១កូរិនថូស 1
1
សេចក្ដីផ្ដើម
1ខ្ញុំ ប៉ូល ជាអ្នកដែលអុលឡោះគាប់ចិត្តត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា ខ្ញុំ និងលោកសូស្ដែន 2សូមជម្រាបមកក្រុមជំអះរបស់អុលឡោះនៅក្រុងកូរិនថូស។ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្របរិសុទ្ធ ព្រមទាំងប្រោសប្រទានឲ្យបានបរិសុទ្ធ ក្នុងអាល់ម៉ាហ្សៀសអ៊ីសា រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកនាមអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ អ៊ីសាជាអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាអម្ចាស់របស់យើងដែរ។ 3សូមអុលឡោះ ជាបិតារបស់យើង និងអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ប្រទានសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដដល់បងប្អូន!។
4ខ្ញុំតែងតែអរគុណអុលឡោះជានិច្ច ព្រោះទ្រង់បានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា។ 5ដោយរួមជាមួយអ៊ីសាបងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងបន្ទូលនៃអុលឡោះ ទាំងខាងការស្គាល់អុលឡោះ។ 6សក្ខីភាពរបស់អាល់ម៉ាហ្សៀសបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។ 7ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់របស់យើងចុះមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះអំណោយទានអ្វីឡើយ។ 8អ៊ីសានឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងមកដល់។ 9អុលឡោះស្មោះត្រង់ ទ្រង់បានត្រាស់ហៅបងប្អូនឲ្យរួមរស់ជាមួយបុត្រារបស់ទ្រង់ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
ការបាក់បែកក្នុងក្រុមជំអះ
10បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងថា ចូរមានចិត្ដគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសំរុងគ្នាទាំងស្រុងដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ 11បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន 12គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់អាល់ម៉ាហ្សៀស!»។ 13តើអាល់ម៉ាហ្សៀសបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ូល? 14ខ្ញុំសូមអរគុណអុលឡោះ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ 15ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។ 16ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថាខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។ 17អាល់ម៉ាហ្សៀសពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺគាត់ចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អវិញ។ ប៉ុន្ដែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការស្លាប់របស់អាល់ម៉ាហ្សៀសនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។
ណាពីអ៊ីសាជាអំណាច និងជាប្រាជ្ញាញាណរបស់អុលឡោះ
18អ្នកដែលត្រូវវិនាសអន្ដរាយ ចាត់ទុកដំណឹងអំពីអាល់ម៉ាហ្សៀសស្លាប់នៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាអំណាចរបស់អុលឡោះ 19ដ្បិតមានចែងទុកមកថាៈ «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ»។
20ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើអុលឡោះបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ 21ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់អុលឡោះ តាមអ្វីៗដែលប្រាជ្ញាញាណរបស់ទ្រង់សំដែងឲ្យគេស្គាល់នោះបានឡើយ ហេតុនេះហើយបានជាអុលឡោះពេញចិត្តសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។ 22សាសន៍យូដាសុំមើលទីសំគាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា 23រីឯយើងវិញ យើងប្រកាសអំពីអាល់ម៉ាហ្សៀសដែលស្លាប់នៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ 24ប៉ុន្ដែ ចំពោះអស់អ្នកដែលអុលឡោះបានត្រាស់ហៅ ទាំងសាសន៍យូដាទាំងសាសន៍ក្រិក គេចាត់ទុកអាល់ម៉ាហ្សៀសថាជាអំណាច និងជាប្រាជ្ញាញាណរបស់អុលឡោះវិញ។ 25អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់អុលឡោះនោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់អុលឡោះ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។
26បងប្អូនអើយ សូមគិតមើលចុះ តើបងប្អូនជាមនុស្សបែបណាបានជាអុលឡោះត្រាស់ហៅ គឺក្នុងចំណោមបងប្អូន ពុំសូវមានអ្នកប្រាជ្ញខាងលោកីយ៍នេះទេ ហើយក៏ពុំសូវមានអ្នកធំ និងអ្នកត្រកូលខ្ពស់ដែរ។ 27ផ្ទុយទៅវិញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាលេលាមកផ្ចាញ់ពួកអ្នកប្រាជ្ញ អុលឡោះបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ 28អុលឡោះបានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗដែលមនុស្សលោក ចាត់ទុកថាថ្លៃថ្នរវិញ។ 29ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះអុលឡោះបានឡើយ 30គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។ 31ដូច្នេះ អ្នកណាចង់អួតអាង ត្រូវអួតអាងអំពីកិច្ចការដែលអុលឡោះជាអម្ចាស់បានធ្វើ ដូចមានចែងទុកមកស្រាប់។
ទើបបានជ្រើសរើសហើយ៖
១កូរិនថូស 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.