ណាពីអេសេគាល 20
20
ទោះបីជនជាតិអ៊ីស្រអែលបះបោរ អុលឡោះនៅតែដឹកនាំពួកគេ
1នៅឆ្នាំទីប្រាំពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមអះលីជំអះរបស់ជនជាតិអ៊ីស្រអែល នាំគ្នាមកសួរអុលឡោះតាអាឡា ពួកគេអង្គុយនៅមុខខ្ញុំ។ 2ពេលនោះ អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ៖
3«កូនមនុស្សអើយ ចូរប្រាប់អះលីជំអះរបស់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងមានបន្ទូលឆ្លើយតបឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្តល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាម្ចាស់ដែលមានជីវិតអស់កល្ប យើងនឹងមិនផ្តល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 4កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេឲ្យដឹងនូវអំពើគួរស្អប់ខ្ពើម ដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។ 5ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់យ៉ាកកូប ព្រមទាំងសំដែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា”។ 6នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ 7យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា”។
8ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើមដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើងរហូតទាល់តែចប់ចុងចប់ដើម។ 9ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងឲ្យជនជាតិអ៊ីស្រអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ 10យើងនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។ 11យើងបានប្រគល់ហ៊ូកុំឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។ 12យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។
13នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមហ៊ូកុំរបស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃឈប់សម្រាករបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។ 14ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ 15នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ 16យើងធ្វើដូច្នេះ មកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមហ៊ូកុំរបស់យើង ព្រមទាំងរំលោភលើថ្ងៃឈប់សម្រាករបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។ 17ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកំទេច និងប្រល័យជីវិតពួកគេឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។ 18យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។ 19យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចូរធ្វើតាមហ៊ូកុំ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។ 20ចូរចាត់ទុកថ្ងៃឈប់សម្រាករបស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃឈប់សម្រាកនេះជាទីសំគាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំលឹកឲ្យដឹងថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា”។
21ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមហ៊ូកុំរបស់យើងទេ ពួកគេក៏ពុំបានគោរព និងប្រតិបត្តិតាមហ៊ូកុំរបស់យើង ដើម្បីឲ្យមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃឈប់សម្រាករបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។ 22ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។ 23នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកំចាត់កំចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង 24ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើង ហើយបោះបង់ចោលហ៊ូកុំ និងរំលោភលើថ្ងៃឈប់សម្រាករបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។ 25ហេតុនេះ យើងក៏ប្រគល់ច្បាប់មិនល្អដល់ពួកគេ ហើយឲ្យពួកគេធ្វើតាមវិន័យ ដែលពុំផ្ដល់ឲ្យពួកគេមានជីវិត។ 26យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារជំនូនរបស់ខ្លួន គឺនៅពេលដែលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាអុលឡោះតាអាឡាមែន។
27ហេតុនេះ កូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើង ដោយក្បត់ចិត្តយើង។ 28យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។ 29យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។
30ចូរថ្លែងប្រាប់ជនជាតិអ៊ីស្រអែលថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះដ៏គួរស្អប់ខ្ពើម ដូចដូនតារបស់អ្នករាល់គ្នាយ៉ាងនេះ? 31អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំនោះ។ អ៊ីស្រអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាម្ចាស់ដែលមានជីវិតអស់កល្ប! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 32អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្ម ដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេ ធ្វើដូច្នេះ មិនបានជាដាច់ខាត! 33យើងជាម្ចាស់ដែលមានជីវិតអស់កល្ប -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយអំណាចដ៏ខ្លាំងក្លារបស់យើង។ 34យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នា ពីស្រុកដែលយើងកំចាត់កំចាយអ្នករាល់គ្នាឲ្យទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយអំណាចដ៏ខ្លាំងក្លារបស់យើង។ 35យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។ 36យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 37យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាឲ្យគោរពតាមសម្ពន្ធមេត្រី។ 38យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
39រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រអែលអើយ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ 40ដ្បិតជនជាតិអ៊ីស្រអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រអែល - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលជំនូនផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។ 41កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលគូរបានដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសំដែងឲ្យប្រជាជាតិនានាឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។ 42ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។ 43នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ 44ជនជាតិអ៊ីស្រអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និងអំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន» -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
ភ្លើងនៅស្រុកខាងត្បូង
45 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 46«កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង! 47ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។ 48មនុស្សលោកទាំងអស់នឹងឃើញថា គឺយើងជាអុលឡោះតាអាឡាដែលបានបង្កាត់ភ្លើងនេះ ហើយវានឹងមិនរលត់ឡើយ”»។ 49ខ្ញុំជម្រាបទ្រង់ថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! អ្នកទាំងនោះតែងតែពោលថា ខ្ញុំជាអ្នកនិយាយពាក្យប្រស្នា»។
ទើបបានជ្រើសរើសហើយ៖
ណាពីអេសេគាល 20: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.