ទំនុកដំកើង 89

89
សេចក្ដី​បង្រៀន​របស់​អេថាន ជា​ពួក​អេស‌រ៉ាគីត។
1ទូលបង្គំ​នឹង​ច្រៀង​ពី​ព្រះ‌គុណ​នៃ​ព្រះ‌យេហូវ៉ា
ជា​ដរាប
មាត់​ទូលបង្គំ​នឹង​សំដែង​ឲ្យ​ស្គាល់​សេចក្ដី​ស្មោះ‌ត្រង់
របស់​ទ្រង់ រហូត​ដល់​អស់​ទាំង​ដំណ​ត​ទៅ
2ដ្បិត​ទូលបង្គំ​បាន​ពោល​ហើយ ថា
ព្រះ‌គុណ​នឹង​បាន​តាំង​ឡើង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច
ទ្រង់​ក៏​នឹង​តាំង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់
នៅ​លើ​ស្ថាន‌សួគ៌​ផង។
3៙ អញ​បាន​តាំង​សញ្ញា​នឹង​អ្នក​ដែល​អញ​បាន​រើស​តាំង
អញ​បាន​ស្បថ​នឹង​ដាវីឌ​ជា​អ្នក​បំរើ​អញ​ថា
4អញ​នឹង​តាំង​ពូជ‌ពង្ស​ឯង ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច
ក៏​នឹង​ដំកល់​រាជ្យ​ឯង ឲ្យ​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ។ បង្អង់
5៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ផ្ទៃ​មេឃ​នឹង​សរសើរ​ការ​អស្ចារ្យ
របស់​ទ្រង់
ព្រម​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ទ្រង់​ផង
នៅ​ក្នុង​ពួក​ជំនុំ​នៃ​អស់​អ្នក​បរិសុទ្ធ
6ដ្បិត​តើ​មាន​អ្នក​ណា​នៅ​លើ​មេឃ
ដែល​ផ្ទឹម​នឹង​ព្រះ‌យេហូវ៉ា​បាន
ក្នុង​អស់​ពួក​ខ្លាំង​ពូកែ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា
7ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច​ណាស់
នៅ​ក្នុង​ទី​ប្រជុំ​នៃ​អស់​អ្នក​បរិសុទ្ធ
ក៏​គួរ​កោត‌ខ្លាច លើស​ជាង​អស់​អ្នក​នៅ​ជុំវិញ​ទ្រង់​ផង
8ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ
តើ​មាន​អ្នក​ណា​ខ្លាំង​ពូកែ​ដូច​ជា​ទ្រង់
ឱ​ព្រះ‌យេហូវ៉ា​អើយ សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់
ក៏​នៅ​ព័ទ្ធ​ជុំវិញ​ទ្រង់
9ទ្រង់​បង្ក្រាប​ការ​លើក​កំពស់​នៃ​សមុទ្រ
កាល​ណា​រលក​កំរើក​ឡើង
នោះ​ទ្រង់​បន្ទ្រោម​ចុះ ឲ្យ​ស្ងប់​វិញ
10ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាប
ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់
ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅ
ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ
11ផ្ទៃ​មេឃ​ជា​របស់​ផង​ទ្រង់ ព្រម​ទាំង​ផែនដី​ផង
ឯ​លោកីយ នឹង​សព្វ​សារពើ ដែល​នៅ​ក្នុង​លោកីយ
នោះ​គឺ​ទ្រង់​បាន​សង់​ឡើង​ដែរ
12ទ្រង់​បាន​បង្កើត​ទិស​ខាង​ជើង នឹង​ទិស​ខាង​ត្បូង
ឯ​ភ្នំ​តាបោរ នឹង​ភ្នំ​ហ៊ើម៉ូន
នោះ​ក៏​បាន​រីក‌រាយ​ចំពោះ​ព្រះ‌នាម​ទ្រង់
13ទ្រង់​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ទ្រង់​មាន​ឫទ្ធិ​ខ្លាំង
ព្រះ‌ហស្ត​ស្តាំ​ទ្រង់​ក៏​ខ្ពស់​ណាស់
14សេចក្ដី​សុចរិត នឹង​សេចក្ដី​យុត្តិ‌ធម៌
ជា​ជើង​ថ្កល់​នៃ​បល្ល័ង្ក​ទ្រង់
សេចក្ដី​សប្បុរស នឹង​សេចក្ដី​ពិត​ត្រង់ ដើរ​នាំ​មុខ​ទ្រង់
15មាន​ពរ​ហើយ សាសន៍​ណា​ដែល​ស្គាល់​សំឡេង
រីក‌រាយ​នោះ
ឱ​ព្រះ‌យេហូវ៉ា​អើយ គេ​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់
16គេ​មាន​ចិត្ត​រីក‌រាយ ដោយ​ព្រះ‌នាម​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ
ហើយ​គេ​បាន​ដំកើង​ឡើង
ដោយ​សេចក្ដី​សុចរិត​របស់​ទ្រង់
17ដ្បិត​ទ្រង់​ជា​សិរី‌ល្អ​នៃ​កំឡាំង​គេ
ហើយ​ទ្រង់​នឹង​លើក​អំណាច​យើង​ខ្ញុំ​ឡើង​ដោយ​ព្រះ‌គុណ
18ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ខែល​របស់​យើង​ខ្ញុំ
ហើយ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល
ទ្រង់​ជា​មហា‌ក្សត្រ​នៃ​យើង​ខ្ញុំ។
19៙ គ្រា​នោះ ទ្រង់​មាន​បន្ទូល​ដល់​អ្នក​បរិសុទ្ធ​ទ្រង់
ដោយ​ការ​ជាក់​ស្តែង​ថា
អញ​បាន​បន្ថែម​សេចក្ដី​ជំនួយ​ដល់​អ្នក​១​ដែល​ខ្លាំង​ពូកែ
អញ​បាន​រើស​យក​អ្នក​មួយ​ចេញ​ពី​រាស្ត្រ​តាំង​ឡើង​ហើយ
20គឺ​អញ​បាន​រក​ឃើញ​ដាវីឌ ជា​អ្នក​បំរើ​អញ
ក៏​បាន​ចាក់​ប្រេង​តាំង​ឡើង ដោយ​ប្រេង​បរិសុទ្ធ​របស់​អញ
21ដៃ​អញ​នឹង​ទប់‌ទល់ ឯ​ដើម​ដៃ​អញ នឹង​ចំរើន​កំឡាំង​ឲ្យ
22ពួក​ខ្មាំង​សត្រូវ​នឹង​មិន​ដែល​ទារ​អាករ
ហើយ​ពួក​មនុស្ស​អាក្រក់​ក៏​មិន​ដែល​សង្កត់‌សង្កិន​ឡើយ
23អញ​នឹង​វាយ​ពួក​តតាំង​នឹង​ដាវីឌ ឲ្យ​ដួល​នៅ​ចំពោះ​មុខ
ហើយ​នឹង​វាយ​អស់​អ្នក​ដែល​ស្អប់​ផង​ដែរ
24សេចក្ដី​ស្មោះ‌ត្រង់ នឹង​សេចក្ដី​សប្បុរស​របស់​អញ
នឹង​នៅ​ជា​មួយ
ហើយ​អំណាច​របស់​ដាវីឌ​នឹង​បាន​ដំកើង​ឡើង
ដោយ​ឈ្មោះ​អញ
25អញ​នឹង​តាំង​ឲ្យ​មាន​អំណាច​នៅ​លើ​សមុទ្រ
ហើយ​ឲ្យ​ដៃ​ស្តាំ​បាន​គ្រប់‌គ្រង​លើ​អស់​ទាំង​ទន្លេ
26ដាវីឌ​នឹង​អំពាវ‌នាវ​ដល់​អញ​ថា
ទ្រង់​ជា​ព្រះវរ‌បិតា​នៃ​ទូលបង្គំ
គឺ​ជា​ព្រះ​នៃ​ទូលបង្គំ ហើយ​ជា​ថ្មដា​ដ៏​ជួយ​សង្គ្រោះ
ទូលបង្គំ​ផង
27ឯ​អញៗ​នឹង​តាំង​ឡើង ឲ្យ​ធ្វើ​ជា​កូន​ច្បង​របស់​អញ
គឺ​ជា​មហា‌ក្សត្រ​យ៉ាង​ខ្ពស់​បំផុត​នៅ​ផែនដី
28អញ​នឹង​បំរុង​ទុក​សេចក្ដី​សប្បុរស​របស់​អញ
សំរាប់​ដាវីឌ​នៅ​អស់‌កល្ប‌ជានិច្ច
ហើយ​សេចក្ដី​សញ្ញា​របស់​អញ​នឹង​នៅ​ជាប់​ជា​មួយ
29អញ​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​ដាវីឌ​នៅ​ជាប់​ជា​ដរាប
ហើយ​ឲ្យ​រាជ្យ​បាន​នៅ​អស់​កាល​ដែល​ផ្ទៃ​មេឃ
មាន​នៅ​ផង
30បើ​កូន​ចៅ​របស់​ដាវីឌ​បោះ‌បង់​ចោល​ច្បាប់​អញ
ឥត​ប្រតិ‌បត្តិ​តាម​បញ្ញត្ត​អញ
31បើ​គេ​ក្បត់​ក្រិត្យ‌ក្រម​របស់​អញ
ឥត​រក្សា​សេចក្ដី​បង្គាប់​ឡើយ
32នោះ​អញ​នឹង​ធ្វើ​ទោស​ចំពោះ​ការ​រំលង​របស់​គេ
ដោយ​ដំបង
ហើយ​ចំពោះ​ការ​ទុច្ចរិត​របស់​គេ​ដោយ​ស្នាម​រំពាត់។
33៙ ប៉ុន្តែអញ​នឹង​មិន​ដក​សេចក្ដី​សប្បុរស​របស់​អញ​ចេញ
ពី​ដាវីឌ​ឡើយ
ក៏​មិន​ឲ្យ​សេចក្ដី​ស្មោះ‌ត្រង់​របស់​អញ​ខាត​ខាន​ដែរ
34អញ​នឹង​មិន​ក្បត់​សេចក្ដី​សញ្ញា​របស់​អញ
ឬ​បំផ្លាស់​បំប្រែ​សេចក្ដី​ដែល​បាន​ចេញ​ពី​បបូរ​មាត់​អញ​ឡើយ
35អញ​បាន​ស្បថ​ម្តង​ហើយ ដោយ​នូវ​សេចក្ដី​បរិសុទ្ធ
របស់​អញ ថា
អញ​មិន​ព្រម​ពោល​កុហក​ដល់​ដាវីឌ​ឡើយ
36ពូជ‌ពង្ស​ដាវីឌ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​រៀង‌រាប​ដរាប
ហើយ​រាជ្យ​នឹង​ជាប់​នៅ​ចំពោះ​អញ​ដូច​ជា​ព្រះ‌អាទិត្យ​ដែរ
37រាជ្យ​នោះ​នឹង​បាន​តាំង​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច
ដូច​ជា​ព្រះ‌ចន្ទ
គឺ​ដូច​ជា​ទី​សំគាល់​ស្មោះ‌ត្រង់​ដែល​នៅ​លើ​មេឃ។ បង្អង់
38៙ ប៉ុន្តែទ្រង់​បាន​បោះ‌បង់​ចោល ហើយ​បណ្តេញ​ទៅ
ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អ្នក​ដែល​ទ្រង់​ចាក់​ប្រេង​តាំង​ឲ្យ
39ទ្រង់​បាន​លើក​ចោល​សេចក្ដី​សញ្ញា​នៃ​អ្នក​បំរើ​ទ្រង់
ក៏​បាន​បង្អាប់​មកុដ ដោយ​បោះ​ចុះ​ទៅ​ដី
40ទ្រង់​បាន​រំលំ​របង​ចេញ
ហើយ​បាន​បំផ្លាញ​ទី​មាំ‌មួន​អស់​រលីង
41អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​ក៏​ប្លន់
អ្នក​បំរើ​ទ្រង់​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះដៀល
