កិច្ចការ 18

18
លោក​ប៉ូល​នៅ​ក្រុង​កូរិន‌ថូស
1ក្រោយ​មក លោក​ប៉ូល​បាន​ចាក​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កូរិន‌ថូស។ 2នៅ​ក្រុង​នោះ គាត់​បាន​ជួប​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អគីឡា ជា​អ្នក​ស្រុក​ប៉ុនតុស។ លោក​អគីឡា និង​នាង​ព្រីស៊ីល​ជា​ភរិយា ទើប​នឹង​មក​ពី​ស្រុក​អ៊ីតាលី ព្រោះ​ស្តេច​អធិ‌រាជ​ក្លូឌាស បាន​ចេញ​បញ្ជា​ឲ្យ​ជន‌ជាតិ​យូដា​ទាំង​អស់​ចាក​ចេញ​ពី​ក្រុង​រ៉ូម។ លោក​ប៉ូល​ទៅ​ទាក់‌ទង​នឹង​អ្នក​ទាំង​ពីរ 3ហើយ​ស្នាក់​នៅ និង​ធ្វើ​ការ​ជា​មួយ​គេ ព្រោះ​គាត់​មាន​មុខ​របរ​ដូច​គ្នា គឺ​ត្បាញ​ក្រណាត់​សម្រាប់​បោះ​ជំរំ។ 4រៀង​រាល់​ថ្ងៃ​ជំអាត់ គាត់​តែងតែ​មាន​ប្រសាសន៍​ក្នុង​សាលា​ប្រជុំ និង​ខិត‌ខំ​ណែ‌នាំ ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក​ឲ្យ​ជឿ។
5កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូ‌ថេ ធ្វើ​ដំណើរ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ូល​ក៏​ចំណាយ​ពេល​ទាំង​អស់​របស់​លោក ដើម្បី​ប្រកាស​បន្ទូល​នៃ​អុលឡោះ។ គាត់​បាន​បញ្ជាក់​ប្រាប់​សាសន៍​យូដា​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស។ 6ប៉ុន្ដែ ដោយ​សាសន៍​យូដា​ចេះ​តែ​ប្រឆាំង​នឹង​គាត់ ហើយ​ជេរ​ប្រមាថ​គាត់​ទៀត​ផង​នោះ គាត់​ក៏​រលាស់​ធូលី​ដី​ពី​អាវ​របស់​គាត់ ទាំង​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​វិនាស​បាត់​បង់​នោះ គឺ​មក​តែ​ពី​កំហុស​របស់​អ្នក​រាល់​គ្នា​ផ្ទាល់​ប៉ុណ្ណោះ គ្មាន​ជាប់​ជំពាក់​អ្វី​ជា​មួយ​ខ្ញុំ​ទេ​ចាប់​ពី​ពេល​នេះ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។ 7គាត់​ក៏​ចាក​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ​យូស្ទូស ជា​អ្នក​គោរព​កោត​ខ្លាច​អុលឡោះ ហើយ​ផ្ទះ​គាត់​នៅ​ជាប់​នឹង​សាលា​ប្រជុំ។ 8រីឯ​លោក​គ្រីសប៉ុស ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ និង​ក្រុម​គ្រួសារ​របស់​គាត់​វិញ ក៏​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​ដែរ។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើន​ទៀត បាន​ស្ដាប់​លោក​ប៉ូល​ហើយ​ជឿ ព្រម​ទាំង​ទទួល​ពិធី​ជ្រមុជ​ទឹក​ផង។
