រីឯនៅក្នុងគ្រា ដែលពួកចៅហ្វាយកំពុងកាន់កាប់ត្រួតត្រា នោះក៏កើតមានអំណត់អត់នៅក្នុងស្រុក ពេលនោះមានបុរសម្នាក់ជាអ្នកនៅក្រុងបេថ្លេហិម-យូដា គាត់បាននាំទាំងប្រពន្ធ នឹងកូនប្រុសទាំង២នាក់ ទៅស្នាក់នៅឯស្រុកម៉ូអាប់ មនុស្សនោះឈ្មោះអេលីម៉ាលេច ប្រពន្ធឈ្មោះន៉ាអូមី ឯកូនទាំង២ មួយឈ្មោះម៉ាឡូន ហើយ១ឈ្មោះគីលីយ៉ុន សុទ្ធតែជាពួកអេប្រាតា ដែលនៅក្រុងបេថ្លេហិម-យូដា គេក៏ទៅដល់ស្រុកម៉ូអាប់ តាំងទីលំនៅនៅស្រុកនោះ ឯអេលីម៉ាលេច ជាប្ដីន៉ាអូមី គាត់ស្លាប់ទៅ នៅសល់តែនាង ហើយនឹងកូនទាំង២នាក់ កូនទាំង២ក៏យកប្រពន្ធពីពួកក្រមុំស្រីសាសន៍ម៉ូអាប់នោះ នាង១ឈ្មោះអ័រប៉ា ហើយ១ទៀតឈ្មោះនាងរស់ ម៉ាឡូន នឹងគីលីយ៉ុនក៏នៅស្រុកនោះប្រហែលជា១០ឆ្នាំ រួចគេស្លាប់ទៅទាំង២នាក់ នៅសល់តែន៉ាអូមីម្នាក់ឯង ឥតទាំងកូនទាំងប្ដីផង។ ន៉ាអូមី នឹងកូនប្រសាទាំង២ក៏ប្រុងប្រៀប ដើម្បីនឹងចេញពីស្រុកម៉ូអាប់ត្រឡប់វិលទៅវិញ ដ្បិតនៅក្នុងស្រុកម៉ូអាប់នោះ គាត់បានឮថា ព្រះយេហូវ៉ាទ្រង់បានយាងមកប្រោសប្រទានឲ្យរាស្ត្រទ្រង់មានអាហារ ដូច្នេះគាត់ក៏ចេញពីលំនៅខ្លួន នាំទាំងកូនប្រសាស្រីទាំង២ ដើរទៅតាមផ្លូវ ដើម្បីនឹងត្រឡប់ទៅឯស្រុកយូដាវិញ គាត់និយាយទៅកូនប្រសាទាំង២ថា ចូរឯងត្រឡប់ទៅឯផ្ទះម្តាយឯងវិញរៀងខ្លួនចុះ សូមឲ្យព្រះយេហូវ៉ាផ្តល់សេចក្ដីសប្បុរសដល់ឯង ដូចជាឯងបានប្រព្រឹត្តនឹងខ្មោចប្ដីឯង ហើយនឹងអញដែរ សូមឲ្យព្រះយេហូវ៉ាប្រោសមេត្តាឲ្យឯងបានសេចក្ដីស្រាកស្រាន្ត នៅក្នុងផ្ទះរបស់ប្ដី១ទៀតរៀងខ្លួនចុះ រួចគាត់ក៏ថើបនាងទាំង២ ហើយគេឡើងសំឡេងយំទាំងអស់គ្នា តែនាងទាំង២ប្រកែកថា ទេយើងខ្ញុំនឹងទៅនៅក្នុងសាសន៍របស់អ្នកម្តាយ ជាមួយនឹងអ្នកម្តាយដែរ នោះន៉ាអូមីនាងឃាត់ថា ចូរវិលទៅវិញចុះ កូនស្រីអើយ ហេតុអ្វីបានជាចង់តាមអញទៅធ្វើអី តើនៅមានកូនក្នុងពោះអញទៀត ដែលនឹងធ្វើជាប្ដីដល់ឯងបានឬអី ចូរវិលទៅវិញទៅ កូនស្រីអើយ ដ្បិតអញចាស់ហួសកំណត់នឹងយកប្ដីហើយ បើសិនជាអញនិយាយថា អញមានសង្ឃឹមហើយ បើអញមានប្ដីនៅយប់នេះឯង ហើយនឹងបង្កើតបានកូនប្រុស នោះតើឯងនឹងនៅចាំទាល់តែវាធំឡើងឬអី បើយ៉ាងនោះ តើឯងនឹងបង្អង់នៅឥតមានប្ដីឬអី កុំឡើយ កូនស្រីអើយ អញមានចិត្តព្រួយជាខ្លាំង ដោយព្រោះឯង ពីព្រោះព្រះហស្តនៃព្រះយេហូវ៉ាបានលូកមកទាស់នឹងអញហើយ
អាន នាងរស់ 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងរស់ 1:1-13
7 ថ្ងៃ
នាង នាងរស់ ជារឿងស្នេហាដែលឆ្លុះបញ្ចាំងពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង ពិពណ៌នាអំពីទិដ្ឋភាពដ៏វែងឆ្ងាយនៃប្រវត្តិសាស្ត្រ រួមទាំងស្តេចដាវីឌ… និងសូម្បីតែរឿងរ៉ាវរបស់ព្រះយេស៊ូ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមនាងរូថ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