សេរី‌ភាព 12

12
បុណ្យ​រំលង
1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន នៅ​ស្រុក​អេស៊ីប​ថា៖ 2«អ្នក​រាល់​គ្នា​ត្រូវ​រាប់​ខែ​នេះ ជា​ខែ​ដំបូង គឺ​ខែ​ដើម​ឆ្នាំ​របស់​អ្នក​រាល់​គ្នា។ 3ចូរ​ប្រាប់​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នី​មួយៗ ឬ​ផ្ទះ​នី​មួយៗ 4បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​ឲ្យ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើស​រើស​សត្វ​មួយ ដែល​អាច​បរិភោគ​អស់។ 5ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។ 6អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​អារ ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។ 7ត្រូវ​យក​ឈាម​សត្វ​ដែល​គេ​បាន​សម្លាប់​នោះ ទៅ​លាប​នៅ​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​នៅ​ខាង​លើ​ទ្វារ​ផ្ទះ​ដែល​គេ​បរិភោគ​សាច់។ 8នៅ​យប់​នោះ ត្រូវ​យក​សាច់​ទៅ​អាំង រួច​បរិភោគ​ជា​មួយ​នំបុ័ង​ឥត​មេ និង​បន្លែ​ល្វីង។
9មិន​ត្រូវ​បរិភោគ​សាច់​ឆៅ ឬ​ស្ងោរ​ទេ គឺ​ត្រូវ​បរិភោគ​សាច់​អាំង​ទាំង​មូល​តែ​ម្តង ដោយ​មាន​ក្បាល ជើង និង​គ្រឿង​ក្នុង​ផង។ 10មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស​សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។ 11នៅ​ពេល​បរិភោគ ត្រូវ​ក្រវាត់​ចង្កេះ ពាក់​ស្បែក​ជើង កាន់​ដំបង ដូច​រៀប​ចំ​ខ្លួន​ចេញ​ដំណើរ ហើយ​ត្រូវ​បរិភោគ​ឲ្យ​រហ័ស។ នេះ​ជា​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា”។
12នៅ​យប់​នោះ យើង​នឹង​ឆ្លង​កាត់​ស្រុក​អេស៊ីប ហើយ​ប្រហារ​កូន​ច្បង​ទាំង​អស់​របស់​ពួក​គេ ទាំង​មនុស្ស ទាំង​សត្វ។ យើង​ជាអុលឡោះ‌តាអាឡា យើង​នឹង​ដាក់​ទោស​ព្រះ‌ក្លែង‌ក្លាយ​ទាំង​អស់​របស់​ជន‌ជាតិ​អេស៊ីប។ 13ឈាម​ដែល​អ្នក​រាល់​គ្នា​លាប​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​នឹង​ធ្វើ​ជា​សញ្ញា​សំគាល់​ថា អ្នក​រាល់​គ្នា​ស្នាក់​នៅ​ក្នុង​ផ្ទះ​នោះ។ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​រង​គ្រោះ​កាច នៅ​ពេល​ដែល​យើង​ប្រហារ​ស្រុក​អេស៊ីប​ឡើយ។
14អ្នក​រាល់​គ្នា​ត្រូវ​យក​ថ្ងៃ​នេះ ធ្វើ​ជា​ថ្ងៃ​បុណ្យ​រំលឹក​អំពី​ព្រឹត្ត‌ការណ៍​ដែល​កើត​មាន ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា នេះ​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត​ជា​រៀង​រហូត​តទៅ​ឥត​ប្រែ​ប្រួល​បាន​ឡើយ។
ពិធី​បុណ្យ​នំបុ័ង​ឥត​មេ
15ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំបុ័ង​ឥត​មេ។ ចាប់​ពី​ថ្ងៃ​ទី​មួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​មេ​នំបុ័ង​ចេញ​ឲ្យ​អស់​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា។ អ្នក​ណា​បរិភោគ​នំបុ័ង​មាន​មេ ចាប់​ពី​ថ្ងៃ​ទី​មួយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។ 16នៅ​ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ​ពីរ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រមូល​ផ្តុំ​គ្នា ជា​អង្គ​ប្រជុំ​បរិសុទ្ធ។ ក្នុង​អំឡុង​ពេល​ពីរ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​អាច​ធ្វើ​បាន​តែ​ម្ហូប​អាហារ សម្រាប់​បរិភោគ​ប៉ុណ្ណោះ។ 17អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំបុ័ង​ឥត​មេ ដ្បិត​នៅ​ថ្ងៃ​នេះ​ហើយ ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ អ្នក​រាល់​គ្នា​ត្រូវ​តែ​គោរព​ថ្ងៃ​នេះ ទុក​ជា​ហ៊ូកុំ​ដែល​ត្រូវ​អនុវត្ត ជា​រៀង​រហូត​តទៅ ឥត​ប្រែ​ប្រួល​បាន​ឡើយ។ 18នៅ​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​ថ្ងៃ​ទី​ដប់​បួន រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​ម្ភៃ​មួយ អ្នក​រាល់​គ្នា​ត្រូវ​តែ​បរិភោគ​នំបុ័ង​ឥត​មេ។ 19ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំបុ័ង​មាន​មេ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​សហគមន៍​អ៊ីស្រ‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្តី។ 20ទោះ​បី​អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា​ក៏​ដោយ មិន​ត្រូវ​បរិភោគ​នំបុ័ង​មាន​មេ​ឡើយ គឺ​បរិភោគ​បាន​តែ​នំបុ័ង​ឥត​មេ​ប៉ុណ្ណោះ»។
ការ​រៀប​ចំ​ម្ហូប​អាហារ​សម្រាប់​បុណ្យ​រំល
21ម៉ូសា​បាន​ហៅ​អះលី‌ជំអះ​ទាំង​អស់ នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​មក ហើយ​ប្រាប់​ថា៖ «សូម​អស់​លោក​យក​កូន​ចៀម ហើយ​សម្លាប់​វា​ធ្វើ​បុណ្យ​រំលង​សម្រាប់​ក្រុម​គ្រួសារ​របស់​អស់​លោក។ 22ចូរ​យក​មែក​ហ៊ីសុប​ចង​ជា​កញ្ចុំ រួច​ជ្រលក់​ក្នុង​ផើង ដែល​ដាក់​ឈាម ហើយ​យក​ឈាម​នោះ ទៅ​លាប​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​ខ្លួន រហូត​ដល់​ព្រឹក។ 23ពេលអុលឡោះ‌តាអាឡា​ឆ្លង​កាត់​ស្រុក​អេស៊ីប ដើម្បី​ប្រហារ​ជន‌ជាតិ​អេស៊ីប ហើយ​មើល​ឃើញ​ឈាម​លើ​ក្រប​ទ្វារ​ទាំង​សង​ខាង និង​ក្រប​ទ្វារ​ខាង​លើ នោះ​ទ្រង់​នឹង​រំលង​ផ្ទះ​របស់​អ្នក​រាល់​គ្នា មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។
24អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ត្រូវ​គោរព​តាម​ហ៊ូកុំ​នេះ​រហូត​តទៅ។ 25នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី ដែលអុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ស្រប​តាម​បន្ទូល​សន្យា អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​ពិធី​បុណ្យ​នេះ។ 26បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​ដូច​ម្តេច 27ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ទ្រង់​ប្រហារ​ជន‌ជាតិ​អេស៊ីប​តែ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង​ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា
28ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា និង​ហារូន។
គ្រោះ​កាច​ចុង​ក្រោយ: ការ​ប្រហារ​កូន​ច្បង​របស់​ជន‌ជាតិ​អេស៊ីប
29នៅ​កណ្តាល​អធ្រាត្រអុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​កូន​ច្បង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​គ្រង​រាជ្យ​រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។ 30នៅ​យប់​នោះ ស្តេច​ហ្វៀរ៉អ៊ូន នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ទាំង​អស់ និង​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ក្រោក​ឡើង​គ្រប់ៗ​គ្នា ហើយ​មាន​ឮ​សំរែក​ទ្រ​ហោ​យំ​យ៉ាង​ខ្លាំង ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល ដ្បិត​គ្មាន​ផ្ទះ​ណា​មួយ​ដែល​គ្មាន​មនុស្ស​ស្លាប់​ទេ។
31ស្តេច​ហ្វៀរ៉អ៊ូន​ហៅ​ម៉ូសា និង​ហារូន​មក​ទាំង​យប់ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទាំង​ពីរ​ថា៖ «ចូរ​នាំ​ពួក​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​យើង​ជា​ប្រញាប់​ទៅ! ចូរ​នាំ​គ្នា​ទៅ​បម្រើអុលឡោះ‌តាអាឡា ដូច​អ្នក​រាល់​គ្នា​បាន​សុំ​នោះ​ទៅ! 32ចូរ​នាំ​ហ្វូង​ចៀម និង​ហ្វូង​គោ​ទៅ​ជា​មួយ តាម​សំណូម​ពរ​របស់​អ្នក​រាល់​គ្នា​ចុះ! បន្ទាប់​មក ចូរ​ឲ្យ​ពរ​យើង​ផង!»។
33ដោយ​ជន‌ជាតិ​អេស៊ីប​ស្មាន​ថា គេ​មុខ​ជា​ស្លាប់​ទាំង​អស់ គេ​ក៏​បង្ខំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ខ្លួន​ជា​បន្ទាន់។ 34ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​ម្សៅ​ដែល​មិន​ទាន់​ដោរ និង​យក​ផើង​សម្រាប់​លាយ​ម្សៅ​រុំ​នឹង​អាវ​ធំ ហើយ​លី​ចេញ​ទៅ។ 35ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​ពាក្យ​ដែល​ម៉ូសា​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក​បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។ 36អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប អនុ‌គ្រោះ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ដោយ​ប្រគល់​នូវ​អ្វីៗ​ដែល​ពួក​គេ​សុំ។ ដូច្នេះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​ពី​ជន‌ជាតិ​អេស៊ីប។
ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប
37ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​ដំណើរ ពី​ក្រុង​រ៉ាម‌សែស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។ 38មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។ 39ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំបុ័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក យ៉ាង​តក់​ក្រហល់ គ្មាន​ពេល​នឹង​រៀប​ចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។ 40ជន‌ជាតិ​អ៊ីស្រ‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។ 41លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់អុលឡោះ‌តាអាឡា​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។
42នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​គ្រប់​ដំណ​តរៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណអុលឡោះ‌តាអាឡា ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។
ហ៊ូកុំ​សម្រាប់​ប្រារព្ធ​ពិធី​បុណ្យ​រំលង
43 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖ «ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​រំលង​មាន​ដូច​តទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​រំលង​ទេ។ 44ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក​អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​ខតាន់​ឲ្យ​ជា​មុន​សិន។ 45សាសន៍​ដទៃ​ដែល​មក​រស់​នៅ​ជា​បណ្តោះ​អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។ 46ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។ 47សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ 48ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​រំលង ជូនអុលឡោះ‌តាអាឡា​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​ខតាន់​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​ខតាន់​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​រំលង​ជា​ដាច់​ខាត។ 49មាន​ហ៊ូកុំ​តែ​មួយ​សម្រាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។
50ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិ‌បត្តិ​តាម​បន្ទូល ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា និង​ហារូន។ 51នៅ​ថ្ងៃ​កំណត់​នោះ អុលឡោះ‌តាអាឡា​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។

ទើបបានជ្រើសរើសហើយ៖

សេរី‌ភាព 12: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល