កិច្ចការ 21

21
លោក​ប៉ូល​នៅ​ក្រុង​ទីរ៉ុស និង​នៅ​ក្រុង​សេសារា
1ក្រោយ​ពី​បាន​លា​ពួក​គេ​ទាំង​អាឡោះ‌អាល័យ​ហើយ យើង​ចេញ​សំពៅ​តម្រង់​ឆ្ពោះ​ទៅ​កោះ​កូស។ នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ទៅ​ដល់​កោះ​រ៉ូដូស ហើយ​ចេញ​ពី​កោះ​រ៉ូដូស ទៅ​ដល់​ក្រុង​ប៉ាតារ៉ា។ 2មាន​សំពៅ​មួយ​ត្រូវ​ទៅ​ស្រុក​ភេនីស យើង​ក៏​ចុះ​សំពៅ​នោះ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ 3ពេល​មក​ជិត​ដល់​កោះ​គីប្រុស យើង​វាង​តាម​ខាង​ត្បូង បន្ដ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី។ យើង​បាន​ចូល​ចត​កំពង់​ផែ​ក្រុង​ទីរ៉ុស ដើម្បី​យក​ទំនិញ​ចេញ​ពី​សំពៅ។ 4យើង​បាន​ជួប​ពួក​សិស្ស​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ អស់​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ។ ដោយ​រស‌អុលឡោះ​សំដែង​ឲ្យ​គេ​ដឹង គេ​បាន​ឃាត់​លោក​ប៉ូល មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ 5លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី‌ក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ ទូរអា​នៅ​មាត់​សមុទ្រ។ 6បន្ទាប់​មក យើង​បាន​ជម្រាប​លា​គ្នា រួច​ចុះ​សំពៅ រីឯ​ពួក​គេ​វិញ ពួក​គេ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន។
7យើង​បាន​បន្ដ​ដំណើរ​ពី​ក្រុង​ទីរ៉ុស ទៅ​ដល់​ក្រុង​ផ្ទោឡេម៉ៃស៍ ហើយ​ដំណើរ​តាម​ផ្លូវ​ទឹក​ក៏​ចប់​ត្រឹម​ណេះ។ យើង​បាន​ចូល​ទៅ​ឲ្យ​សាឡាម​ពួក​បង​ប្អូន​នៅ​ក្រុង​ផ្ទោឡេម៉ៃស៍ និង​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​មួយ​ថ្ងៃ។ 8នៅ​ថ្ងៃ​បន្ទាប់ យើង​បន្ដ​ដំណើរ​ដល់​ក្រុង​សេសារា។ យើង​បាន​ចូល​ផ្ទះ​លោក​ភីលីព ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ និង​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ក្រុម​ប្រាំ​ពីរ​នាក់ ហើយ​យើង​ក៏​ស្នាក់​នៅ​ផ្ទះ​គាត់។ 9លោក​ភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​បន្ទូល​របស់​អុលឡោះ។ 10យើង​ស្នាក់​នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ។ ពេល​នោះ មាន​ណាពី​មួយ​នាក់​ឈ្មោះ​អកាប៊ូស ធ្វើ​ដំណើរ​មក​ពី​ស្រុក​យូដា។ 11គាត់​មក​ជួប​យើង ហើយ​យក​ខ្សែ​ក្រវាត់​លោក​ប៉ូល​មក​ចង​ជើង​ចង​ដៃ​របស់​ខ្លួន​ទាំង​ពោល​ថា៖ «រស‌អុលឡោះ​ដ៏​វិសុទ្ធ​មាន​បន្ទូល​ថា នៅ​ក្រុង​យេរូ‌សាឡឹម​សាសន៍​យូដា​នឹង​ចង​ដៃ​ចង​ជើង​ម្ចាស់​ខ្សែ​ក្រវាត់​នេះ​ដូច្នេះ​ដែរ ហើយ​ថែម​ទាំង​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ​ផង»។
12កាល​បាន​ឮ​ពាក្យ​នេះ ទាំង​យើង ទាំង​បង​ប្អូន​ដែល​នៅ​ក្រុង​នោះ ក៏​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។ 13ប៉ុន្ដែ លោក​ប៉ូល​តប​មក​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​បង​ប្អូន​នាំ​គ្នា​យំ ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ដ​ដូច្នេះ? ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ មិន​ត្រឹម​តែ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​នៅ​ក្រុង​យេរូ‌សាឡឹម ព្រោះ​តែ​នាម​របស់​អ៊ីសា‌ជាអម្ចាស់​ទៀត​ផង»។ 14ដោយ​យើង​ពុំ​អាច​ឃាត់​គាត់​បាន​ទេ​នោះ យើង​ក៏​ឈប់​អង្វរ​គាត់ ហើយ​ពោល​ថា៖ «សូម​ឲ្យ​បាន​សម្រេច​តាម​បំណង​របស់​អ៊ីសា‌ជាអម្ចាស់​ចុះ»។
15ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក យើង​រៀប‌ចំ​ខ្លួន​ទៅ​ក្រុង​យេរូ‌សាឡឹម។ 16ពួក​សិស្ស​នៅ​ក្រុង​សេសារា​ខ្លះ បាន​រួម​ដំណើរ​ជា​មួយ​យើង ហើយ​នាំ​យើង​ទៅ​ស្នាក់​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​ម៉្នាសុន ជា​អ្នក​កោះ​គីប្រុស និង​ជា​សិស្ស​តាំង​ដើម​ដំបូង​មក។
លោក​ប៉ូល​នៅ​ក្រុង​យេរូ‌សាឡឹម
17ពេល​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម ពួក​បង​ប្អូន​បាន​ទទួល​យើង​យ៉ាង​រាក់​ទាក់។ 18នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកកូប ជា​មួយ​យើង រីឯ​ពួក​អះលី‌ជំអះ​ទាំង​អស់ ក៏​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។ 19ក្រោយ​ពី​បាន​ឲ្យ​សាឡាម​ពួក​បង​ប្អូន​រួច​ហើយ លោក​ប៉ូល​រៀប​រាប់​យ៉ាង​ល្អិត‌ល្អន់​អំពី​កិច្ច‌ការ​ដែល​អុលឡោះ​បាន​ធ្វើ ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ការ‌ងារ​របស់​គាត់។ 20កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ហើយ​ពោល​មក​កាន់​គាត់​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន‌ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បង​ប្អូន​ទាំង​នោះ​ជាប់​ចិត្ដ​នឹង​ហ៊ូកុំ​ខ្លាំង​ណាស់។ 21ប៉ុន្ដែ គេ​បាន​ឮ​ដំណឹង​ថា បង​បាន​បង្រៀន​ជន‌ជាតិ​យូដា​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ មិន​ឲ្យ​ប្រតិបត្ដិ​តាម​គីតាប​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​ទេ គឺ​ឮ​ថា​បង​ប្រាប់​គេ​មិន​ឲ្យ​ធ្វើ​ពិធី​ខតាន់​កូន​ចៅ និង​មិន​ឲ្យ​កាន់​តាម​ទំនៀម​ទម្លាប់​ផ្សេងៗ​ឡើយ។
22បើ​ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? គេ​មុខ​ជា​ដឹង​ថា​បង​នៅ​ទី​នេះ​មិន​ខាន។ 23សូម​ធ្វើ​តាម​យោបល់​យើង​ចុះ ដ្បិត​គ្នា​យើង​បួន​នាក់​មាន​ជាប់​បំណន់ 24សូម​បង​នាំ​គេ​ទៅ ហើយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​គេ ព្រម​ទាំង​ចេញ​ប្រាក់​ឲ្យ​គេ​កោរ​សក់​ផង ដើម្បី​ឲ្យ​មនុស្ស‌ម្នា​ដឹង​គ្រប់​គ្នា​ថា ដំណឹង​ដែល​គេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ ផ្ទុយ​ទៅ​វិញ​បង​ក៏​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ដែរ។ 25រីឯ​សាសន៍​ដទៃ​ដែល​បាន​ជឿ​នោះ យើង​បាន​សរសេរ​សេចក្ដី​ដែល​យើង​បាន​សម្រេច​ជូន​ទៅ​គេ​រួច​ហើយ ថា​កុំ​ឲ្យ​បរិភោគ​សាច់​ដែល​បាន​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​ឥត​រៀប‌ការ»។ 26នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​នាំ​បង​ប្អូន​ទាំង​បួន​នាក់​នោះ​ទៅ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា​មួយ​គាត់។ លោក​ក៏​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ ប្រាប់​គេ​អំពី​ពេល​កំណត់​ដែល​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ចប់ និង​ពេល​កំណត់​ដែល​ម្នាក់ៗ​ត្រូវ​ជូន​ជំនូន។
លោក​ប៉ូល​ត្រូវ​គេ​ចាប់​ខ្លួន​នៅ​ក្នុង​ម៉ាស្ជិទ