ដល់​ពួក​អ្នក​ជិត​ខាង
42ទ្រង់​បាន​លើក​ដៃ​ស្តាំ​នៃ​ពួក​តតាំង​ឡើង
ក៏​បាន​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មាន​សេចក្ដី​រីក‌រាយ​សាទរ
43ទ្រង់​បាន​ធ្វើ​ឲ្យ​មុខ​ដាវ​ត្រឡប់​មក​វិញ
ហើយ​មិន​បាន​ឲ្យ​អ្នក​បំរើ​ទ្រង់
ឈរ​មាំ​នៅ​ក្នុង​ទី​ចំបាំង​ឡើយ
44ទ្រង់​បាន​ផ្តាច់​សេចក្ដី​រុងរឿង​ចេញ
ព្រម​ទាំង​ទំលាក់​បល្ល័ង្ក​ទៅ​ដី
45ទ្រង់​បាន​បំព្រួញ​វ័យ​ក្មេង​របស់​អ្នក​បំរើ​ទ្រង់​ឲ្យ​រួញ​ជា​ខ្លី
ហើយ​បាន​បង្គ្រប ដោយ​សេចក្ដី​ខ្មាស​ផង។ –បង្អង់
46៙ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៅ
តើ​ទ្រង់​នឹង​ពួន​អង្គ​ទ្រង់​នៅ​ជានិច្ច​ឬ
សេចក្ដី​ក្រោធ​របស់​ទ្រង់​នឹង​ឆួល‌ឆេះ​ដូច​ជា​ភ្លើង
ដល់​កាល​ណា​ទៀត
47ឱ​សូម​ទ្រង់​នឹក​ចាំ​ពី​អាយុ​ទូលបង្គំ ដែល​ខ្លី​ម៉្លេះ​នេះ
ហើយ​ពី​ជីវិត​នៃ​អស់​ទាំង​មនុស្ស​ជាតិ
ដែល​ឥត​ប្រយោជន៍​ជា​យ៉ាង​ណា
48តើ​មាន​មនុស្ស​ឯ​ណា ដែល​នឹង​រស់​នៅ​ឥត​ឃើញ
សេចក្ដី​ស្លាប់​ឡើយ
ឬ​ដែល​ដោះ​ព្រលឹង​ខ្លួន ឲ្យ​រួច​ពី​អំណាច​នៃ​ស្ថាន
ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទៅ​បាន។ –បង្អង់
49៙ ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សេចក្ដី​សប្បុរស
ដែល​ទ្រង់​ប្រោស​កាល​ពី​ដើម
ជា​សេចក្ដី​ដែល​ទ្រង់​បាន​ស្បថ​ដល់​ដាវីឌ
ដោយ​សេចក្ដី​ស្មោះ‌ត្រង់​របស់​ទ្រង់​នោះ
ឥឡូវ​នេះតើ​នៅ​ឯ​ណា
50ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​នឹក​ចាំ​ពី​សេចក្ដី​ដែល
គេ​ត្មះ‌តិះដៀល​ដល់​ពួក​អ្នក​បំរើ​ទ្រង់
ហើយ​ពី​ទូលបង្គំ​ទ្រាំ​រង​សេចក្ដី​ដំនៀល​របស់​បណ្តាជន
ទាំង‌ឡាយ​នៅ​ក្នុង​ទ្រូង​ផង
51ឱ​ព្រះ‌យេហូវ៉ា​អើយ
ពួក​ខ្មាំង​បាន​យក​សេចក្ដី​ដំនៀល​នោះ​ឯង
មក​ត្មះ‌តិះដៀល​ដល់​ទូលបង្គំ​ដែរ
គឺ​គេ​បាន​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​ជំហាន​នៃ​អ្នក
ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ។
52៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ
នៅ​អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 89: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