កិច្ចការ 22
22
1«បងប្អូន និងចាស់ទុំទាំងអស់គ្នាអើយ សូមស្ដាប់ពាក្យដោះសារបស់ខ្ញុំសិន!»។ 2កាលពួកគេឮលោកប៉ូលមានប្រសាសន៍ជាភាសាហេប្រឺដូច្នេះ គេរឹតតែស្ងៀមស្ងាត់ថែមទៀត។ លោកប៉ូលមានប្រសាសន៍ថា៖ 3«ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ ប៉ុន្ដែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមហ៊ូកុំនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបម្រើអុលឡោះ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។ 4ខ្ញុំធ្លាប់បៀតបៀនអស់អ្នកដែលដើរតាមមាគ៌ារបស់អ៊ីសាជាអម្ចាស់ រហូតដល់សម្លាប់គេ ហើយចាប់ចងមនុស្សប្រុសស្រីយកទៅឃុំឃាំងទៀតផង 5ដូចមានមូស្ទី និងក្រុមអះលីជំអះ ជាសាក្សីស្រាប់។ ខ្ញុំបានទទួលលិខិតពីលោកទាំងនោះយកទៅជូនបងប្អូននៅក្រុងដាម៉ាស ដ្បិតខ្ញុំទៅទីនោះដើម្បីចាប់ចងពួកអ្នកដែលដើរតាមមាគ៌ានេះ យកមកធ្វើទោសនៅក្រុងយេរូសាឡឹម។
6ពេលខ្ញុំកំពុងតែធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសប្រមាណជាថ្ងៃត្រង់ ស្រាប់តែមានពន្លឺមួយដ៏ភ្លឺត្រចះត្រចង់ ចាំងពីផ្ទៃមេឃមកជុំវិញខ្ញុំ។ 7ខ្ញុំក៏ដួល ហើយឮសំឡេងមួយពោលមកខ្ញុំថា “សូលអើយ សូល! ហេតុដូចម្ដេចបានជាអ្នកបៀតបៀនខ្ញុំដូច្នេះ?”។ 8ខ្ញុំបានសួរវិញថា “លោកម្ចាស់អើយ តើលោកម្ចាស់ជានរណា?”។ សំឡេងនោះឆ្លើយមកខ្ញុំថា “ខ្ញុំជាអ៊ីសា អ្នកស្រុកណាសារ៉ែត ដែលអ្នកកំពុងតែបៀតបៀន”។ 9រីឯអស់អ្នកដែលធ្វើដំណើរជាមួយខ្ញុំ ក៏បានឃើញពន្លឺនោះដែរ តែមិនបានឮសំឡេងទេ។ 10ខ្ញុំក៏សួរថា “អ៊ីសាជាអម្ចាស់អើយ តើខ្ញុំត្រូវធ្វើដូចម្ដេច?”។ អ៊ីសាជាអម្ចាស់មានប្រសាសន៍ប្រាប់មកខ្ញុំថា “ចូរក្រោកឡើង ទៅក្រុងដាម៉ាសទៅ នៅទីនោះ គេនឹងប្រាប់អ្នកអំពីកិច្ចការទាំងប៉ុន្មាន ដែលអុលឡោះបង្គាប់ឲ្យអ្នកធ្វើ”។ 11ដោយខ្ញុំពុំអាចមើលអ្វីឃើញ ព្រោះតែពន្លឺរស្មីដ៏រុងរឿងនោះ អស់អ្នកដែលនៅជាមួយខ្ញុំបានដឹកដៃនាំខ្ញុំទៅក្រុងដាម៉ាស។ 12នៅក្រុងនោះ មានបុរសម្នាក់ឈ្មោះអណាណាស ជាអ្នកគោរពប្រណិប័តន៍អុលឡោះស្របតាមហ៊ូកុំ ហើយជនជាតិយូដានៅក្រុងដាម៉ាសគោរពរាប់អានគាត់គ្រប់ៗគ្នា។ 13គាត់មកឈរជិតខ្ញុំ ហើយពោលថា “បងសូលអើយ សូមឲ្យបងមើលឃើញវិញចុះ!”។ រំពេចនោះ ភ្នែកខ្ញុំក៏ភ្លឺឡើង ហើយខ្ញុំឃើញគាត់។ 14គាត់មានប្រសាសន៍ថា “អុលឡោះជាម្ចាស់នៃបុព្វបុរសរបស់យើង បានជ្រើសរើសបង ដើម្បីឲ្យបងស្គាល់ចិត្តរបស់ទ្រង់ ឲ្យបងបានឃើញអ្នកដ៏សុចរិត និងឲ្យបងបានឮពាក្យរបស់គាត់ផ្ទាល់តែម្ដង 15ដ្បិតបងនឹងធ្វើជាបន្ទាល់របស់គាត់ នៅមុខមនុស្សទាំងអស់ អំពីហេតុការណ៍ដែលបងបានឃើញ និងអំពីសេចក្ដីដែលបងបានឮ។ 16ដូច្នេះ តើបងនៅបង្អែរបង្អង់ដល់កាលណាទៀត សូមក្រោកឡើង ទទួលពិធីជ្រមុជទឹក ហើយអង្វររកនាមអ៊ីសាទៅ ដើម្បីលាងបាប។
17ខ្ញុំវិលមកដល់ក្រុងយេរូសាឡឹមវិញ ហើយនៅពេលខ្ញុំកំពុងទូរអាក្នុងម៉ាស្ជិទ ខ្ញុំលង់ស្មារតី 18ឃើញអ៊ីសាជាអម្ចាស់និយាយមកខ្ញុំថា “ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡឹមភ្លាមទៅ ដ្បិតអ្នកក្រុងនេះមិនព្រមទទួលសក្ខីភាពដែលអ្នកនិយាយអំពីខ្ញុំទេ”។ 19ខ្ញុំឆ្លើយថា “អ៊ីសាជាអម្ចាស់អើយ អ្នកទាំងនោះបានដឹងស្រាប់ហើយថា ខ្ញុំធ្លាប់ចូលទៅសាលាប្រជុំនានា ចាប់អស់អ្នកដែលជឿលោកម្ចាស់យកទៅឃុំឃាំង និងវាយដំទៀតផង។ 20នៅពេលគេសម្លាប់លោកស្ទេផានដែលជាបន្ទាល់របស់លោកម្ចាស់ ខ្ញុំក៏នៅទីនោះ ហើយបានយល់ស្របជាមួយពួកគេ ទាំងនៅយាមសម្លៀកបំពាក់របស់ពួកអ្នកដែលប្រហារជីវិតគាត់ផងដែរ”។ 21ពេលនោះ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
22បណ្ដាជនបានស្ដាប់លោកប៉ូលមានប្រសាសន៍មកដល់ត្រឹមនេះ ក៏ស្រែកឡើងថា៖ «សូមសម្លាប់មនុស្សបែបនេះចោលទៅ កុំទុកឲ្យនៅរស់ឡើយ!»។ 23គេនាំគ្នាស្រែក ទាំងបោះអាវរបស់ខ្លួន និងបាចធូលីដីឡើងលើទៀតផង។ 24លោកមេបញ្ជាការបង្គាប់ឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ និងឲ្យគេវាយសួរចម្លើយ ចង់ដឹងមូលហេតុដែលនាំឲ្យបណ្ដាជនស្រែកប្រឆាំងនឹងគាត់បែបនេះ។ 25នៅពេលគេកំពុងយកខ្សែចងគាត់ លោកប៉ូលមានប្រសាសន៍ទៅកាន់នាយទាហានម្នាក់នៅជិតនោះថា៖ «តើអស់លោកមានសិទ្ធិវាយអ្នកដែលមានសញ្ជាតិរ៉ូម៉ាំង ដោយមិនកាត់ទោសជាមុនឬ!»។ 26នាយទាហានឮពាក្យនេះ ក៏ទៅជម្រាបលោកមេបញ្ជាការថា៖ «តើលោកគិតធ្វើអីហ្នឹង បុរសនោះជាជនជាតិរ៉ូម៉ាំងទេតើ»។ 27លោកមេបញ្ជាការមកសួរលោកប៉ូលថា៖ «សុំប្រាប់ខ្ញុំមើល៍ តើអ្នកជាជនជាតិរ៉ូម៉ាំងមែនឬ?»។ គាត់ឆ្លើយថា៖ «បាទ ខ្ញុំជាជនជាតិរ៉ូម៉ាំងមែន»។ 28លោកមេបញ្ជាការក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំបានចំណាយប្រាក់ជាច្រើន ដើម្បីឲ្យបានសញ្ជាតិរ៉ូម៉ាំង»។ លោកប៉ូលតបថា៖ «រីឯខ្ញុំវិញ ខ្ញុំមានសញ្ជាតិរ៉ូម៉ាំង តាំងពីកំណើតមកម៉្លេះ»។ 29ពួកអ្នកដែលបម្រុងនឹងសួរចម្លើយគាត់ នាំគ្នាដកខ្លួនថយពីទីនោះភ្លាម រីឯលោកមេបញ្ជាការក៏ភិតភ័យដែរ នៅពេលដឹងថាលោកប៉ូលមានសញ្ជាតិរ៉ូម៉ាំងដូច្នេះ ព្រោះគាត់បានឲ្យគេដាក់ច្រវាក់លោកប៉ូល។
លោកប៉ូលនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់
30នៅថ្ងៃបន្ទាប់ ដោយលោកមេបញ្ជាការចង់ដឹងច្បាស់នូវមូលហេតុ ដែលនាំឲ្យជនជាតិយូដាចោទប្រកាន់លោកប៉ូល គាត់ក៏ឲ្យគេដោះច្រវាក់ចេញ។ គាត់បញ្ជាឲ្យពួកអ៊ីមុាំ និងក្រុមប្រឹក្សាជាន់ខ្ពស់ទាំងមូលជួបជុំគ្នា ហើយឲ្យនាំលោកប៉ូលចុះមកឈរនៅមុខអង្គប្រជុំ។
ទើបបានជ្រើសរើសហើយ៖
កិច្ចការ 22: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.