9យប់​មួយ លោក​ប៉ូល​និមិត្ដ​ឃើញ​អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​គាត់​ថា៖ «កុំ​ខ្លាច​អី ត្រូវ​និយាយ​ត​ទៅ​ទៀត កុំ​នៅ​ស្ងៀម​ឡើយ 10ដ្បិត​យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​ហើយ ពុំ​មាន​នរណា​អាច​ធ្វើ​បាប​អ្នក​បាន​ទេ ព្រោះ​នៅ​ក្រុង​នេះ មាន​មនុស្ស​ជា​ច្រើន​ជា​ប្រជា‌រាស្ដ្រ​របស់​យើង»។ 11លោក​ប៉ូល​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស អស់​រយៈ​ពេល​មួយ​ឆ្នាំ​ប្រាំ​មួយ​ខែ គាត់​បង្រៀន​បន្ទូល​របស់​អុលឡោះ​ដល់​អ្នក​ក្រុង​នោះ។
12នៅ​គ្រា​ដែល​លោក​កាលី‌យ៉ូ​កាន់​តំណែង​ជា​រាជ​ប្រតិ‌ភូ​របស់​ស្តេច​អធិ‌រាជ​រ៉ូម៉ាំង​នៅ​ស្រុក​អាខៃ សាសន៍​យូដា​បាន​សម​គំនិត​គ្នា​ប្រឆាំង​នឹង​លោក​ប៉ូល ហើយ​នាំ​គាត់​យក​ទៅ​សាលា​កាត់​ក្ដី 13ទាំង​ចោទ​ថា៖ «ជន​នេះ​បញ្ចុះ‌បញ្ចូល​មនុស្ស‌ម្នា​ឲ្យ​គោរព​ថ្វាយ‌បង្គំ​អុលឡោះ តាម​របៀប​មួយ​ខុស​ហ៊ូកុំ»។ 14ពេល​លោក​ប៉ូល​បម្រុង​នឹង​ហា​មាត់​និយាយ លោក​កាលី‌យ៉ូ​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «ជន‌ជាតិ​យូដា​អើយ ប្រសិន​បើ​រឿង​នេះ​ទាក់‌ទង​នឹង​បទ‌ឧក្រិដ្ឋ ឬ​បទ​ល្មើស​ណា​មួយ​នោះ ខ្ញុំ​មុខ​ជា​សុខ​ចិត្ដ​ស្ដាប់​អ្នក​រាល់​គ្នា​មិន​ខាន។ 15ប៉ុន្ដែ បើ​ជា​រឿង​ជជែក​វែក​ញែក​ស្ដី​អំពី​ពាក្យ‌ពេចន៍ អំពី​ឈ្មោះ ឬ​អំពី​ហ៊ូកុំ​របស់​អ្នក​រាល់​គ្នា​ទេ​នោះ ចូរ​ដោះ​ស្រាយ​ខ្លួន​ឯង​ទៅ ខ្ញុំ​មិន​ព្រម​កាត់​ក្ដី​ឲ្យ​អ្នក​រាល់​គ្នា​អំពី​រឿង​នេះ​ឡើយ»។ 16លោក​ក៏​ដេញ​ពួក​គេ​ចេញ​ពី​សាលា​កាត់​ក្ដី។ 17ពេល​នោះ ពួក​គេ​នាំ​គ្នា​ចាប់​លោក​សូស្ដែន ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ មក​វាយ​នៅ​មុខ​សាលា​កាត់​ក្ដី តែ​លោក​កាលី‌យ៉ូ​មិន​អើពើ​ទេ។
លោក​ប៉ូល​វិល​ត្រឡប់​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​វិញ
18លោក​ប៉ូល​បាន​ស្នាក់​នៅ​ក្រុង​កូរិន‌ថូស​ជា​យូរ​ថ្ងៃ។ ក្រោយ​មក លោក​ក៏​ជម្រាប​លា​ពួក​បង​ប្អូន ចុះ​សំពៅ​ឆ្ពោះ​ទៅ​ស្រុក​ស៊ីរី ដោយ​មាន​នាង​ព្រីស៊ីល និង​លោក​អគីឡា​ជូន​ដំណើរ​ទៅ​ជា​មួយ​ដែរ។ លោក​បាន​កោរ​សក់​លា​បំណន់ នៅ​កំពង់​ផែ​កេងគ្រា។
19លុះ​មក​ដល់​ក្រុង​អេភេ‌សូ លោក​ប៉ូល​ក៏​ជម្រាប​លា​នាង​ព្រីស៊ីល និង​លោក​អគីឡា។ លោក​បាន​ចូល​ទៅ​សាលា​ប្រជុំ ហើយ​សន្ទនា​ជា​មួយ​សាសន៍​យូដា។ 20ពួក​គេ​បាន​អង្វរ​សុំ​ឲ្យ​លោក​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ 21តែ​លោក​ពុំ​ព្រម​នៅ​ទេ លោក​ជម្រាប​លា​គេ​ទាំង​ពោល​ថា៖ «ប្រសិន​បើ​អុលឡោះ​គាប់​ចិត្ត​ខ្ញុំ​នឹង​វិល​មក​រក​បង​ប្អូន​វិញ» រួច​លោក​ចុះ​សំពៅ​ចេញ​ពី​ក្រុង​អេភេ‌សូ​ទៅ។ 22លុះ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សេសា‌រា លោក​បាន​ឡើង​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម‌ជំអះ​បន្ទាប់​មក លោក​បន្ដ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក។
លោក​អប៉ូ‌ឡូស​នៅ​ក្រុង​អេភេ‌សូ និង​ក្រុង​កូរិន‌ថូស
23ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្រុង​អន់‌ទី‌យ៉ូក យូរ​បន្ដិច​មក គាត់​ក៏​ចេញ​ដំណើរ​ទៅ​សា​ជា​ថ្មី ដោយ​ឆ្លង​កាត់​ស្រុក​កាឡា‌ទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ផង។
24មាន​ជន‌ជាតិ​យូដា​ម្នាក់ ឈ្មោះ​អប៉ូ‌ឡូស ជា​អ្នក​ស្រុក​អលេក្សានទ្រា បាន​មក​នៅ​ក្រុង​អេភេ‌សូ គាត់​ជា​មនុស្ស​មាន​វោហារ ហើយ​ស្គាល់​គីតាប​យ៉ាង​ល្អិត‌ល្អន់។ 25គាត់​បាន​ទទួល​ការ​អប់រំ​អំពី​មាគ៌ា​របស់​អ៊ីសា‌ជាអម្ចាស់ និង​មាន​ចិត្ដ​ឧស្សាហ៍​មោះ‌មុត គាត់​ប្រកាស​បន្ទូល​នៃ​អុលឡោះ ហើយ​ប៉ិន‌ប្រសប់​បង្រៀន​គេ​យ៉ាង​ច្បាស់​លាស់​អំពី​អ៊ីសា​ផង។ ក៏​ប៉ុន្ដែ គាត់​បាន​ដឹង​ត្រឹម​តែ​ពិធី​ជ្រមុជ​ទឹក​របស់​យ៉ះយ៉ា​ប៉ុណ្ណោះ។ 26គាត់​បាន​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ ដោយ​ចិត្ដ​អង់‌អាច។ កាល​នាង​ព្រីស៊ីល និង​លោក​អគីឡា​បាន​ឮ​គាត់​បង្រៀន​ដូច្នេះ ក៏​អញ្ជើញ​គាត់​ទៅ​ជា​មួយ ព្រម​ទាំង​ពន្យល់​គាត់ ឲ្យ​រឹត​តែ​ស្គាល់​មាគ៌ា​របស់​អុលឡោះ​ថែម​ទៀត។ 27បន្ទាប់​មក ដោយ​លោក​អប៉ូ‌ឡូស​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​អាខៃ ពួក​បង​ប្អូន​ក៏​នាំ​គ្នា​លើក​ទឹក​ចិត្ដ​គាត់​ឲ្យ​ទៅ ថែម​ទាំង​សរសេរ​សំបុត្រ​ទៅ​ជម្រាប​ពួក​សិស្ស​នៅ​ស្រុក​នោះ ឲ្យ​ទទួល​គាត់​ដោយ​រាក់​ទាក់​ផង។ លុះ​ទៅ​ដល់ គាត់​បាន​ខ្នះ‌ខ្នែង​ជួយ​អស់​អ្នក​នៅ​ទី​នោះ​ដែល​បាន​ទទួល​ជឿ ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ។ 28ដ្បិត​គាត់​ចេះ​ផ្ចាញ់​សាសន៍​យូដា​នៅ​មុខ​ប្រជុំ​ជន​ទាំង​អស់ និង​វែក​ញែក​គីតាប បញ្ជាក់​ប្រាប់​គេ​ថា អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស​មែន។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 18: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល