២​កូរិន‌ថូស 12

12
លោក​ប៉ូល​និមិត្ដ​ឃើញ​ការ​អស្ចារ្យ
1តើ​ខ្ញុំ​ត្រូវ​តែ​អួត​ខ្លួន​ឬ? ទោះ​បី​អួត​ខ្លួន​គ្មាន​ប្រយោជន៍​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​សូម​និយាយ​អំពី​ការ​អស្ចារ្យ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រោស​ឲ្យ​ខ្ញុំ​និមិត្ដ​ឃើញ និង​សំដែង​ឲ្យ​ខ្ញុំ​ដឹង។ 2ខ្ញុំ​ស្គាល់​បុរស​ម្នាក់​ដែល​ជឿ​អាល់ម៉ា‌ហ្សៀស កាល​ពី​ដប់‌បួន​ឆ្នាំ​មុន អុលឡោះ‌ជាអម្ចាស់​បាន​លើក​គាត់​ឡើង​ទៅ​ដល់​សូរ៉កា​ជាន់​ទី​បី មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ 3ខ្ញុំ​ក៏​ដឹង​ថា អុលឡោះ‌ជាអម្ចាស់​លើក​បុរស​នោះ​ទៅ​ដល់​សូរ៉កា (ប៉ុន្ដែ ខ្ញុំ​មិន​ដឹង​ថា​រូប​កាយ​របស់​គាត់​ឡើង​ទៅ ឬ​មួយ​គាត់​គ្រាន់​តែ​និមិត្ដ​ឃើញ​មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ទ្រង់​ជ្រាប)។ 4គាត់​បាន​ឮ​បន្ទូល​នៃ​អុលឡោះ​ដ៏​អស្ចារ្យ​រក​ថ្លែង​ពុំ​បាន ដែល​គ្មាន​មនុស្ស​ណា​មាន​សិទ្ធិ​នឹង​និយាយ​ឡើង​វិញ​បាន​ទេ។ 5ខ្ញុំ​អួត​តែ​ពី​បុរស​នោះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​អួត​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ ខ្ញុំ​អួត​តែ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ 6ប្រសិន​បើ​ខ្ញុំ​ចង់​អួត​ខ្លួន ខ្ញុំ​ក៏​មិន​មែន​ល្ងី‌ល្ងើ​ដែរ ព្រោះ​ខ្ញុំ​គ្រាន់​តែ​និយាយ​សេចក្ដី​ពិត។ ប៉ុន្ដែ ខ្ញុំ​សុខ​ចិត្ដ​នៅ​ស្ងៀម​វិញ ក្រែង​លោ​មាន​នរណា​ម្នាក់​ស្មាន​ថា ខ្ញុំ​មាន​ឋានៈ​ខ្ពស់​លើស​ពី​ភាព​ដែល​គេ​ឃើញ និង​លើស​ពី​ពាក្យ​ដែល​ខ្ញុំ​និយាយ។ 7អុលឡោះ​បាន​ដាក់​បន្លា​មួយ​ក្នុង​រូប​កាយ​ខ្ញុំ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន ព្រោះ​តែ​ការ​អស្ចារ្យ​ដ៏​ប្រសើរ​បំផុត​ដែល​ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ឃើញ គឺ​ដូច​ជា​មាន​តំណាង​របស់​អ៊ីព្លេស‌ហ្សៃតន​មក​ធ្វើ​ទារុណ‌កម្ម​ខ្ញុំ កុំ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​បាន​ឡើយ។ 8ខ្ញុំ​បាន​អង្វរ​អ៊ីសា‌ជាអម្ចាស់​ចំនួន​បី​ដង សូម​គាត់​មេត្ដា​ដក​យក​បន្លា​នេះ​ចេញ​ពី​រូប​កាយ​ខ្ញុំ។ 9ក៏​ប៉ុន្ដែ គាត់​និយាយ​មក​ខ្ញុំ​ថា «គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​អំណាច​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ដ​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​មក​សណ្ឋិត​លើ​ខ្ញុំ។ 10ហេតុ​នេះ ព្រោះ​តែ​អាល់ម៉ា‌ហ្សៀស ខ្ញុំ​អរ​សប្បាយ​នៅ​ពេល​ទន់​ខ្សោយ នៅ​ពេល​គេ​ជេរ​ប្រមាថ នៅ​ពេល​ខ្វះ​ខាត នៅ​ពេល​គេ​បៀត‌បៀន នៅ​ពេល​តប់‌ប្រមល់ ដ្បិត​ពេល​ណា​ខ្ញុំ​ទន់​ខ្សោយ គឺ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​មាន​កម្លាំង។
លោក​ប៉ូល​ខ្វល់​ខ្វាយ​អំពី​ក្រុម​អូមាត់‌អ៊ីសា​នៅ​ក្រុង​កូរិន‌ថូស
11ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំ​ទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។ 12មាន​សញ្ញា​សំគាល់​ផ្សេងៗ​ដែល​បញ្ជាក់​ថា ខ្ញុំ​ជា​សាវ័ក​បាន​កើត​ឡើង​ក្នុង​ចំណោម​បង​ប្អូន គឺ​មាន​ការ​អត់‌ធ្មត់​គ្រប់​យ៉ាង មាន​ទី​សំគាល់​អំណាច និង​ការ​អស្ចារ្យ​ផ្សេងៗ។ 13បង​ប្អូន​មិន​បាន​ទទួល​អ្វី​តិច​ជាង​ក្រុម‌ជំអះ​ឯ​ទៀតៗ​នោះ​ឡើយ វៀរ​លែង​តែ​ខ្ញុំ​មិន​ដែល​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ប៉ុណ្ណោះ សូម​បង​ប្អូន​អភ័យ​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​ភាព​អយុត្ដិ‌ធម៌​នេះ​ផង។
14ឥឡូវ​នេះ ខ្ញុំ​រៀប‌ចំ​ខ្លួន​ជា​ស្រេច ដើម្បី​មក​រក​បង​ប្អូន​ជា​លើក​ទី​បី ប៉ុន្ដែ ខ្ញុំ​មិន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​ទេ ព្រោះ​ខ្ញុំ​មក មិន​មែន​ប្រាថ្នា​ចង់​បាន​សម្បត្តិ​របស់​បង​ប្អូន​ឡើយ គឺ​ចង់​បាន​បង​ប្អូន​ផ្ទាល់​តែ​ម្ដង។ ធម្មតា កូន​ចៅ​មិន​ដែល​ប្រមូល​សម្បត្តិ​ជូន​ឪពុក‌ម្ដាយ​ទេ គឺ​ឪពុក‌ម្ដាយ​វិញ​ទេ​តើ ដែល​ប្រមូល​សម្បត្តិ​ទុក​ឲ្យ​កូន! 15ចំពោះ​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ដ​នឹង​ចំណាយ​អ្វីៗ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​ក៏​ចំណាយ​ខ្លួន​ខ្ញុំ​ថែម​ទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​ជីវិត​បង​ប្អូន​ដែរ។ បើ​ខ្ញុំ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​បង​ប្អូន​ស្រឡាញ់​ខ្ញុំ​តិច​ជាង​ឬ?
16យើង​សន្មត​ទៅ​ចុះ​ថា ខ្ញុំ​ពុំ​បាន​ធ្វើ​ជា​បន្ទុក​ដល់​បង​ប្អូន​មែន តែ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ពុត‌ត្បុត ប្រើ​កល‌ល្បិច​បោក​ប្រាស់​បង​ប្អូន។ 17តើ​ខ្ញុំ​មាន​ដែល​បោក​ប្រាស់​បង​ប្អូន តាម​រយៈ​អ្នក​ដែល​ខ្ញុំ​ចាត់​មក​រក​បង​ប្អូន​នោះ​ទេ? 18ខ្ញុំ​បាន​អង្វរ​លោក​ទីតុស​ឲ្យ​មក​រក​បង​ប្អូន ហើយ​ខ្ញុំ​ក៏​ចាត់​បង​ប្អូន​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​គាត់​ដែរ តើ​លោក​ទីតុស​បាន​បោក​ប្រាស់​បង​ប្អូន​ឬ? តើ​យើង​ទាំង​ពីរ​នាក់​មិន​បាន​ប្រកាន់​យក​ចិត្ដ​គំនិត និង​ដើរ​តាម​គន្លង​តែ​មួយ​ទេ​ឬ?
19តាំង​ពី​យូរ​មក​ហើយ ប្រហែល​ជា​បង​ប្អូន​ចេះ​តែ​ស្មាន​ថា យើង​និយាយ​ដោះ‌សា​នៅ​ចំពោះ​មុខ​បង​ប្អូន! ទេ! យើង​និយាយ​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស នៅ​ចំពោះ​អុលឡោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! យើង​និយាយ​សេចក្ដី​ទាំង​នេះ ដើម្បី​កសាង​ជំនឿ​បង​ប្អូន​តែ​ប៉ុណ្ណោះ 20ដ្បិត​ខ្ញុំ​បារម្ភ​ខ្លាច​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់ ខ្ញុំ​មិន​ឃើញ​បង​ប្អូន​មាន​លក្ខណៈ ដូច​ដែល​ខ្ញុំ​ចង់​ឃើញ ហើយ​ក៏​ខ្លាច​ក្រែង​បង​ប្អូន​ឃើញ​ខ្ញុំ​ខុស​ពី​លក្ខណៈ​ដែល​បង​ប្អូន​ចង់​ឃើញ​នោះ​ដែរ។ ខ្ញុំ​បារម្ភ​ក្រែង​លោ​មាន​ការ​ទាស់‌ទែង​គ្នា ច្រណែន​គ្នា ខឹង​សម្បារ ប្រណាំង​ប្រជែង​និយាយ​ដើម​គ្នា បរិហា​កេរ្ដិ៍​គ្នា អួត​បំប៉ាង ខ្វះ​សណ្ដាប់‌ធ្នាប់។ 21ខ្ញុំ​បារម្ភ​ក្រែង​លោ​ពេល​ខ្ញុំ​មក​ដល់​លើក​ក្រោយ អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​នឹង​បំបាក់​មុខ​ខ្ញុំ​នៅ​ចំពោះ​មុខ​បង​ប្អូន ហើយ​ខ្ញុំ​ត្រូវ​យំ​សោក ព្រោះ​តែ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប​កាល​ពី​មុន តែ​មិន​ទាន់​បាន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​សៅ‌ហ្មង​ប្រាស​ចាក​សីល‌ធម៌ និង​កាម​គុណ​ថោក​ទាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ​នៅ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

២​កូរិន‌ថូស 12: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល