២​ថេស្សា‌ឡូនិក 2

2
ព្រឹត្ដិ‌ការណ៍​ដែល​នឹង​កើត​មាន មុន​អ៊ីសា​មក
1បង​ប្អូន​អើយ ចំពោះ​ពេល​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់​នៃ​យើង មក​យ៉ាង​រុង‌រឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​គាត់​នោះ យើង​សូម​អង្វរ​បង​ប្អូន​ថា 2កុំ​ប្រញាប់​ជ្រួល​ច្របល់​ក្នុង​ចិត្ដ ឬ​ភ័យ​ស្លន់​ស្លោ​ដោយ​គ្រាន់​តែ​ឮ​គេ​ថា ដល់​ថ្ងៃ​អ៊ីសា‌ជាអម្ចាស់​មក​ហើយ។ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា រស‌អុលឡោះ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សំដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។ 3កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បង​ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​អ៊ីសា‌ជាអម្ចាស់​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។ 4មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ ហើយ​ប្រកាស​ខ្លួន​ឯង​ថា ជា​អុលឡោះ​ថែម​ទៀត​ផង។
5កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បង​ប្អូន​សព្វ​គ្រប់​ហើយ តើ​បង​ប្អូន​នៅ​ចាំ​ឬ​ទេ? 6ឥឡូវ​នេះ បង​ប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។ 7គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ 8វា​នឹង​ចេញ​មុខ​មក ហើយ​អ៊ីសា‌ជាអម្ចាស់​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់រួច​ហើយ នៅ​ពេល​អ៊ីសា​មក គាត់​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​គាត់។ 9រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​អ៊ីព្លេស‌ហ្សៃតន គឺ​វា​សំដែង​ការ​អស្ចារ្យ ទី​សំគាល់ និង​អំណាច​បោក​ប្រាស់​សព្វ​បែប​យ៉ាង។ 10វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្ដរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។ 11ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ចាត់​ឥទ្ធិពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ 12ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ដ​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។
ជីវិត​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ
13ចំពោះ​យើង​វិញ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ៊ីសា‌ជាអម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​ជា‌និច្ច ដ្បិត​អុលឡោះ​បាន​ជ្រើស​រើស​បង​ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ និង​ដោយ​បង​ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។ 14អុលឡោះ​ត្រាស់​ហៅ​បង​ប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បង​ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុង‌រឿង​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។ 15ហេតុ​នេះ​បង​ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង​ប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។
16អុលឡោះ ជា​បិតា​នៃ​យើង​ស្រឡាញ់​យើង ទ្រង់​បាន​សំរាល​ទុក្ខ​យើង​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គុណ​នៃ​ទ្រង់ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ផ្ទាល់​ជា​អម្ចាស់​នៃ​យើង និង​អុលឡោះ​ជា​បិតា 17សំរាល​ទុក្ខ​បង​ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ចការ​ដែល​បង​ប្អូន​ធ្វើ និង​ពាក្យ​សំដី​ល្អ​ដែល​បង​ប្អូន​និយាយ។

ទើបបានជ្រើសរើសហើយ៖

២​ថេស្សា‌ឡូនិក 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល