កិច្ចការ 15

15
ការ​ប្រជុំ​នៅ​ក្រុង​យេរូ‌សាឡឹម
1មាន​អ្នក​ខ្លះ​មក​ពី​ស្រុក​យូដា នាំ​គ្នា​ប្រៀន‌ប្រដៅ​ពួក​បង​ប្អូន​ថា៖ «ប្រសិន​បើ​បង​ប្អូន​មិន​ទទួល​ពិធី​ខតាន តាម​ទំនៀម‌ទម្លាប់​របស់​ម៉ូសា​ទេ បង​ប្អូន​មិន​អាច​ទទួល​ការ​សង្គ្រោះ​បាន​ឡើយ»។ 2ប៉ូល និង​បារណា‌បាស​បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក​ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង​ប្អូន​បាន​សម្រេច​ចិត្ដ​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បង​ប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ​អំពី​រឿង​នេះ។
3ក្រុម‌ជំអះ​បាន​ជួយ​ឧបត្ថម្ភ​ពួក​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​នាំ​គ្នា​ឆ្លង​កាត់​ស្រុក​ភេនីស ស្រុក​សាម៉ារី​ទាំង​រៀប​រាប់​ប្រាប់​ពួក​បង​ប្អូន​យ៉ាង​ក្បោះ‌ក្បាយ​ថា សាសន៍​ដទៃ​បាន​បែរ​ចិត្ដ​មក​រក​អុលឡោះ។ ដំណឹង​នេះ​ធ្វើ​ឲ្យ​បង​ប្អូន​គ្រប់ៗ​គ្នា​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។
4កាល​មក​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ ក្រុម‌ជំអះ ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ​នាំ​គ្នា​ទទួល​ពួក​គាត់។ ពួក​គាត់​ក៏​ជម្រាប​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អុលឡោះ​បាន​ធ្វើ​ជា​មួយ​ពួក​គាត់។ 5ពេល​នោះ មាន​បង​ប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿ​អ៊ីសា ក្រោក​ឈរ​ឡើង​ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​ខតាន់​ឲ្យ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្ដិ​តាម​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​ដែរ។
6ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ​ពិច័យ​មើល​សំណុំ​រឿង​នេះ។ 7ពេល​នោះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖
«បង​ប្អូន​អើយ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា អុលឡោះ​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង​ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។ 8អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ទ្រង់​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ឲ្យ​គេ ដូច​ទ្រង់​បាន​ប្រទាន​មក​យើង​ដែរ។ 9អុលឡោះ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សំអាត​ចិត្ដ​គេ​ឲ្យ​បាន​បរិសុទ្ធ ដោយ​ជំនឿ។ 10ឥឡូវ​នេះ​ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​ជំទាស់ដែល​បុព្វ‌បុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង​ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ! 11ទេ​មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា​ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ​ដោយ‌សារ​គុណ​របស់​អ៊ីសា‌ជាអម្ចាស់»។
12ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ដែល​អុលឡោះ​បាន​សំដែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​ពួក​គាត់។ 13លុះ​អ្នក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ យ៉ាកកូប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖ 14«បង​ប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ! លោក​ស៊ីម៉ូន​បាន​រៀប​រាប់​ថា កាល​ពី​ដើម​ដំបូង អុលឡោះ​ពេញ​ចិត្ត​ជ្រើស​រើស​ប្រជា‌រាស្ដ្រ​មួយ ពី​ចំណោម​ជាតិ​សាសន៍​នានា​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ផ្ទាល់។ 15រីឯ​បន្ទូល​នៃ​អុលឡោះ​ដែល​ពួក​ណាពី​បាន​ថ្លែង ក៏​ស្រប​នឹង​សេចក្ដី​នេះ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា៖
16 លុះ​ក្រោយ​មក យើង​នឹង​វិល​ត្រឡប់​មក​វិញ
យើង​នឹង​លើក​ជំរំ​របស់​ទត
ដែល​រលំ​ទៅ​នោះ​ឡើង​វិញ
យើង​នឹង​សង់​ដំណាក់​ដែល​បាក់​បែក​ខ្ទេច​ខ្ទី​ឡើង​វិញ
17 ពេល​នោះ​មនុស្ស‌ម្នា​ដែល​នៅ​សល់
នឹង​ស្វែង​រក​អុលឡោះ‌ជាអម្ចាស់
ហើយ​ជាតិ​សាសន៍​នានា​ដែល​ជា​ប្រជា‌រាស្ដ្រ
របស់​យើង​ក៏​នឹង​ស្វែង​រក​យើង​ដែរ។
18 នេះ​ជា​បន្ទូល​របស់​អុលឡោះ​ដែល
សំដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់
តាំង​ពី​យូរ​អង្វែង​រៀង​មក។
19ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ដល់​សាសន៍​ដទៃ ដែល​បាន​បែរ​ចិត្ដ​វិល​មក​រក​អុលឡោះ​វិញ​នោះ​ឡើយ 20ប៉ុន្ដែ គួរ​យើង​សរសេរ​សំបុត្រ​ទៅ​ប្រាប់​គេ កុំ​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ដែល​បាន​សែន​រូប​សំណាក គឺ​ជា​ម្ហូប​អាហារ​សៅ‌ហ្មង​នោះ​ជា​ដាច់​ខាត កុំ​ឲ្យ​រួម​រស់​ជា​មួយ​គ្នា ដោយ​មិន​រៀប‌ការ កុំ​ឲ្យ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់​ដោយ​ច្របាច់​ក និង​កុំ​ឲ្យ​បរិភោគ​ឈាម 21ដ្បិត​តាំង​ពី​សម័យ​ដើម​រៀង​មក នៅ​តាម​ក្រុង​នីមួយៗ គេ​តែង​ប្រកាស​ហ៊ូកុំ​របស់​ម៉ូសា ដោយ​អាន​គីតាប​របស់​គាត់ រៀង​រាល់​ថ្ងៃ​ជំអាត់ នៅ​ក្នុង​សាលា​ប្រជុំ»។
សំបុត្រ​ផ្ញើ​ទៅ​ជូន​សាសន៍​ដទៃ​ជា​អ្នក​ជឿ
22ពេល​នោះ ក្រុម​សាវ័ក ក្រុម​អះលី‌ជំអះ និង​ក្រុម‌ជំអះ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បង​ប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បង​ប្អូន​គោរព​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសាបាស និង​លោក​ស៊ីឡាស។ 23ក្រុម‌ជំអះ​បាន​ប្រគល់​សំបុត្រ​មួយ ឲ្យ​អ្នក​ទាំង​ពីរ​នាំ​យក​ទៅ ដែល​មាន​សេចក្ដី​ដូច​ត​ទៅ​នេះ៖
«យើង​ខ្ញុំ ជា​សាវ័ក ជា​អះលី‌ជំអះ និង​ជា​បង​ប្អូន សូម​ផ្ញើ​សាឡាម​មក​បង​ប្អូន​ជា​សាសន៍​ដទៃ ដែល​រស់​នៅ​ក្រុង​អន់‌ទី‌យ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលីគា។
24យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​ឲ្យ​បង​ប្អូន​មាន​កង្វល់​ក្នុង​ចិត្ដ។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។ 25យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ដ​ជ្រើស​រើស​យក​គ្នា​យើង​ខ្លះ ចាត់​ឲ្យ​មក​ជួប​បង​ប្អូន​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង 26ជា​អ្នក​ដែល​បាន​សុខ​ចិត្ដ​លះបង់​ជីវិត​របស់​ខ្លួន​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​របស់​យើង។ 27ហេតុ​នេះ យើង​ខ្ញុំ​សុំ​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​ឲ្យ​នាំ​ពាក្យ​ដដែល​នេះ យក​មក​ជម្រាប​បង​ប្អូន​ស្ដាប់​ផ្ទាល់​តែ​ម្ដង។ 28រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​យក​ហ៊ូកុំ​ណា​ផ្សេង​ទៀត​ដែល​មិន​ចាំ‌បាច់ មក​បង្ខំ​បង​ប្អូន​ឲ្យ​ប្រតិបត្ដិ​តាម​ឡើយ 29យើង​គ្រាន់​តែ​សុំ​ឲ្យ​បង​ប្អូន​ចៀស​វាង​កុំ​ប្រព្រឹត្ដ​ដូច​ត​ទៅ​នេះ គឺ​កុំ​បរិភោគ​ម្ហូប​អាហារ​ដែល​សែន​រូប​សំណាក កុំ​បរិភោគ​ឈាម កុំ​បរិភោគ​សាច់​សត្វ​ដែល​គេ​សម្លាប់ ដោយ​ច្របាច់​ក និង​កុំ​រួម​រស់​ជា​មួយ​គ្នា​ដោយ​មិន​រៀប‌ការ។ ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​ដូច្នេះ​បាន​នោះ​ប្រពៃ​ហើយ។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ»។
30ពួក​អ្នក​តំណាង​ក៏​លា​គេ ចេញ​ដំណើរ​ទៅ​ដល់​ក្រុង​អន់‌ទី‌យ៉ូក ហើយ​ប្រមូល​អង្គ​ប្រជុំ រួច​ប្រគល់​សំបុត្រ​ជូន។ 31គេ​បាន​អាន​សំបុត្រ ហើយ​មាន​អំណរ​សប្បាយ​គ្រប់ៗ​គ្នា ព្រោះ​សំបុត្រ​នោះ​បាន​លើក​ទឹក​ចិត្ដ​ពួក​គេ។ 32លោក​យូដាស និង​លោក​ស៊ីឡាស ដែល​ជា​ណាពី​មាន​ប្រសាសន៍​ជា​ច្រើន ដើម្បី​លើក​ទឹក​ចិត្ដ និង​ពង្រឹង​ជំនឿ​របស់​បង​ប្អូន។ 33បន្ដិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ដ​ឲ្យ​អ្នក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំអះ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ដ។ [ 34ប៉ុន្ដែ លោក​ស៊ីឡាស​សម្រេច​ចិត្ដ​ស្នាក់​នៅ​ទីនោះ​បន្ដ​ទៅ​ទៀត។]
35រីឯ​លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​បាន​ស្នាក់​នៅ​ក្នុង​ក្រុង​អន់‌ទី‌យ៉ូក ទាំង​បង្រៀន និង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​អំពី​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់ រួម​ជា​មួយ​បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ផង។
បេសក‌កម្ម​លើក​ទី​ពីរ លោក​ប៉ូល និង​លោក​បារណា‌បាស​បែក​គ្នា
36ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ទៀត លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បារណា‌បាស​ថា៖ «យើង​ត្រូវ​ត្រឡប់​ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​នៅ​តាម​ក្រុង​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ផ្សព្វ‌ផ្សាយ​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់»។ 37លោក​បារណា‌បាស​មាន​បំណង​នាំ​យ៉ូហាន ហៅ​ម៉ាកុស​ទៅ​ជា​មួយ​ដែរ 38ប៉ុន្ដែ លោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​នាំ​គាត់​ទៅ​ជា​មួយ​ឡើយ ព្រោះ​គាត់​បាន​រត់​ចោល​ពួក​អ្នក​កាល​ពី​នៅ​ក្រុង​ប៉ាមភីលា គឺ​គាត់​មិន​បាន​ធ្វើ​ការ​រួម​ជា​មួយ​ពួក​អ្នក​ទេ។ 39អ្នក​ទាំង​ពីរ​ក៏​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​បែក​ផ្លូវ​គ្នា។ លោក​បារណា‌បាស បាន​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ រួច​ចុះ​សំពៅ​ឆ្ពោះ​ទៅ​កោះ​គីប្រុស។ 40រីឯ​លោក​ប៉ូល លោក​នាំ​លោក​ស៊ីឡាស​ទៅ​ជា​មួយ ដោយ​ពួក​បង​ប្អូន​បាន​ផ្ញើ​លោក​ទៅ​លើ​ចិត្ត​ប្រណី‌សន្ដោស​របស់​អុលឡោះ‌ជាអម្ចាស់ 41លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ស៊ីរី និង​ស្រុក​គីលីគា​ទាំង​ពង្រឹង​ជំនឿ​ក្រុម‌ជំអះ​នានា​ផង។

ទើបបានជ្រើសរើសហើយ៖

កិច្ចការ 15: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល