ណាពីអេសេគាល 22
22
ទោសរបស់ក្រុងយេរូសាឡឹម
1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖
2«កូនមនុស្សអើយ ចូរវិនិច្ឆ័យទោស! ចូរវិនិច្ឆ័យទោសក្រុងដែលពោរពេញដោយឃាតកម្មនេះទៅ! ចូរប្រាប់ពួកគេឲ្យស្គាល់អំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ខ្លួន។ 3ចូរពោលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ដោយប្រជាជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។ 4យេរូសាឡឹមអើយ អ្នកមានទោស ព្រោះតែការកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលអ្នកបានសូន។ អ្នកធ្វើឲ្យខ្លួនមានអាយុខ្លី ជីវិតអ្នកជិតដល់ទីបញ្ចប់ហើយ។ ហេតុនេះ យើងនឹងប្រគល់អ្នកទៅឲ្យប្រជាជាតិទាំងឡាយបន្ទាបបន្ថោក ហើយមនុស្សម្នាគ្រប់ស្រុកនឹងមើលងាយអ្នក។ 5សាសន៍ដទៃទាំងជិតទាំងឆ្ងាយនាំគ្នាមើលងាយអ្នក ដ្បិតអ្នកបន្ថោកកេរ្តិ៍ឈ្មោះខ្លួនឯង និងបំពានលើវិន័យយ៉ាងធ្ងន់ធ្ងរ។ 6មេដឹកនាំអ៊ីស្រអែលប្រើកម្លាំងរបស់ខ្លួនបង្ហូរឈាមគេនៅក្នុងក្រុងនេះ។ 7ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។ 8ពួកគេមើលងាយទីសក្ការៈ និងរំលោភលើថ្ងៃឈប់សម្រាករបស់យើង។ 9នៅក្រុងនេះមានមនុស្សនិយាយមួលបង្កាច់ ដើម្បីរកលេសសម្លាប់គ្នា។ ពួកគេបរិភោគសំណែនដែលគេសែនព្រះក្លែងក្លាយនៅតាមភ្នំនានា ព្រមទាំងប្រព្រឹត្តអំពើដ៏ថោកទាបទៀតផង។ 10អ្នកខ្លះរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន ពួកគេបង្ខំស្ត្រីដែលកំពុងមានរដូវឲ្យរួមដំណេកជាមួយខ្លួន។ 11អ្នកខ្លះរួមដំណេកជាមួយប្រពន្ធគេ អ្នកខ្លះរួមដំណេកជាមួយកូនប្រសារបស់ខ្លួន អ្នកខ្លះទៀតរំលោភលើប្អូនស្រីរបស់ខ្លួន គឺកូនកើតពីម្ដាយទីទៃ។ 12អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកំរិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
13យើងនឹងទះដៃដោយកំហឹងដាក់ក្រុងនេះ ព្រោះតែពួកគេជំរិតជិះជាន់ និងប្រហារជីវិតគ្នា។ 14យេរូសាឡឹមអើយ នៅគ្រាយើងដាក់ទោសអ្នក តើអ្នកមានកម្លាំងកាយ កម្លាំងចិត្តទ្រាំទ្របានឬទេ? យើងជាអុលឡោះតាអាឡា យើងនិយាយយ៉ាងណា យើងសម្រេចយ៉ាងនោះ។ 15យើងនឹងបំបែកប្រជាជនរបស់អ្នក ទៅក្នុងចំណោមប្រជាជាតិទាំងឡាយ យើងនឹងកំចាត់កំចាយប្រជាជនរបស់អ្នកឲ្យទៅនៅតាមស្រុកនានា យើងនឹងធ្វើឲ្យអ្នកលែងប្រព្រឹត្តអំពើសៅហ្មងទៀត។ 16អ្នកបង្អាប់បង្អោនកិត្តិយសខ្លួនឯង នៅចំពោះមុខប្រជាជាតិទាំងឡាយ។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
17 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 18«កូនមនុស្សអើយ ពូជពង្សអ៊ីស្រអែលលែងមានតម្លៃអ្វីសម្រាប់យើងទៀតហើយ ពួកគេប្រៀបដូចជាលោហធាតុដែលមិនសុទ្ធ គឺប្រាក់ លង្ហិន ស្ពាន់ ដែក និងសំណ ដែលត្រូវដាក់ក្នុងឡ»។ 19ហេតុនេះអុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា៖ «ដោយអ្នកទាំងអស់គ្នាប្រៀបដូចជាលោហធាតុមិនសុទ្ធ យើងនឹងប្រមូលអ្នករាល់គ្នាមកដាក់នៅកណ្ដាលក្រុងយេរូសាឡឹម។ 20យើងនឹងគរអ្នករាល់គ្នាដុត តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ដូចគេប្រមូលប្រាក់ លង្ហិន ដែក សំណ និងស្ពាន់មកដាក់ជាគំនរ ដុតរំលាយនៅក្នុងភ្លើងយ៉ាងនោះដែរ។ 21យើងនឹងដាក់អ្នករាល់គ្នាជាគំនរ រួចផ្លុំភ្លើងនៃកំហឹងរបស់យើង ដុតអ្នករាល់គ្នាឲ្យរលាយនៅកណ្ដាលក្រុងយេរូសាឡឹម។ 22អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។
23 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖ 24«កូនមនុស្សអើយ ចូរប្រាប់ក្រុងយេរូសាឡឹមទៀតថា: អ្នកជាទឹកដីមិនបរិសុទ្ធ ជាដីដែលគ្មានភ្លៀងស្រោចស្រព នៅថ្ងៃយើងខឹង។ 25ណាពីរបស់អ្នកឃុបឃិតគ្នានៅក្នុងក្រុងនេះ ដូចសិង្ហគ្រហឹមបម្រុងហែករំពាស៊ី។ ពួកគេប្រហារជីវិតមនុស្ស ដើម្បីរឹបអូសយកទ្រព្យសម្បត្តិ និងរបស់របរដ៏មានតម្លៃ ពួកគេធ្វើឲ្យស្ត្រីមេម៉ាយកើនចំនួនច្រើនឡើងៗនៅក្នុងទីក្រុង។ 26អ៊ីមុាំរបស់អ្នក នាំគ្នាបំពានលើហ៊ូកុំរបស់យើង និងបន្ថោកទីសក្ការៈរបស់យើង។ ពួកគេមិនចេះសំគាល់មើលថា អ្វីវិសុទ្ធឬមិនវិសុទ្ធ ហើយក៏មិនបង្រៀនប្រជាជនឲ្យស្គាល់អ្វីបរិសុទ្ធ និងអ្វីមិនបរិសុទ្ធដែរ។ ពួកគេមិនរវីរវល់នឹងថ្ងៃឈប់សម្រាករបស់យើងទេ ដូច្នេះ នៅក្រុងយេរូសាឡឹមគ្មាននរណាគោរពយើងទៀតឡើយ។ 27មេដឹកនាំរបស់ក្រុងនេះប្រៀបបាននឹងចចកដែលហែករំពាស៊ី គឺពួកគេនាំគ្នាបង្ហូរឈាម និងប្រហារជីវិតមនុស្សដណ្ដើមយកទ្រព្យសម្បត្តិ។ 28ណាពីរបស់គេជាមនុស្សលាក់ពុត គឺប្រកាសអំពីនិមិត្តហេតុក្លែងក្លាយ និងការទស្សន៍ទាយបោកប្រាស់។ ពួកគេពោលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ” តែអុលឡោះតាអាឡាឥតមានបន្ទូលតាមរយៈពួកគេឡើយ។ 29ប្រជាជននៅក្នុងស្រុកនេះនាំគ្នាប្រព្រឹត្តអំពើឃោរឃៅ លួចប្លន់ និងកេងប្រវ័ញ្ចជនកំសត់ទុគ៌ត ជិះជាន់សង្កត់សង្កិនជនបរទេសដោយអយុត្តិធម៌។ 30យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។ 31ដូច្នេះ យើងនឹងជះកំហឹងរបស់យើងទៅលើពួកគេ ភ្លើងនៃកំហឹងរបស់យើងផ្ដន្ទាទោសពួកគេ។ យើងដាក់ទោសពួកគេតាមអំពើដែលខ្លួនបានប្រព្រឹត្ត» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 22: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.