាប់​អ្នក​បម្រើ​ទាំង​នោះ​ថា៖ «ចូរ​នាំ​គ្នា​ចេញ​ទៅ​មុន​ខ្ញុំ ហើយ​ឲ្យ​ហ្វូង​សត្វ​នៅ​ដាច់​ពី​គ្នា ដោយ​ពួកៗ»។ 17គាត់​បង្គាប់​ទៅ​អ្នក​ដែល​ដើរ​នៅ​មុខ​គេ​ថា៖ «បើ​អេសាវ​ជា​បង​របស់​ខ្ញុំ​ជួប​អ្នក ហើយ​សួរ​អ្នក​ថា “អ្នក​ណា​ជា​ចៅ‌ហ្វាយ​របស់​អ្នក​រាល់​គ្នា? តើ​អ្នក​ទៅ​ណា​មក​ណា? ហ្វូង​សត្វ​ដែល​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​ជា​របស់​នរណា?” 18នោះ​អ្នក​ត្រូវ​តប​វិញ​ថា “ហ្វូង​សត្វ​ទាំង​នេះ​ជា​របស់​យ៉ាកកូប ជា​អ្នក​បម្រើ​របស់​អ្នក គាត់​សូម​ផ្ញើ​សត្វ​នេះ​មក​ជូន​លោក​ម្ចាស់​អេសាវ។ រីឯ​គាត់​វិញ គាត់​កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ”»។ 19យ៉ាកកូប​បាន​បង្គាប់​អ្នក​ដែល​នៅ​បន្ទាប់​ពី​អ្នក​ដើរ​ខាង​មុខ និង​អ្នក​ទី​បី ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ដើរ​តាម​ហ្វូង​សត្វ​ដូចៗ​គ្នា​ទាំង​អស់។ គាត់​បង្គាប់​គេ​ថា៖ «បើ​អ្នក​រាល់​គ្នា​ជួប​លោក​អេសាវ ត្រូវ​ជម្រាប​គាត់​ដូច្នេះ 20គឺ​ជម្រាប​គាត់​ថា “យ៉ាកកូប​ជា​អ្នក​បម្រើ​របស់​អ្នក កំពុង​តែ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ”»។ យ៉ាកកូប​ធ្វើ​ដូច្នេះ ព្រោះ​គាត់​គិត​ថា «ជំនូន​ដែល​ខ្ញុំ​ចាត់​ឲ្យ​គេ​នាំ​ទៅ​មុន​នេះ មុខ​ជា​ធ្វើ​ឲ្យ​អេសាវ​បាន​ស្ងប់​ចិត្ត​មិន​ខាន។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ជួប​មុខ​គាត់​ផ្ទាល់ ប្រហែល​ជា​គាត់​ទទួល​ខ្ញុំ​ដោយ​រាក់​ទាក់​ផង​មើល​ទៅ»។ 21គេ​ក៏​នាំ​សត្វ​ទាំង​ឡាយ​ដែល​គាត់​ផ្ញើ​ជា​ជំនូន​នោះ​ទៅ​មុន តែ​យប់​នោះ​យ៉ាកកូប​ស្នាក់​នៅ​ក្នុង​ជំរំ។ 22នៅ​យប់​ដដែល​នោះ គាត់​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។ 23កាល​គាត់​ឲ្យ​ក្រុម​គ្រួសារ​ឆ្លង​ទឹក​រួច​ហើយ គាត់​ក៏​ឲ្យ​គេ​ចម្លង​អ្វីៗ ដែល​ជា​របស់​គាត់​ទៅ​ដែរ។ 24យ៉ាកកូប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក​ចំបាប់​ជា​មួយ​គាត់ រហូត​ដល់​ភ្លឺ។ 25កាល​បុរស​នោះ​ឃើញ​ថា ពុំ​អាច​ឈ្នះ​យ៉ាកកូប​បាន ក៏​វាយ​គាត់​ចំ​ចង្កេះ។ យ៉ាកកូប​ក៏​ថ្លោះ​ចង្កេះ​នៅ​ពេល​បោក​ចំបាប់​គ្នា​នោះ។ 26បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ គាត់​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​អ្នក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។ 27បុរស​នោះ​សួរ​គាត់​ថា៖ «អ្នក​ឈ្មោះ​អី?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកកូប»។ 28បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា យ៉ាកកូប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រ‌អែល​វិញ ដ្បិត​អ្នក​បាន​តស៊ូ​ជា​មួយ​អុលឡោះ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ​ជំនះ»។ 29យ៉ាកកូប​សួរ​បុរស​នោះ​វិញ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​អ្នក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ចង់​ដឹង​ឈ្មោះ​យើង?»។ បុរស​នោះ​ក៏​ឲ្យ​ពរ​យ៉ាកកូប​នៅ​ទី​នោះ​ទៅ។ 30យ៉ាកកូប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​គាត់​ពោល​ថា «ខ្ញុំ​បាន​ឃើញ​អុលឡោះ​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។ 31ពេល​យ៉ាកកូប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ គាត់​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។ 32ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រ‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

កំណើត​ពិភព​លោក 32: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល