១កូរិនថូស 16
16
អំពីការរៃប្រាក់ផ្ញើទៅអូម៉ាត់អ៊ីសានៅក្រុងយេរូសាឡឹម
1រីឯការរៃប្រាក់ ផ្ញើទៅជូនបងប្អូននៅយេរូសាឡឹមវិញ សូមបងប្អូនចាត់ចែងដូចខ្ញុំបានផ្ដែផ្ដាំដល់ក្រុមជំអះនានា នៅស្រុកកាឡាទីដែរ 2គឺរាល់ថ្ងៃអាទិត្យ សូមបងប្អូនយកប្រាក់ទុកដោយឡែកនៅផ្ទះឲ្យហើយ តាមតែម្នាក់ៗអាចសន្សំបានមិនបាច់ចាំខ្ញុំមកដល់ ទើបនាំគ្នារៃប្រាក់នោះឡើយ។ 3កាលណាខ្ញុំមកដល់ ខ្ញុំនឹងចាត់អស់អ្នកដែលបងប្អូនជ្រើសរើស ឲ្យយកអំណោយទាននេះទៅក្រុងយេរូសាឡឹម ទាំងកាន់សំបុត្រទៅជាមួយផង។ 4បើយល់ឃើញថាគួរឲ្យខ្ញុំទៅដែរនោះ ពួកគេនឹងធ្វើដំណើរទៅជាមួយខ្ញុំ។
គម្រោងការរបស់លោកប៉ូល
5ពេលណាខ្ញុំបានឆ្លងកាត់ស្រុកម៉ាសេដូនរួចហើយ ខ្ញុំនឹងមកសួរសុខទុក្ខបងប្អូនដែរ (ដ្បិតខ្ញុំត្រូវតែឆ្លងកាត់ស្រុកម៉ាសេដូន)។ 6ប្រហែលជាខ្ញុំនឹងស្នាក់នៅជាមួយបងប្អូន ឬត្រូវនៅជាមួយបងប្អូនក្នុងរដូវរងានេះផង ដើម្បីឲ្យបងប្អូនជួយខ្ញុំក្នុងការបន្ដដំណើរទៅមុខទៀត។ 7លើកនេះ ខ្ញុំមិនចង់មកជួបបងប្អូន ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ ប្រសិនបើអ៊ីសាជាអម្ចាស់អនុញ្ញាតឲ្យ ខ្ញុំសង្ឃឹមថានឹងស្នាក់នៅជាមួយបងប្អូនបានយូរក្រែលបន្ដិច។ 8ក៏ប៉ុន្ដែ ខ្ញុំត្រូវស្នាក់នៅក្រុងអេភេសូនេះ រហូតដល់បុណ្យថ្ងៃទីហាសិប 9ដ្បិតទ្វារបើកចំហយ៉ាងធំ សម្រាប់ឲ្យខ្ញុំបំពេញកិច្ចការនៅទីនោះ ទោះបីមានអ្នកប្រឆាំងច្រើនយ៉ាងណាក៏ដោយ។
10ប្រសិនបើលោកធីម៉ូថេមកដល់ សូមបងប្អូនរាក់ទាក់ទទួលគាត់ កុំឲ្យគាត់ព្រួយបារម្ភក្នុងចំណោមបងប្អូន ដ្បិតគាត់ធ្វើការបម្រើអ៊ីសាជាអម្ចាស់ដូចខ្ញុំដែរ។ 11ហេតុនេះ កុំឲ្យមាននរណាម្នាក់មើលងាយគាត់ឡើយ តែត្រូវជួយជ្រោមជ្រែងគាត់ ឲ្យបន្ដដំណើរទៅដល់កន្លែងខ្ញុំដោយសុខសាន្ដផង ដ្បិតខ្ញុំ និងបងប្អូននៅទីនោះរង់ចាំគាត់។
12រីឯលោកអប៉ូឡូសវិញ ខ្ញុំបានដាស់តឿនគាត់ជារឿយៗឲ្យមកសួរសុខទុក្ខបងប្អូន ទាំងនាំបងប្អូនឯទៀតៗមកជាមួយផង ក៏ប៉ុន្ដែ គាត់ពុំទាន់បានសម្រេចចិត្ដថា នឹងមកក្នុងពេលឆាប់ៗនេះទេ គាត់នឹងអញ្ជើញមក នៅពេលណាឱកាសហុចឲ្យ។
ពាក្យផ្ដែផ្ដាំផ្សេងៗ
13ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និងមានកម្លាំងមាំមួនឡើង។ 14ក្នុងចំណោមបងប្អូន ត្រូវធ្វើគ្រប់កិច្ចការទាំងអស់ ដោយសេចក្ដីស្រឡាញ់។
15បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបម្រើប្រជាជនដ៏បរិសុទ្ធ។ 16ដូច្នេះសូមបងប្អូនគោរពចុះចូលនឹងមនុស្សដ៏ប្រសើរបែបនេះវិញ ព្រមទាំងគោរពអស់អ្នកដែលធ្វើការទាំងនឿយហត់ រួមជាមួយបងប្អូនទាំងនេះដែរ។
17ខ្ញុំសប្បាយចិត្ដ ដោយបានលោកស្ទេផាណាស លោកភ័រទីណាទូស និងលោកអខៃគូសមកទីនេះ។ ខ្ញុំនឹកបងប្អូនទាំងអស់គ្នាខ្លាំងណាស់ តែអ្នកទាំងបីបានធ្វើឲ្យខ្ញុំធូរស្បើយក្នុងចិត្ដ 18ព្រោះគេបានសំរាលទុក្ខខ្ញុំ ដូចគេបានសំរាលទុក្ខបងប្អូនដែរ។ ហេតុនេះ សូមបងប្អូនគោរពមនុស្សដ៏ប្រសើរបែបនេះផង។
19ក្រុមជំអះទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំអះនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងនាមអ៊ីសាជាអម្ចាស់ដែរ។ 20បងប្អូនទាំងអស់គ្នានៅទីនេះ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង។
21ខ្ញុំ ប៉ូល សរសេរពាក្យជម្រាបសួរនេះមកបងប្អូនដោយដៃខ្ញុំផ្ទាល់។ 22បើអ្នកណាមិនស្រឡាញ់អ៊ីសាជាអម្ចាស់ ឲ្យអ្នកនោះត្រូវបណ្ដាសាទៅចុះ! ម៉ារ៉ាណាថា! 23សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាជាអម្ចាស់! 24ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នា ក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 16: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.