១​កូរិន‌ថូស 2

2
អំពី​អ៊ីសា​ជាប់​ឆ្កាង
1បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ​ដល់​បង​ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន​វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។ 2ពេល​ខ្ញុំ​នៅ​ជា​មួយ​បង​ប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វី ក្រៅ​ពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នោះ​ឡើយ ជា​ពិសេស អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ដែល​បាន​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង។ 3ខ្ញុំ​បាន​មក​រក​បង​ប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។ 4ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​រស‌អុលឡោះ​បាន​សំដែង​អំណាច​វិញ 5ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បង​ប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​អំណាច​របស់​អុលឡោះ។
ប្រាជ្ញា‌ញាណ​របស់​អុលឡោះ
6ក៏​ប៉ុន្ដែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប​សូន្យ​ទៅ​នោះ​ទេ។ 7យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​អុលឡោះ ដែល​ទ្រង់​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​អុលឡោះ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុង‌រឿង​មក​យើង។ 8គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ​បាន​ស្គាល់​ប្រាជ្ញា​របស់​អុលឡោះ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​អ៊ីសា‌ជាអម្ចាស់​ប្រកប​ដោយ​សិរី‌រុង‌រឿង​នោះ​ឡើយ។ 9ប៉ុន្ដែ​ដូច​មាន​ចែង​ទុក​មក​ថា៖
«អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ
អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ
និង​អ្វីៗ​ដែល​ចិត្ដ​មនុស្ស​នឹក​មិន​ដល់​នោះ
អុលឡោះ​បាន​រៀប‌ចំ​ទុក
សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់»
10អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​រស‌អុលឡោះ ដ្បិត​រស‌អុលឡោះ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​បំណង​របស់​អុលឡោះ​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។ 11ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​អុលឡោះ​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ទ្រង់​បាន ក្រៅ​ពី​រស​របស់​អុលឡោះ​នោះ​ឡើយ។
12ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​រស‌អុលឡោះ​ដែល​មក​ពី​អុលឡោះ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ទ្រង់​ប្រោស​ប្រទាន​មក​យើង។ 13យើង​និយាយ​សេចក្ដី​ទាំង​នេះ ដោយ​មិន​ប្រើ​ពាក្យ‌ពេចន៍​ដែល​ប្រាជ្ញា​របស់​មនុស្ស​បង្រៀន​នោះ​ឡើយ គឺ​យើង​ប្រើ​តែ​ពាក្យ​ណា​ដែល​រស‌អុលឡោះ​បង្រៀន ដើម្បី​ពន្យល់​សេចក្ដី​ពិត​ខាង​វិញ្ញាណ​ដល់​មនុស្ស​ដែល​បាន​ទទួល​រស‌អុលឡោះ។ 14រីឯ​មនុស្ស​ដែល​ពុំ​បាន​ទទួល​រស‌អុលឡោះ ក៏​ពុំ​អាច​ទទួល​សេចក្ដី​ណា​ដែល​មក​ពី​រស‌អុលឡោះ​បាន​ដែរ ព្រោះ​គេ​យល់​ថា​សេចក្ដី​ទាំង​នោះ​ជា​រឿង​លេលា ហើយ​គេ​ពុំ​អាច​យល់​បាន​ទេ មាន​តែ​រស‌អុលឡោះ​ប៉ុណ្ណោះ ដែល​ប្រទាន​ឲ្យ​មនុស្ស​យើង​អាច​វិនិច្ឆ័យ​សេចក្ដី​ទាំង​នោះ​បាន។ 15រីឯ​អ្នក​ដែល​បាន​ទទួល​រស‌អុលឡោះ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ 16ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា៖
«តើ​អ្នក​ណា​ស្គាល់​គំនិត​របស់​អុលឡោះ‌តាអាឡា?
តើ​អ្នក​ណា​អាច​ជូន​យោបល់
ទ្រង់​បាន?»។
រីឯ​យើង​វិញ យើង​មាន​គំនិត​របស់​អាល់ម៉ា‌ហ្សៀស​ហើយ។

ទើបបានជ្រើសរើសហើយ៖

១​កូរិន‌ថូស 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល