កិច្ចការ 24
24
ជនជាតិយូដាចោទប្រកាន់លោកប៉ូល
1ប្រាំថ្ងៃក្រោយមកមូស្ទីអាណាណាស និងពួកអះលីជំអះមួយចំនួន បានធ្វើដំណើរមកដល់ មានទាំងមេធាវីម្នាក់ឈ្មោះទើទូលុស មកជាមួយផង។ ពួកគេបានប្ដឹងទៅលោកទេសាភិបាល ចោទប្រកាន់លោកប៉ូល។ 2គេហៅលោកប៉ូលមក ហើយលោកទើទូលុសចោទប្រកាន់គាត់ ដូចតទៅនេះ៖
«សូមគោរពឯកឧត្ដមភេលិចសូមទានជ្រាបដោយសារតែឯកឧត្ដម និងដោយការកែទំរង់ផ្សេងៗ ដែលឯកឧត្ដមបានធ្វើជាប្រយោជន៍ដល់ប្រជាជាតិនេះ យើងខ្ញុំបានប្រកបដោយសេចក្ដីសុខគ្រប់យ៉ាង ក្រោមការគ្រប់គ្រងដ៏ប៉ិនប្រសប់របស់ឯកឧត្ដម។ 3យើងខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្ដម ដែលបានប្រទានអ្វីៗនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាមកយើងខ្ញុំ។ 4ប៉ុន្ដែ ខ្ញុំមិនចង់រំខានឯកឧត្ដមវែងឆ្ងាយទៀតទេ ខ្ញុំគ្រាន់តែអង្វរឯកឧត្ដម សូមមេត្ដាស្ដាប់យើងខ្ញុំតែបន្ដិចប៉ុណ្ណោះ។ 5យើងខ្ញុំយល់ឃើញថាជននេះជាមនុស្សចង្រៃឧត្បាត បង្កឲ្យកើតចលាចលក្នុងចំណោមជនជាតិយូដាទាំងអស់នៅលើពិភពលោកទាំងមូល គាត់ជាមេដឹកនាំពួកខាងគណៈណាសារ៉ែត។ 6គាត់ថែមទាំងបានបន្ដុះបង្អាប់ម៉ាស្ជិទទៀតផង ហេតុនេះបានជាយើងខ្ញុំចាប់គាត់ យើងខ្ញុំចង់កាត់ទោសគាត់តាមហ៊ូកុំរបស់យើងខ្ញុំ 7ប៉ុន្ដែ លោកមេបញ្ជាការលូស៊ាបានប្រើកម្លាំង ធ្វើអន្ដរាគមន៍យ៉ាងខ្លាំងដណ្ដើមយកគាត់ពីយើងខ្ញុំ 8ហើយបានបង្គាប់ឲ្យអស់អ្នកដែលចោទប្រកាន់ជននេះមកជួបឯកឧត្ដម។ សូមឯកឧត្ដមសួរគាត់ផ្ទាល់តែម្ដងទៅ ឯកឧត្ដមមុខជាជ្រាបមូលហេតុទាំងអស់ដែលយើងខ្ញុំចោទប្រកាន់គាត់នោះមិនខាន»។
9ជនជាតិយូដាបានគាំទ្រពាក្យចោទប្រកាន់នេះ និងបញ្ជាក់ថា ពិតជាត្រឹមត្រូវមែន។
លោកប៉ូលឆ្លើយដោះសាខ្លួននៅមុខលោកភេលិច
10ពេលនោះ លោកទេសាភិបាលបានធ្វើសញ្ញាឲ្យលោកប៉ូលមានប្រសាសន៍លោកប៉ូលក៏មានប្រសាសន៍ថា៖ «ខ្ញុំដឹងថា ឯកឧត្ដមជាអ្នកគ្រប់គ្រងលើប្រជាជាតិនេះ ច្រើនឆ្នាំមកហើយ ដូច្នេះ ខ្ញុំសូមឆ្លើយការពារខ្លួន ទាំងទុកចិត្ដ។ 11ខ្ញុំបានធ្វើដំណើរទៅថ្វាយបង្គំអុលឡោះនៅក្រុងយេរូសាឡឹម កាលដប់ពីរថ្ងៃកន្លងទៅនេះ សូមឯកឧត្ដមស៊ើបសួរមើលចុះ 12ទោះបីនៅក្នុងម៉ាស្ជិទក្ដី នៅក្នុងសាលាប្រជុំ ឬនៅក្នុងទីក្រុងក្ដី គ្មាននរណាម្នាក់បានឃើញខ្ញុំជជែកវែកញែកជាមួយគេ ឬក៏បង្កឲ្យមានចលាចលក្នុងចំណោមបណ្ដាជនឡើយ។ 13អស់លោកទាំងនេះគ្មានភស្ដុតាងអ្វី មកបញ្ជាក់ពាក្យចោទប្រកាន់របស់ខ្លួន ជូនឯកឧត្ដមទាល់តែសោះ។ 14ប៉ុន្ដែ ខ្ញុំសូមជម្រាបឯកឧត្ដមថា ខ្ញុំគោរពប្រណិប័តន៍អុលឡោះជាម្ចាស់នៃបុព្វបុរសខ្ញុំតាមមាគ៌ាមួយដែលលោកទាំងនេះចោទថាជាគណៈខុសឆ្គង។ ខ្ញុំជឿសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបហ៊ូកុំ និងគីតាបណាពី 15ហើយខ្ញុំសង្ឃឹមលើអុលឡោះ ដូចលោកទាំងនេះដែរថា ទ្រង់នឹងប្រោសទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិតឲ្យរស់ឡើងវិញ។ 16ហេតុនេះហើយបានជាខ្ញុំខំប្រឹងធ្វើយ៉ាងណា ឲ្យមានចិត្ដស្អាតបរិសុទ្ធគ្រប់ជំពូកចំពោះអុលឡោះ និងចំពោះមនុស្សលោក។ 17ខ្ញុំបានចាកចេញពីក្រុងយេរូសាឡឹមជាច្រើនឆ្នាំ ហើយខ្ញុំវិលត្រឡប់មកវិញ ដើម្បីជួយជនរួមជាតិរបស់ខ្ញុំ និងជូនជំនូនទៅអុលឡោះផង។ 18នៅពេលនោះ ពួកគេឃើញខ្ញុំធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធនៅក្នុងម៉ាស្ជិទ តែឥតមានការប្រជុំបណ្ដាជន ឬកើតវឹកវរអ្វីឡើយ។ 19ប៉ុន្ដែ មានសាសន៍យូដាខ្លះមកពីស្រុកអាស៊ី នៅក្នុងម៉ាស្ជិទពេលនោះដែរ គឺអ្នកទាំងនោះទេតើដែលសមនឹងមកជួបឯកឧត្ដម ដើម្បីចោទប្រកាន់ខ្ញុំប្រសិនបើគេមានរឿងហេតុណាមួយទាស់នឹងខ្ញុំ។ 20ខ្ញុំឈរមុខក្រុមប្រឹក្សាជាន់ខ្ពស់ស្រាប់ហើយ បើអស់លោកដែលនៅទីនេះ បានឃើញខ្ញុំមានទោសអ្វី សូមថាមកចុះ 21លើកលែងតែពាក្យដែលខ្ញុំបាននិយាយយ៉ាងខ្លាំងៗនៅកណ្ដាលចំណោមពួកគេថា “បងប្អូនយកខ្ញុំមកកាត់ទោសនៅថ្ងៃនេះ ព្រោះតែខ្ញុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ”»។
22លោកភេលិចក៏បានជ្រាបច្បាស់លាស់អំពីមាគ៌ារបស់អ៊ីសាជាអម្ចាស់ដែរ។ លោកប្រាប់ពួកគេឲ្យត្រឡប់ទៅវិញ ដោយពោលថា៖ «ពេលលោកមេបញ្ជាការលូស៊ាមកដល់ ខ្ញុំនឹងវិនិច្ឆ័យសំណុំរឿងរបស់អស់លោក»។ 23លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។
លោកប៉ូលជួបលោកភេលិច និងភរិយា
24ប៉ុន្មានថ្ងៃកន្លងមកទៀត លោកភេលិចបានមកជាមួយភរិយារបស់លោក គឺម្ចាស់ក្សត្រីយ៍ទ្រូស៊ីលជាជនជាតិយូដា លោកឲ្យគេទៅហៅលោកប៉ូលមក ហើយស្ដាប់លោកប៉ូលមានប្រសាសន៍អំពីជំនឿលើអាល់ម៉ាហ្សៀសអ៊ីសា។ 25ប៉ុន្ដែ កាលលោកប៉ូលវែកញែកអំពីសេចក្ដីសុចរិត អំពីការទប់ចិត្ដនឹងតណ្ហា និងអំពីការវិនិច្ឆ័យទោសនៅអនាគតកាល លោកភេលិចក៏ភ័យ ហើយពោលទៅលោកប៉ូលថា៖ «ឥឡូវនេះ ចូរអ្នកត្រឡប់ទៅវិញសិនចុះ កាលណាខ្ញុំមានពេល ខ្ញុំនឹងហៅអ្នកមកទៀត!»។ 26លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។
27ពីរឆ្នាំក្រោយមក លោកពរគាស-ភេស្ទុស ចូលកាន់តំណែងជំនួសលោកភេលិច។ ដោយលោកភេលិចចង់យកចិត្ដសាសន៍យូដា លោកបានទុកលោកប៉ូលឲ្យនៅជាប់ឃុំឃាំងដដែល។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 24: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.