27លុះ​រយៈ​ពេល​មួយ​សបា្ដហ៍​នោះ​ជិត​ផុត មាន​ជន‌ជាតិ​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​គាត់​នៅ​ក្នុង​ម៉ាស្ជិទ ក៏​បំបះ‌បំបោរ​បណ្ដា‌ជន​ទាំង​មូល​ឲ្យ​នាំ​គ្នា​ចាប់​គាត់។ 28ពួក​គេ​ស្រែក​ឡើង​ថា៖ «បង​ប្អូន​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ជួយ​ផង! ជន​នេះ​ហើយ​ដែល​បាន​ប្រៀន‌ប្រដៅ​មនុស្ស‌ម្នា​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ប្រឆាំង​នឹង​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល ប្រឆាំង​នឹង​ហ៊ូកុំ ហើយ​ប្រឆាំង​នឹង​ម៉ាស្ជិទ។ គាត់​ថែម​ទាំង​បាន​នាំ​សាសន៍​ក្រិក​ចូល​មក​ក្នុង​ម៉ាស្ជិទ គឺ​បង្អាប់​បង្អោន​ទី​កន្លែង​ដ៏​វិសុទ្ធ​នេះ»។ 29គេ​ថា​ដូច្នេះ មក​ពី​គេ​បាន​ឃើញ​លោក​ត្រូភីម ជា​អ្នក​ក្រុង​អេភេសូ នៅ​ជា​មួយ​លោក​ប៉ូល​ក្នុង​ទី‌ក្រុង ហើយ​គេ​ស្មាន​ថា លោក​ប៉ូល​បាន​នាំ​គាត់​ចូល​ក្នុង​ម៉ាស្ជិទ​ដែរ។
30ពេល​នោះ មាន​កើត​ចលាចល​ពេញ​ទី‌ក្រុង ប្រជា‌ជន​នាំ​គ្នា​រត់​មក​ពី​គ្រប់​ទិស​ទី។ គេ​បាន​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ម៉ាស្ជិទ រួច​បិទ​ទ្វារ​ភ្លាម។ 31នៅ​ពេល​ដែល​ពួក​គេ​បំរុង​នឹង​សម្លាប់​លោក​ប៉ូល ដំណឹង​អំពី​ចលាចល​នៅ​ក្រុង​យេរូ‌សាឡឹម​ក៏​បាន​ឮ​ទៅ​ដល់​មេ​បញ្ជា​ការ​កង​ទាហាន​រ៉ូម៉ាំង 32គាត់​នាំ​កូន​ទាហាន និង​នាយ​ទាហាន រត់​ទៅ​កាន់​បណ្ដា‌ជន​ភ្លាម។ កាល​ប្រជា‌ជន​បាន​ឃើញ​មេ​បញ្ជា​ការ និង​ពួក​ទាហាន គេ​ឈប់​វាយ​លោក​ប៉ូល។ 33ពេល​នោះ មេ​បញ្ជា​ការ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​គាត់ ព្រម​ទាំង​បញ្ជា​គេ​ឲ្យ​ដាក់​ច្រវាក់​ពីរ​ថែម​ទៀត​ផង រួច​ទើប​សាក​សួរ​ថា លោក​ប៉ូល​នេះ​ជា​នរណា បាន​ធ្វើ​អ្វី។ 34ប៉ុន្ដែ ក្នុង​ចំណោម​បណ្ដា‌ជន​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ។ ដោយ​មាន​សំឡេង​អឺង​កង​ពេក លោក​មេ​បញ្ជា​ការ​ពុំ​អាច​ដឹង​រឿង​ហេតុ​ច្បាស់​លាស់​ឡើយ គាត់​ក៏​បញ្ជា​គេ​ឲ្យ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ 35ពេល​លោក​ប៉ូល​មក​ដល់​ជណ្ដើរ​បន្ទាយ ពួក​ទាហាន​នាំ​គ្នា​សែង​លោក ព្រោះ​បណ្ដា‌ជន​មក​តាម​ទាំង​កំរោល 36និង​ស្រែក​ថា៖ «សម្លាប់​ចោល​ទៅ!»។
លោក​ប៉ូល​ឆ្លើយ​ដោះ‌សា​ខ្លួន
37នៅ​ពេល​គេ​ហៀប​នឹង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ គាត់​មាន​ប្រសាសន៍​ទៅ​មេ​បញ្ជា​ការ​ថា៖ «តើ​ខ្ញុំ​មាន​សិទ្ធិ​និយាយ​ជា​មួយ​លោក​បន្ដិច​បាន​ឬ​ទេ?»។ មេ​បញ្ជា​ការ​ពោល​មក​គាត់​ថា៖ «អ្នក​ចេះ​និយាយ​ភាសា​ក្រិក​ដែរ! 38ដូច្នេះ អ្នក​មិន​មែន​ជា​ជន‌ជាតិ​អេស៊ីប​ដែល​បាន​បំបះ​បំបោរ​ប្រជា‌ជន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ហើយ​នាំ​ពួក​ឧទ្ទាម​បួន​ពាន់​នាក់ ចូល​ព្រៃ​នោះ​ទេ​ឬ?»។ 39លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ជន‌ជាតិ​យូដា កើត​នៅ​ក្រុង​តើសុស ជា​ក្រុង​ដ៏​ល្បី​ល្បាញ​ក្នុង​ស្រុក​គីលីគា​នោះ​ទេ​តើ! សូម​លោក​មេត្ដា​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជា‌ជន​នេះ​ផង»។ 40លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់​ជ្រៀប ហើយ​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 21: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល