១​ធីម៉ូ‌ថេ 4

4
តួន​ក្លែង‌ក្លាយ
1រស‌អុលឡោះ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ដ​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ដ​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អ៊ីព្លេស។ 2គេ​ចាញ់​បោក​ពុត‌ត្បុត​របស់​មេ​បោក​ប្រាស់។ មន‌សិការ​របស់​អ្នក​ទាំង​នោះ​ជាប់​ជា​ខ្ញុំ​បម្រើ​របស់​អ៊ីព្លេស។ 3ពួក​គេ​ហាម​ប្រាម​មិន​ឲ្យ​យក​ប្ដី​ប្រពន្ធ មិន​ឲ្យ​បរិភោគ​អាហារ​ខ្លះ​ដែល​អុលឡោះ​បាន​បង្កើត​មក ដើម្បី​ឲ្យ​អ្នក​ជឿ​ដែល​ស្គាល់​សេចក្ដី​ពិត​បរិភោគ ទាំង​អរ​គុណ។ 4អ្វីៗ​ដែល​អុលឡោះ​បាន​បង្កើត​មក​សុទ្ធ​តែ​ល្អ​ទាំង​អស់ មិន​ត្រូវ​ចោល​ណា​មួយ​ឡើយ គឺ​ត្រូវ​ទទួល​ទាំង​អរ​គុណ​វិញ 5ដ្បិត​បន្ទូល​របស់​អុលឡោះ និង​ពាក្យ​អរ​គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​បរិសុទ្ធ​ហើយ។
អ្នក​បម្រើ​ដ៏​ល្អ​របស់​អ៊ីសា‌ជាអម្ចាស់
6បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ ទៅ​ពន្យល់​បង​ប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។ 7កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម​សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ។ 8ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្ដួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​វិញ មាន​ប្រយោជន៍​គ្រប់​ជំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​បន្ទូល​សន្យា​នៃ​អុលឡោះ។ 9ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​ឲ្យ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថាៈ 10យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​អុលឡោះ​ដ៏​នៅ​អស់‌កល្ប ទ្រង់​ជា​ម្ចាស់​សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។ 11អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។ 12កុំ​បណ្ដោយ​ឲ្យ​នរណា​មើល‌ងាយ​អ្នក ព្រោះ​អ្នក​នៅ​ក្មេង ផ្ទុយ​ទៅ​វិញ ក្នុង​ការ​និយាយ​ស្ដី​ក្ដី កិរិយា​មារយាទ​ក្ដី ចិត្ដ​ស្រឡាញ់​ក្ដី ជំនឿ​ក្ដី និង​ចិត្ដ​បរិសុទ្ធ​ក្ដី ត្រូវ​ធ្វើ​ជា​គំរូ​ដល់​អស់​អ្នក​ជឿ។
13ចូរ​ឧស្សាហ៍​អាន​គីតាប ឧស្សាហ៍​ដាស់‌តឿន និង​បង្រៀន​បង​ប្អូន​កុំ​ខាន ទំរាំ​ខ្ញុំ​មក​ដល់។ 14កុំ​ធ្វេស​ប្រហែស​នឹង​អំណោយ​ទាន ដែល​ស្ថិត​នៅ​ក្នុង​អ្នក គឺ​ជា​អំណោយ​ទាន ដែល​អ្នក​បាន​ទទួល ដោយ​ពាក្យ​ដែល​គេ​បាន​ថ្លែង​ប្រាប់​ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់ និង​ដោយ​ក្រុម​អះលី‌ជំអះ​បាន​ដាក់​ដៃ​លើ 15ត្រូវ​យក​ចិត្ដ​ទុក​ដាក់​បំពេញ​មុខ‌ងារ​នេះ និង​ព្យាយាម​ត​ទៅ​មុខ​ទៀត ដើម្បី​ឲ្យ​គ្រប់​គ្នា​ឃើញ​ថា អ្នក​ពិត​ជា​បាន​ចំរើន​ឡើង​មែន។ 16ត្រូវ​ប្រយ័ត្ន​ប្រយែង​លើ​ខ្លួន​ឯង ប្រយ័ត្ន​ប្រយែង​នឹង​សេចក្ដី​ដែល​អ្នក​បង្រៀន ដោយ​ព្យាយាម​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក​ផង ទាំង​បង​ប្អូន​ដែល​ស្ដាប់​អ្នក​ផង។

ទើបបានជ្រើសរើសហើយ៖

១​ធីម៉ូ‌ថេ 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល