២​កូរិន‌ថូស 13

13
ការ​រំលឹក​ដាស់‌តឿន និង​ការ​សួរ​សុខ​ទុក្ខ​របស់​លោក​ប៉ូល
1នេះ​ជា​លើក​ទី​បី​ហើយ ដែល​ខ្ញុំ​មក​រក​បង​ប្អូន។ ត្រូវ​សំរួល​រឿង​ទាំង​អស់ ដោយ​មាន​សាក្សី​ពីរ ឬ​បី​នាក់2កាល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន​ជា​លើក​ទី​ពីរ ខ្ញុំ​បាន​និយាយ​សេចក្ដី​នេះ​រួច​ស្រេច​ហើយ ហើយ​ឥឡូវ​នេះ ពេល​ដែល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សូម​ជម្រាប​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន និង​សូម​ជម្រាប​អ្នក​ឯ​ទៀតៗ​ទាំង​អស់ ឲ្យ​បាន​ដឹង​ជា​មុន​ថា បើ​ខ្ញុំ​វិល​មក​រក​បង​ប្អូន​វិញ​នោះ ខ្ញុំ​នឹង​មិន​ប្រណី​អ្នក​ណា​ម្នាក់​ឡើយ 3ដ្បិត​បង​ប្អូន​ចង់​បាន​ភស្ដុតាង​ថា អាល់ម៉ា‌ហ្សៀស​មាន​ប្រសាសន៍​តាម​រយៈ​ខ្ញុំ។ អ៊ីសា​មិន​ទន់​ខ្សោយ​ចំពោះ​បង​ប្អូន​ទេ គឺ​គាត់​បង្ហាញ​អំណាច​នៅ​កណ្ដាល​ចំណោម​បង​ប្អូន​វិញ។ 4អ៊ីសា​ត្រូវ​គេ​ឆ្កាង​ដោយ​គាត់​មាន​ភាព​ទន់​ខ្សោយ ប៉ុន្ដែ គាត់​រស់​ឡើង​វិញ ដោយ​អំណាច​របស់​អុលឡោះ។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​អ៊ីសា​មែន ប៉ុន្ដែ ដោយ​យល់​ដល់​បង​ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​គាត់ ដោយ​អំណាច​របស់​អុលឡោះ។
5សូម​បង​ប្អូន​ល្បង​មើល​ខ្លួន​ឯង​ទៅ តើ​បង​ប្អូន​នៅ​តែ​មាន​ជំនឿ​មែន​ឬ​យ៉ាង​ណា សូម​បង​ប្អូន​ពិនិត្យ​ពិច័យ​ខ្លួន​ឯង​មើល​ទៅ​ចុះ! បង​ប្អូន​មិន​ទទួល​ស្គាល់​ទេ​ឬ​ថា​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្នុង​បង​ប្អូន! ឬ​មួយ​មាន​តែ​បង​ប្អូន​ឃើញ​ថា គាត់​មិន​នៅ​ជា​មួយ! 6ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ពិត​ជា​ដឹង​ថា អ៊ីសា​នៅ​ជា​មួយ​យើង​មែន។ 7យើង​សូម‌អង្វរ​អុលឡោះ សូម​កុំ​ឲ្យ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​អាក្រក់​អ្វី​ឡើយ។ យើង​គ្មាន​បំណង​ចង់​បង្ហាញ​ភស្ដុតាង​ថា យើង​មាន​អ៊ីសា​នៅ​ជា​មួយ​ហើយ​នោះ​ទេ យើង​គ្រាន់​តែ​ចង់​ឃើញ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ ទោះ​បី​ការ​ពិនិត្យ​ពិច័យ​នេះ​បែរ​ជា​បង្ហាញ​ថា យើង​គ្មាន​ភស្ដុតាង​អំពី​គាត់​នៅ​ជា​មួយ​ក៏​ដោយ 8ដ្បិត​យើង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ពិត​បាន​ឡើយ គឺ​យើង​គ្រាន់​តែ​អាច​បម្រើ​សេចក្ដី​ពិត​ប៉ុណ្ណោះ។ 9យើង​សប្បាយ​ចិត្ដ នៅ​ពេល​ណា​យើង​ទន់​ខ្សោយ ហើយ​បង​ប្អូន​មាន​កម្លាំង។ យើង​ទូរអា​សុំ​សេចក្ដី​តែ​មួយ​នេះ គឺ​សូម​ឲ្យ​បង​ប្អូន​បាន​គ្រប់​លក្ខណៈ។ 10ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ខ្ញុំ​នៅ​ឆ្ងាយ ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​ជូន​បង​ប្អូន។ ដូច្នេះ កាល​ណា​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​បាច់​និយាយ​តឹង‌រ៉ឹង​មក​កាន់​បង​ប្អូន តាម​អំណាច​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ​នោះ​ឡើយ។ អ៊ីសា​ប្រទាន​អំណាច​នេះ​មក​ខ្ញុំ មិន​មែន​ដើម្បី​បំផ្លាញ​ទេ គឺ​ដើម្បី​កសាង​វិញ។
11នៅ​ទី​បញ្ចប់ បង​ប្អូន​អើយ ចូរ​មាន​អំណរ​ឡើង ចូរ​ខំ​ប្រឹង​ឲ្យ​បាន​គ្រប់​លក្ខណៈ ចូរ​លើក​ទឹក​ចិត្ដ​គ្នា ចូរ​មាន​ចិត្ដ​គំនិត​តែ​មួយ ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ដ​ជា​មួយ​គ្នា នោះ​អុលឡោះ​ដែល​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ‌សាន្ដ មុខ​ជា​នៅ​ជា​មួយ​បង​ប្អូន​មិន​ខាន។
12ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្និទ្ធ‌ស្នាល​ផង។ បង​ប្អូន​បរិសុទ្ធ​ទាំង​អស់ ក៏​សូម​ជម្រាប​សួរ​មក​បង​ប្អូន​ដែរ។
13សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ និង​ការ​រួម​រស់​ក្នុង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។

ទើបបានជ្រើសរើសហើយ៖

២​កូរិន‌ថូស 13: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល