២កូរិនថូស 9
9
ជំនួយផ្ញើទៅជូនពួកបងប្អូន
1ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏បរិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ 2ខ្ញុំស្គាល់ឆន្ទៈល្អរបស់បងប្អូនស្រាប់ហើយ ហើយខ្ញុំក៏បាននិយាយសរសើរពីបងប្អូនប្រាប់អ្នកស្រុកម៉ាសេដូនថា «បងប្អូននៅស្រុកអាខៃបានរៀបចំខ្លួនជាស្រេច តាំងពីឆ្នាំទៅម៉្លេះ»។ ចិត្ដខ្នះខ្នែងរបស់បងប្អូនបានជំរុញអ្នកឯទៀតជាច្រើន ឲ្យមានចិត្ដស្ទុះស្ទាឡើង។ 3ខ្ញុំបានចាត់ពួកបងប្អូនខ្លះមក ដើម្បីឲ្យឃើញថាពាក្យដែលយើងនិយាយសរសើរពីបងប្អូនត្រង់ចំណុចនេះ មិនមែនខុសទេ គឺបងប្អូនពិតជារៀបចំខ្លួនជាស្រេចដូចខ្ញុំនិយាយមែន។ 4ប្រសិនបើបងប្អូននៅស្រុកម៉ាសេដូនមកជាមួយខ្ញុំ ហើយឃើញថាបងប្អូនមិនទាន់រៀបចំខ្លួនទេនោះ មិនត្រឹមតែយើងប៉ុណ្ណោះទេ ដែលត្រូវអាម៉ាស់មុខ បងប្អូនក៏នឹងត្រូវអាម៉ាស់មុខដែរ មកពីយើងទុកចិត្ដលើបងប្អូនខ្លាំងពេក។ 5ហេតុនេះហើយបានជាខ្ញុំយល់ឃើញថា ត្រូវតែសុំឲ្យបងប្អូននៅទីនោះធ្វើដំណើរមករកបងប្អូនមុនខ្ញុំ ដើម្បីរៀបចំប្រាក់ជំនួយដែលបងប្អូនសន្យានោះឲ្យបានរួចរាល់។ ការនេះ សឲ្យឃើញថា បងប្អូនបានចូលប្រាក់ដោយចិត្ដទូលាយ មិនមែនដោយចង្អៀតចង្អល់ទេ។
6សូមចងចាំថា អ្នកណាព្រោះតិច អ្នកនោះក៏ច្រូតបានផលតិចដែរ រីឯអ្នកដែលព្រោះច្រើនបរិបូណ៌ ក៏ច្រូតបានផលច្រើនបរិបូណ៌ដែរ។ 7ហេតុនេះ ម្នាក់ៗត្រូវតែចូលប្រាក់តាមតែខ្លួនសម្រេចចិត្ដ ដោយមិននឹកស្ដាយ ឬទើសទ័លឡើយ ដ្បិតអុលឡោះគាប់ចិត្តនឹងអ្នកណាដែលធ្វើអំណោយដោយចិត្ដរីករាយ។ 8អុលឡោះអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង 9ដូចមានចែងទុកមកថាៈ
«ទ្រង់ចែក ទ្រង់ប្រទានឲ្យអ្នកក្រ
សេចក្ដីសុចរិតរបស់ទ្រង់នៅស្ថិតស្ថេរ
រហូតតរៀងទៅ»។
10អុលឡោះដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ទ្រង់ក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូន បង្កើតផលបានច្រើនឡើងថែមទៀត។ 11អុលឡោះនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្ដសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរគុណអុលឡោះដោយយើងជួយគេ 12ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរគុណអុលឡោះកាន់តែច្រើនឡើងទៀតផង។ 13ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះបងប្អូនសំដែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អរបស់អាល់ម៉ាហ្សៀសដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្ដទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។ 14គេសូមអង្វរអុលឡោះឲ្យបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែគុណដ៏ច្រើនលើសលុបដែលអុលឡោះប្រទានមកបងប្អូន។ 15សូមអរគុណអុលឡោះ ចំពោះអំណោយទានដ៏ប្រសើរបំផុតរបស់ទ្រង់រកថ្លែងពុំបាន។
ទើបបានជ្រើសរើសហើយ៖
២កូរិនថូស 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.